ទេសរដ្ឋមន្ដ្រី មិន ឃិន ទទួលមរណភាពនៅមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ

ប្រភពពីមន្ដ្រីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ឯកឧត្តម មិន ឃិន អតីតរដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ដែលបច្ចុប្បន្នជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពហើយក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ វេលាព្រឹកនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

ឯកឧត្តម មិន ឃិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ទទួលបានការតែងតាំងជារដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ និងបន្ទាប់មក ទទួលបានការតែងតាំងជាទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ។

ចាប់តាំងពីពេលទទួលបានការតែងតាំងតំណែងថ្មីជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេសមក ឯកឧត្តម មិន ឃិន ក៏ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ហើយចាកចេញទៅព្យាបាលនៅបរទេស តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក ទើបពេលនេះក៏ទទួលមរណភាពនៅមន្ទីរពេទ្យ ៕

Related