អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា សម រង្ស៊ី នៅ​តែ​មុខ​ក្រាស់

បើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និយាយពីកីឡាប្រដាល់ ហើយថាគូប្រកួតគួរតែមានកម្លាំង និង​មាឌ​ប្រហាក់​ប្រហែល​គ្នា រវាងលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ខាងលោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ឯ​ណេះ ក៏បានវាយបកត្រឡប់ទៅវិញដែរថា លោក សម រង្ស៊ី ជាកីឡាករ​«មុខ​ក្រាស់» ប្រកួត​ចាញ់​គេ​ជា​ច្រើន​ដង មិនចេះខ្មាសគេ នៅតែសុំគេប្រកួតទៀត។
អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា សម រង្ស៊ី នៅ​តែ​មុខ​ក្រាស់

លោក សម រង្ស៊ី អោនទៅខ្សិបខ្សៀវ ជាមួយលោក ហ៊ុន សែន ក្នុងរដ្ឋសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សង្គ្រាមពាក្យសំដី ដែលនៅតភាគ មិនចេះចប់! បើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តែង​លើក​មក​និយាយ ពីការប្រកួត នៅក្នុងកីឡាប្រដាល់ ដែលត្រូវមានកីឡាករទាំងសងខាង ស្មើមាឌ​ស្មើ​កម្លាំង​គ្នា​នោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជាវិញ ក៏បានលើកយកការប្រកួតកីឡានេះ មក​ថ្លែង​វាយ​បក ទៅប្រធានគណបក្សប្រឆាំងដូចគ្នា។

ថ្លែងទៅកាន់ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក លោក សុខ ឥសាន បានហៅលោក សម រង្ស៊ី ថាជាកីឡាករ​«មុខ​ក្រាស់» ដែល​ប្រកួតចាញ់គេ​ជាច្រើនដង់ នៅតែមានមុខ«ខ្លាញ់» សុំឡើងមកប្រកួត​​ម្ដងហើយម្ដងទៀត។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច បានលើកយកក្បួនប្រកួត នៅក្នុងកីឡាប្រដាល់ មកថ្លែងឡើងថា៖ «តាម​ធម្មតា ក្នុងកីទ្បាប្រដាល់ កីទ្បាករណាប្រកួតចាញ់មួយដង គេអាចអនុញ្ញត​ឲ្យវាយសងសឹក​មួយប្រកួត បើ​នៅ​តែ​ចាញ់​ទៀត គេឈប់ឲ្យប្រកួត​ទៀតហើយ ទោះបីសាម៉ីខ្លួន ចង់ឡើង​ប្រកួតទៀតក៏ដោយ»។

លោកបានបន្តទៀតថា៖ «តែគួរខ្មាស់អៀនណាស់ ដែល សម រង្សី ចាញ់ ៤អាណត្តិហើយ នៅតែមុខ​ក្រាស់​នៅ​តែ​ជម្នះ ឈរឈ្មោះ​ចូលប្រកួតទៀត ធ្វើមើលតែ CNRP មានតែមនុស្សម្នាក់ អ្នកដទៃគ្មាន​ប្រយោជន៍។ តើ សម រង្សី ជា​មនុស្ស​បែបណា? តើផ្តាច់ការប្ញ អត់ ? គឺពិតជាមនុស្សផ្តាច់ការ យ៉ាងពិតប្រាកដ។»

នៅក្នុងវេទិកា​សាធារណៈ​ជាច្រើន ជាពិសេស​នៅចំពោះ​គណកម្មការ​សភា​អ៊ឺរ៉ុប និងនៅលើបណ្ដាញ​សង្គម​ផង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន នៅឯបរទេសនោះ បានពន្យល់ឡើងថា មានតែរូប​លោក​ម្នាក់​ប៉ុណ្ណោះ ដែលជាកីឡាករ​ដៃគូប្រកួត មានកម្លាំង និងមាឌប្រហាក់ប្រហែល នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការ​បោះ​ឆ្នោត នាពេលខាងមុខ។ ប្រធានគណបក្សប្រឆាំង បានចាត់ទុកថា ប្រសិនជាលោកអវត្តមាន ឬត្រូវ​បាន​ហាម​ឃាត់ មិនឲ្យចូលមកប្រកួត នៅក្នុងការបោះឆ្នោតក្រោយៗនេះទេ នោះការប្រកួតដែលមានតែលោក ហ៊ុន សែន កីឡាករ​​ដែល​ឡើង​​សៃវៀន​​​តែម្នាក់ឯង ហាក់ដូចជាគ្មានន័យអ្វីទាំងអស់។

រីឯការធ្វើនីរទេសខ្លួន ដោយខ្លួនឯងទៅកាន់បរទេសនោះ ត្រូវបានអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បក​ស្រាយថា នោះដោយសារ​តែលោក សម រង្ស៊ី ធ្វើនយោបាយ«តម្រិះជិះកឯង» ដែលជា​នយោបាយ​ចោទ​ប្រកាន់ និង​មូល​បង្កាច់​គេឯង ដោយគ្មានការពិត ដើម្បីប្រជាប្រិយភាពរបស់ខ្លួន។ នៅពេលដែលត្រូវគេប្ដឹង ក៏​ស្រាប់​តែ​រូប​លោក​ខ្លួនឯង មិនហ៊ានចូលស្រុកវិញដូច្នេះ។

យ៉ាងណា ចំពោះការបោះឆ្នោត ក្នុងពេលកន្លងមក ដែលបានផ្ដល់ជ័យជំនះ ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុមគណបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស រិះគន់ថា ពោរ​ពេញ​ទៅ​​ដោយ​ការលួចបន្លំ។ សេចក្ដីរាយការណ៍ជាច្រើន បានរកឃើញពីភាពមិនប្រក្រតី នៅ​ក្នុង​ការ​បោះឆ្នោត​ទាំង​នោះ ថាបានកើតមាន សឹងនៅគ្រប់មណ្ឌល រាប់តាំងពីការចុះឈ្មោះបោះឆ្នោត រហូត​ដល់​ពេល​​រាប់ និងប្រកាសលទ្ធផល នៃការបោះឆ្នោត។ លោក សម រង្ស៊ី ធ្លាប់បានលើកឡើង ចំអកឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​កន្លងមកថា គណបក្សនេះ បានយកបាល់មកទាត់ នៅក្នុង​គណៈកម្មាការ​រៀបចំ​ការ​ប្រកួត ដែល​សុទ្ធ​តែ​គ្នា​ឯង ហើយអាជ្ញាកណ្ដាលក៏គ្នាឯង... ដូច្នេះ ការប្រកួតបាល់ទាត់ទាំងនោះ គ្រាន់​តែ​រៀបចំ​​ឲ្យ​ល្អ​​មើល​​ប៉ុណ្ណោះ៕