អ័បផល ប្រកាស​បញ្ចេញ​ទូរស័ព្ទ អាយហ្វូន៧ ជា​មួយ​បច្ចេក​វិទ្យា​ថ្មី

អ័បផល (Apple) សហគ្រាសបច្ចេកវិទ្យាដ៏សម្បើម របស់អាមេរិក ទើបនឹងប្រកាសបញ្ចេញជាផ្លូវការ នូរទូរស័ព្ទ អាយហ្វូន (iPhone) ជំនាន់ទី៧ដ៏ទំនើប​របស់ខ្លួន នៅថ្ងៃពុធនេះ។ ទូរស័ព្ទថ្មីនេះ មានបំពាក់​ដោយ​បច្ចេកទេស​ថ្មីៗ ដែល​គេ​ទន្ទឹង​រង់ចាំ​មួយ​ចំនួន។
អ័បផល ប្រកាស​បញ្ចេញ​ទូរស័ព្ទ អាយហ្វូន៧ ជា​មួយ​បច្ចេក​វិទ្យា​ថ្មី

រូបបង្ហាញពីភាពចម្រុះពណ៌ នៃទូរស័ព្ទអាយហ្វូនជំនាន់ទី៧។ (រូបថតផ្តិតពីវីដេអូ)

ទូរស័ព្ទ អាយហ្វូន (iPhone) ជំនាន់ទី៧ របស់អ័បផល (Apple) ដែលមានពីរប្រភេទ (iPhone 7 និង iPhone 7 Plus) មិនមានរន្ធ សម្រាប់ដោតខ្សែស្ដាប់សម្លេងទៀតទេ ដោយទុកការភ្ជាប់រវាងតួទូរស័ព្ទ ទៅ​នឹង​កាស​​ស្ដាប់​ត្រជៀក ឬសម្រាប់និយាយទូរស័ព្ទ ជំនួសមកវិញ ដោយប្រព័ន្ធបច្ចេកវិទ្យាមួយ ដែលគេបាន​ស្គាល់​ខ្លះៗ​មក​ហើយ។

នៅក្នុងបទបង្ហាញ ពីទីក្រុង សានហ្វ្រាន់ស៊ីស្កូ (San Francisco) ភាគខាងលិច​សហរដ្ឋអាមេរិក លោក «Phil Schiller» អ្នកទទួលខុសត្រូវមួយរូប របស់សហគ្រាស អ័បផល បានថ្លែងរៀបរាប់ថា ទូរស័ព្ទអាយហ្វូន ៧ និង​អាយហ្វូន ៧ «Plus» ដែលមានទំហំធំជាង អាយហ្វូន៧បន្តិច មានប្រព័ន្ធការពារ ការជ្រាបទឹក និង​ប្រព័ន្ធ​ការពារ​ធូលី។ បងប្អូនអាយហ្វូនទាំងពីរ មានបំពាក់ដោយម៉ាស៊ីនថតរូបយ៉ាងទំនើប ជាងអាយហ្វូនប្រភេទ​មុនៗ ដែល​អ័បផលបានចេញលក់​កន្លងមក។

អ័បផល ប្រកាស​បញ្ចេញ​ទូរស័ព្ទ អាយហ្វូន៧ ជា​មួយ​បច្ចេក​វិទ្យា​ថ្មី

គេអាចចាប់ផ្ដើមបញ្ជាទិញ«ជាមុន» នូវទូរស័ព្ទទាំងនេះ ចាប់ពីថ្ងៃសុក្រស្អែកនេះទៅ ក្នុងតម្លៃចាប់ពី៦៤៩ដុល្លារ (នៅអ៊ឺរ៉ុប ចាប់ពី៧៦៩អ៊ឺរ៉ូ)។ ហើយអ្នកទិញ នឹងអាចទទួលទូរស័ព្ទនេះ មកដល់ដៃខ្លួន ចាប់ពីថ្ងៃទី១៦ ខែ​កញ្ញា​ខាង​មុខ។

អ័បផល ប្រកាស​បញ្ចេញ​ទូរស័ព្ទ អាយហ្វូន៧ ជា​មួយ​បច្ចេក​វិទ្យា​ថ្មី

ដូចបានជម្រាបពីខាងលើរួច ជំនួសឲ្យរន្ធសម្រាប់ដោតខ្សែស្ដាប់សម្លេង សហគ្រាសបច្ចេកវិទ្យា​យក្ស​របស់​អាមេរិក បានជ្រើសរើសយកកាសស្ដាប់ត្រជៀក ដែលលែងមានខ្សែតទៅទៀត តែវាភ្ជាប់មកតួទូរស័ព្ទ តាម​រយៈ​ប្រព័ន្ធ «Lightning» ដែលធ្លាប់មានប្រើ ក្នុងទូរស័ព្ទជំនាន់មុខខ្លះៗមកហើយ។ លោក «Phil Schiller» បាន​ថ្លែង​អួត​អាង​ថា៖ «Lightning ជាប្រព័ន្ធតភ្ជាប់ឥតខ្សែ​ ដ៏ទំនើប និងដ៏ល្អឥតខ្ចោះមួយ។ ទូរស័ព្ទរបស់យើង បាន​បំពាក់​ពេញ​ប្រៀប ទៅដោយបច្ចេកវិទ្យានេះ ហើយយើងចង់ធ្វើកិច្ចការនេះ ឲ្យកាន់តែច្រើនឡើង។»។

អ័បផល ប្រកាស​បញ្ចេញ​ទូរស័ព្ទ អាយហ្វូន៧ ជា​មួយ​បច្ចេក​វិទ្យា​ថ្មី

បើទោះជាកាសស្ដាប់ត្រជៀកឥតខ្សែ មានមកជាមួយទូរស័ព្ទ (នៅក្នុងប្រអប់ទូរស័ព្ទដើម) ក៏ដោយ តែ​សហគ្រាស​អ័បផល នៅមានគ្រឿងគ្រៅ ខាងក្រៅជាច្រើនទៀត ដែលត្រូវប្រើជាមួយទូរស័ព្ទ ហើយនឹង​ត្រូវ​ដាក់​លក់ ក្នុងតម្លៃផ្សេង។

ដូចយ៉ាងកាសស្ដាប់ត្រជៀកមួយប្រភេទថ្មី ដែលសហគ្រាសទើបនឹងបញ្ចេញមកលក់ដូចគ្នា មានឈ្មោះ​ហៅថា «Airpods»។ កាសឥតខ្សែនេះ មានតម្លៃ ១៥៩ដុល្លារ ហើយវាអាចប្រើបាន ជាមួយនឹងទូរស័ព្ទ​អាយហ្វូន និងជាមួយនាឡិការ «Apple Watch» ជំនាន់ថ្មីមួយទៀត ដែលក្រុមហ៊ុនបានបញ្ចេញមកលក់ ក្នុង​ពេល​នេះ​ដែរ៕

-------------

» នេះជាវីដេអូ នៃការបញ្ចេញមកលក់ជាផ្លូវការ នៃទូរស័ព្ទអាយហ្វូនជំនាន់ទី៧៖