លោកតា Gene Wilder តារា​សម្តែង​ល្បីឈ្មោះ​ជនជាតិ​អា​មេ​រិ​ក​ស្លាប់​ហើយ

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកតា Gene Wilder តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក អាយុ​៨៣​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​នៅផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​ស្តេ​ម​ហ្វ៊័​ត កាលពី​ថ្ងៃ​ទី​២៩ សីហា ២០១៦ ខណៈ​មានការ​យាយី​ពី​ជំងឺ​បាត់បង់​ការ​ចង​ចាំ​ក្នុង​រយៈពេល​យូរ ។

លោកតា Gene Wilder ចាប់កំណើត​នៅ​ថ្ងៃ​ទី​១១ មិថុនា ១៩៣៣ នៅ​ក្រុង​មី​ល​វ៉ូ​គី រដ្ឋ​វី​ស​ស្តុ​ន​ស៊ី​ន សហរដ្ឋអាមេរិក និង​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ «​អាយ​អូ​វ៉ា​» ក៏​សម្រេចចិត្ត​ចូល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​សម្តែង​ក្នុង​អាយុ​២៦​ឆ្នាំ ។

ស្នាដៃ​ដំបូង​របស់​លោកតា Gene Wilder គឺ​ដើរតួ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់ពង្រត់​ក្នុង​ខ្សែភាពយន្ត​រឿង «Bonnie and Clyde» កាលពី​ឆ្នាំ​១៩៦៧ និង​មួយ​ឆ្នាំ​ក្រោយមក​ដើរតួ​ជា «Leo Bloom» ក្នុង​ភាពយន្ត​រឿង «The Producers» ។ ក្នុង​ភាពយន្ត​នោះ លោកតា Wilder បាន​ទទួល​ពានរង្វាន់ «Oscar» ជា​តារា​សម្តែង​ឆ្នើម ។

ស្នាដៃ​ដែល​បង្កើត​កេរ្តិ៍ឈ្មោះ និង​ធ្វើ​ឱ្យ​លោកតា Wilder ត្រូវ​គេ​ស្គាល់ និង​ចង​ចាំ​បំផុត គឺ​ដើរតួ​ជា «Willy Wonka» ដែល​មាន​អាថ៌​កំបាំង​វក់វី​តែ​លើ​រឿង​នំ និង​ជា​ម្ចាស់​ហាង​រោងចក្រ​ស្ករ​សូកូឡា ៕