កម្លាំង​នគរបាល​ក្រុង​បាន​លុង បង្ក្រាប​រថយន្ត​ដឹកឈើ​ធ្វើឡើង​តាមរបៀប​លេងសើច​

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ហើយ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង និង​ផ្លូវជាតិ​លេខ​៧៨​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា យូរៗ​ម្តង​ពួកគាត់​បានឃើញ​កម្លាំង​នគរបាល​ក្រុង​បាន​លុង បង្ក្រាប​រថយន្ត​ដឹកឈើ​ប៉ុន្តែ​ការបង្ក្រាប​នោះ ធ្វើឡើង​តាមរបៀប​លេងសើច​ទៅវិញ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ក្រោម​ការដឹកនាំ​របស់​លោក ងិន ណែ​ល បាន​ចាប់​រថយន្ត​សាំ​យ៉ុង​ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2N-2491 ដែល​ដឹកឈើ​ប្រណីត​ជាច្រើន​ដុំ​ហើយ​បញ្ជូនទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​ដោះស្រាយ​។ ក៏ប៉ុន្តែ​នៅវេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៦ ពេល​បញ្ជូន​រថយន្ត​នោះ​ទៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​លុង ហើយ​បើក​គូថ​ក្រោយ​គឺ​ឃើញ​មាន​ឈើ​ប្រណីត​តែ​ប៉ុន្មាន​ដុំ​ប៉ុណ្ណោះ​។ ចំណែក​ឈើ​ជាច្រើន​ទៀត​មិនដឹងថា​ទៅណា​អស់​ឡើយ ទោះជា​យ៉ាងណា​អ្វីៗ​ជាការ​ទទួលខុសត្រូវ​របស់​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដែល​បង្ក្រាប​បទល្មើស​តាមរបៀប​លេងសើច​។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង បាន​រិះគន់ថា​កន្លងមក​បទ​ល្មើស​ផ្សេងៗ​ជាពិសេស​ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​មិនសូវ​ឃើញ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ក្រោម​ការគ្រប់គ្រង​រប​ស់លោក ងិន ណែ​ល ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​០៦ ខែកញ្ញា កម្លាំង​នគរបាល​ក្រុង​បាន​លុង បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដែល​ដឹកឈើ​ប្រណីត​ពេញ ស្រាប់តែ​ព្រឹក​ឡើង​នៅសល់​ឈើ​តែ​ប៉ុន្មាន​ដុំ​ទៅវិញ​។ ជាងនេះទៅទៀត​នៅក្នុង​ក្រុង​បាន​លុង មាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ ល្បែងស៊ីសង​គ្រប់​ប្រភេទ ព្រមទាំង​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក ងិន ណែ​ល អធិការនគរបាល​ក្រុង​បាន​លុង ពុំមាន​សមត្ថភាព​ក្នុងការ​បង្ក្រាប​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឡើយ​៕

car-chhermy-500x376 car-chermy1-500x376