ខណៈ​នេះ ពលរដ្ឋ​២​ភូមិ​កំពុង​តវ៉ា​ទាមទារ​ជួប​លោក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​មក​ពី​ភូមិ​ព្រែក​តា​គង់​១ និង​ភូមិ​ខ្វា បាន​នាំ​គ្នា​កាន់​បដា ស្រែក​តវ៉ា ទាមទារ​ជួប​លោក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើការ​តវ៉ា​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មក​តវ៉ា​នេះ​គឺ​ទាមទារ​ជួប​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ព្រោះថា​ពួក​គាត់​បាន​ដាក់​ញាតិ តែ​គ្មាន​ដំណោះស្រាយ​ទាល់តែ​សោះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​ពួក​គាត់​ទាំង​២​ភូមិ មាន​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ និង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដីធ្លី ING ហើយ​ពួក​គាត់​បាន​ដាក់​ញត្តិ​ទាមទារ​រក​ដំណោះស្រាយ​ចំនួន​៣​លើក​ហើយ តែ​គ្មាន​ដំណោះស្រាយ​ទាល់តែ​សោះ ដូច្នេះ​ហើយ​ទើប​ធ្វើការ​ទាមទារ​ជួប​លោក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ដើម្បី​សំណូមពរ ១-​ឆ្វៀល​ដី​ភូមិ​របស់​ពួក​គាត់​ចេញពី​ដី​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ING និង ២-​សុំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ឲ្យ​ពួក​គាត់ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​កំពុងធ្វើការ​តវ៉ា​នោះ ខាង​ក្រសួង​បាន​ហៅ​តំណាង​ពលរដ្ឋ​ចូល​ទៅ​ក្នុង​ក្រសួង​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ដែរ តែ​ពួក​គាត់​មិន​ព្រម​ចូល​ទេ ពោល​គឺ​ពួក​គាត់​ទាមទារ​ជួប​លោក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា តែ​ម្នាក់​គត់ ព្រោះ​ពួក​គាត់​បាន​ដាក់​ញាតិ​៣​ដង​ហើយ ហើយ​ប្រហែលជា​មិន​បាន​ដល់​ដៃ​លោក​រដ្ឋមន្ត្រី​ទេ បានជា​រហូត​មក​ដល់​ពេល​នេះ​គ្មាន​ដំណោះស្រាយ​អ្វី​សូ​ម្បី​តែ​បន្តិច ៕