លោក អេង ឆៃអ៊ាង បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ការតស៊ូ​ផ្នែក​នយោបាយ​

​តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ជាថ្មី​ម្តងទៀត​បានបញ្ជាក់​នៅថ្ងៃនេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ការតស៊ូ​ផ្នែក​នយោបាយ​ដដែល​ហើយ​ការតស៊ូ​នេះ​មិន​ត្រឹមតែ​តស៊ូ​ទាមទារ​ភាពយុត្តិធម៌​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ តែ​ក៏​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ​។ លោក អេង ឆៃអ៊ាង ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គប្បី​បន្ត​ការតស៊ូ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ភាពយុត្តិធម៌ ព្រោះ​យុត្តិធម៌​មិនអាច​ទទួលបាន​ដោយ​ងាយៗ​ឡើយ បើ​យើង​មិន​ទាមទារ​ដោយ​ស្វិតស្វាញ ។​

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ទទួលយកបាន​ចំពោះ​នីតិវិធី​របស់​តុលា​ការដែល​បានធ្វើ​មកលើ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែលមាន​ទាំង​លោក អ៊ុំ សំអាន ពិសេស​នីតិវិធី​ជំនុំជម្រះ​លើ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​តុលាការ​គ្រោង​នឹង​បើកសវនាការ​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦​។ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ស្ថាប័ន​របស់​រដ្ឋ​ដើម្បី​គាបសង្កត់​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ប៉ះពាល់​ខ្លាំង​ដល់​លទ្ធិប្រជាធិបតេយ្យ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅតែ​បន្ត​ការតស៊ូ​នយោបាយ​ក្នុងប្រទេស និង​នយោបាយ​ការបរទេស ដើម្បី​ទាមទារ​ភាពយុត្តិធម៌ ពិសេស​ធានា​ដល់​ស្ថិរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ​ដើម្បី​ជំរុញ​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅបាន​រលូន និង​មាន​ភាពយុត្តិធម៌​។ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា​គណ​បក្ស​សង្គ្រោះ​ជាតិ​ចង់​បានតែ​សិទ្ធិសេរីភាព​ពេញលេញ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ស្របតាម​គោលការណ៍​ច្បាប់ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​បាន​ដោយ​រលូន និង​មាន​ភាពយុត្តិធម៌ ហើយ​សេចក្តីសុខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជា​សេចក្តីសុខ​របស់​ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវនាវ​ដល់​តុលាការ​គប្បី​បញ្ឈប់​សកម្មភាព​ប្រឆាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បើ​តុលា​ការមិន​បញ្ឈប់ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ការតស៊ូ​នយោបាយ​ដូចដែល​ផែនការ​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​នាពេល​កន្លងមក​ផ្តោត​សំខាន់​លើ​ការជួប​ជុំគ្នា​តស៊ូ​មតិ ដើម្បី​ចង់បាន​ដំណោះស្រាយ​នយោបាយ និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា​៕

13442204_1118525501524390_1746027695646428026_n