មិន ឃិន អតីត​រដ្ឋមន្ត្រីធម្មការ បាន​ទទួល​មរណភាព

លោក មិន ឃិន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីធម្មការ បានទទួលមរណភាព នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ នៅឯមន្ទីរពេទ្យមួយ នារាជធានីបាងកក ប្រទេសថៃ ដោយរោគាពាធ។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។
មិន ឃិន អតីត​រដ្ឋមន្ត្រីធម្មការ បាន​ទទួល​មរណភាព

លោក មិន ឃិន អតីតរដ្ឋមន្ត្រីធម្មការ ដែលប្តូរទៅជាទេសរដ្ឋមន្ត្រី។ (រូបថតលើហ្វេសប៊ុក)

មុនពេលទទួលមរណភាព លោកទេសរដ្ឋមន្ត្រី មិន ឃិន មានអាយុ៧៨ឆ្នាំ។ សមាជិកគណៈកម្មាធិការ​កណ្ដាល នៃគណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បានធ្លាក់ខ្លួនឈឺ ជា​បន្ត​បន្ទាប់ ក្រោយពីមានការរុះរើគណរដ្ឋមន្ត្រី កាល​ពី​ប៉ុន្មាន​ខែ​មុន។

លោក មិន ឃិន  បានលាចាកលោកទៅ នៅវេលាម៉ោងប្រមាណជា ៧ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុង​មន្ទីរ​ពេទ្យ​មួយ នារាជធានីបាងកក ប្រទេសថៃ។ នេះ បើតាមការអះអាង របស់លោក សុះ​ មុះសិន​ អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ និងសាសនា។

នៅក្នុងព្រឹត្តិការណ៍រើរុះគណរដ្ឋមន្ត្រី លោក មិន ឃិន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវបាន​ប្ដូរ​ឲ្យ​ទៅ​កាន់​តំណែងថ្មី ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស។ ពីពេលនោះមកម្ដងម្កាល គេឃើញ​លោក ចេញ​ទៅ​ធ្វើការ​តំណាង ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចុះទៅចែកអំណោយ ឬជួបសំណេះ​សំណាល អ្វី​ផ្សេងៗ។

មន្ត្រីក្រសួង​ធម្មការ បាន​ឲ្យដឹងថា លោក មិន ឃិន មាន​ជំងឺមហារីក​សួត តាំងពី​លោកនៅ​ ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​មកម្លេះ។ មន្ត្រីដដែលនោះ ក៏បានអះអាងដែរថា ​សពលោក មិន ឃិន នឹងត្រូវ​បញ្ជូនមក​កម្ពុជា​ នៅ​ក្នុងថ្ងៃ​​នេះ​។