អាស៊ាន​ដាក់​ដំណើរការ​ផែនការ​ការងារ​៥​ឆ្នាំ​ថ្មី​ឲ្យ​កម្ពុជា

ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ពី​ថ្ងៃ​ទី​៦ ដល់​ទី​៩ ខែ​កញ្ញា ២០១៦ ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ កំពុង​ជជែក និង​សម្រេច​ទៅ​លើ​បញ្ហា​ជា​ច្រើន​ដែល​កើត​មាន​ក្នុង​តំបន់។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ជំនួប​ប្រជុំ​នោះ សមាជិក​ទាំង​១០ របស់​អាស៊ាន សម្រេច​ចិត្ត​ដាក់​ដំណើរការ​ផែនការ​ការងារ​មួយ​សម្រាប់​ជួយ​ប្រទេស​សមាជិក​ក្រីក្រ​ជាង​គេ ៤​ប្រទេស ដែល​ក្នុង​នោះ​មាន​កម្ពុជា ផង។

«សំឡេង​សន្ទរកថា​ជា​ភាសា​ឡាវ»៖ នេះ​ជា​សំឡេង​របស់​នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ជា​ផ្លូវការ​នូវ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​លើក​ទី​២៨-​២៩ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។

កិច្ចប្រជុំ​កំពូល​នេះ គឺ​ជា​កិច្ចប្រជុំ​កំពូល​ទី​មួយ​ហើយ បន្ទាប់​ពី​ការ​បង្កើត​ជា​ផ្លូវការ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ។ ថ្នាក់ដឹកនាំ​កំពូល​ពី​បណ្ដា​ប្រទេស​អាស៊ាន និង​ដៃគូ​សំខាន់ៗ ដូចជា ចិន អាមេរិក ជប៉ុន ចូលរួម​ជជែក​ពិភាក្សា និង​សម្រេច​ចិត្ត​រួមគ្នា​រយៈពេល ៣​ថ្ងៃ លើ​បញ្ហា​ផ្សេងៗ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​អាស៊ាន ២០២៥ ដែល​មាន​គោលដៅ ឬ​សសរស្ដម្ភ​បី ដូចជា​ភាព​ស្រប​គ្នា​នៃ​នយោបាយ (APSC) ភាព​ផ្សារភ្ជាប់​នៃ​សេដ្ឋកិច្ច (AEC) និង​ទំនួល​ខុសត្រូវ​សង្គម (ASCC)។

ការ​សម្រេច​មួយ​ដែល​ថ្នាក់ដឹកនាំ​អាស៊ាន បាន​ឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺ​ការ​ដាក់​ឲ្យ​ដំណើរការ​ផែនការ​ការងារ ៥​ឆ្នាំ ឈ្មោះ​ថា "ការ​ផ្ដួចផ្ដើម​គំនិត​សមាហរណកម្ម​អាស៊ាន" (Initiative for ASEAN Integration) សម្រាប់​ជួយ​ប្រទេស​កូន​ពៅ​អាស៊ាន រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម កុំ​ឲ្យ​អភិវឌ្ឍ​ក្រោយ​គេ​ពេក ព្រោះ​ប្រទេស​ទាំង ៤​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​តំបន់។

ផែនការ​ការងារ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​លើក​ទី​មួយ​នៅ​ឆ្នាំ​២០០២ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៩។ ផែនការ​លើក​ទី​៣ ត្រូវ​គេ​រំពឹង​ទុក​ថា នឹង​ចាប់​ដំណើរការ​ឆាប់ៗ​នេះ ហើយ​ផ្ដោត​លើ​គោលដៅ​អភិវឌ្ឍន៍​សំខាន់ៗ ដូចជា កសិកម្ម ពាណិជ្ជកម្ម ការ​អប់រំ សុខភាព និង​សហគ្រាស​មីក្រូ​ធុន​តូច និង​មធ្យម។

ខ្លឹមសារ​របស់​ផែនការ​ការងារ​ជាង ៦០​ទំព័រ​នេះ បញ្ជាក់​ថា ទោះបីជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​បាន​រៀបចំ​ផែនការ​ជាក់ច្បាស់​យ៉ាង​នេះ​ក៏ដោយ ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត គឺ​ស្ថិត​លើ​រដ្ឋាភិបាល​ប្រទេស​ទាំង ៤ ស្ទើរ​តែ​ទាំងស្រុង ជាពិសេស​ទៅ​លើ​អភិបាលកិច្ច ការ​រៀបចំ​ធនធាន​មនុស្ស និង​ការ​ស្វះស្វែង​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង ៤ ក្នុង​ការ​សហការ​ជាមួយ​ប្រទេស​ដៃគូ។

ដោយសារតែ​រឿង​នេះ​ហើយ បាន​ជា​ការ​អនុវត្ត​ផែនការ​ការងារ​របស់​អាស៊ាន តែង​ជួប​ការ​លំបាក។ ឧទាហរណ៍​ជាក់ស្ដែង​គឺ​ផែនការ​ការងារ​លើក​ទី​២ នៅ​ឆ្នាំ​២០០៩ បាន​ដាក់​ចេញ​គម្រោង​រហូត​ដល់ ២៨០ ប៉ុន្តែ​មាន​គម្រោង​មិន​ដល់​ពាក់កណ្ដាល​ផង ដែល​បាន​យក​មក​អនុវត្ត​ចេញ​ជា​ផ្លែផ្កា។

លោក​បណ្ឌិត មាស នី អ្នក​វិភាគ​សង្គម​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ស្ថានភាព​នយោបាយ​របស់​កម្ពុជា បច្ចុប្បន្ន មិន​ទាន់​មាន​ស្ថិរភាព​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​គម្រោង​អភិវឌ្ឍន៍​ទាំង​នេះ​ដំណើរការ​ទៅ​ដោយ​ស្រួល​នៅ​ឡើយ ប៉ុន្តែ​លោក​ជឿ​ជាក់​ថា ផែនការ​ការងារ​របស់​អាស៊ាន​នេះ នៅ​តែ​មាន​សារសំខាន់៖ «ខ្ញុំ​គិត​ថា ការ​ជួយ​របស់​សហគមន៍​អាស៊ាន​នេះ ជា​ផ្នែក​មួយ​ជួយ​ឲ្យ​សមាជិក​ដើរ​ទៅ​ស្រុះ​ជើង​គ្នា ជា​ពិសេស​សេដ្ឋកិច្ច។ បើ​ប្រទេស​ក្រីក្រ​យើង​ដើរ​មិន​ទាន់​គេ សាមគ្គី ឬ​ឯកភាព​អាស៊ាន​នោះ​មិន​អាច​ទៅ​រួច​ទេ បើ​ប្រទេស​ខ្លះ​ក្រ ប្រទេស​ខ្លះ​មាន»

គិត​មក​ដល់​ថ្ងៃ​៧ កញ្ញា ក្រៅ​ពី​ការ​ឯកភាព​ទទួល​យក​ផែនការ​ការងារ​ទី​៣ ស្ដីពី​ការ​ផ្ដួចផ្ដើម​គំនិត​សមាហរណកម្ម​អាស៊ាន ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​ទាំង​ដប់ ក៏​បាន​ធ្វើការ​សម្រេច​ជា​ឯកច្ឆន្ទ​លើ​រឿង​ផ្សេង​ទៀត ដូចជា សេចក្ដី​ប្រកាស​រួម​ផ្នែក​សន្តិសុខ​តំបន់ ហៅ​ថា អាស៊ាន​មួយ ការ​ឆ្លើយ​តប​មួយ​ទៅ​នឹង​គ្រោះ​មហន្តរាយ។  លើស​ពី​នេះ​ទៀត ថ្នាក់ដឹកនាំ​ទាំង​១០ ក៏​បាន​ឯកភាព​គ្នា​ទទួល​ផែនការ​ទេសចរណ៍ ហៅ​ថា ផែនការមេ​សម្រាប់​ភាព​ត​ភ្ជាប់​នៃ​អាស៊ាន ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។