ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​នៅ​តែ​ទន់ខ្សោយ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​នៅ​តែ​ទន់ខ្សោយ​លើ​ការ​ប្រើប្រាស់ និង​ការ​នាំ​ចេញ​ឯកជន ។ នេះ​បើ​តាម​អ្នកជំនាញ​ប្រឹក្សា​យោបល់​ខាង​នយោបាយ និង​សេដ្ឋកិច្ច​រដ្ឋ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ។

វិទ្យាស្ថាន​អភិវឌ្ឍន៍​កូរ៉េ (KDI) បានឱ្យ​ដឹង​ក្នុង​របាយការណ៍​ប្រចាំខែ​ថា សញ្ញា​ជា​ទូទៅ​លើ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង មិន​ទាន់​អាច​កំណត់​បាន​ទេ ខណៈ​មានការ​ធ្លាក់​ចុះ​លើ​ការ​លក់រាយ​និង​ការ​នាំ​ចេញ ក៏​ដូច​ជា​ការ​វិនិយោគ​រោងចក្រ​មាន​សន្ទុះ​យឺត ។

ផលិតកម្ម​នៅ​គ្រប់​ឧស្សាហកម្ម​ទាំងអស់​បាន​កើនឡើង​៣,២%​ក្នុង​ខែកក្កដា ប៉ុន្តែ​វា​មាន​កម្រិត​ទាប​ជាង​៤,៨% បើ​ធៀប​នឹង​ខែ​មុន ។

ដោយ​មិន​រាប់​បញ្ចូល​វិស័យ​ព័ត៌មាន និង​បច្ចេកវិទ្យា​ទំនាក់ទំនង ផលិតកម្ម​នៅ​ក្នុង​ឧស្សាហកម្ម​រ៉ែ និង​ឧស្សាហកម្ម​ផលិត​បាន​ថយ​ចុះ​២,៤%​ក្នុង​ខែកក្កដា ខណៈ​វិស័យ​សេវាកម្ម​កើនឡើង​២,៧%​ក្នុង​ខែកក្កដា បន្ទាប់​ពី​បាន​កើនឡើង​៥,៤%​ក្នុង​ខែមិថុនា ។ រីឯ​ការ​វិនិយោគ​ក្នុង​វិស័យ​អគារ​បាន​ធ្លាក់​ចុះ​១២,៣%​។

ការ​លក់រាយ​បាន​កើនឡើង​៤,៣%​នៅ​ខែកក្កដា បន្ទាប់​ពី​បាន​កើនឡើង​៩%​កាលពី​ខែ​មុន ។ រីឯ​ការ​លក់​រថយន្ត​បាន​ថយ​ចុះ​១០,៦%​កាលពី​ខែសីហា ។

ការ​នាំ​ចេញ​ដែល​មាន​តម្លៃ​ប្រហែល​ពាក់កណ្តាល​នៃ​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង បាន​កើនឡើង​២,៦%​កាលពី​ខែសីហា ដែល​វា​ជា​ការ​ងើបឡើង​វិញ​លើក​ដំបូង​ក្នុង​រយៈពេល​២០​ខែ​កន្លង​មក ។ ប៉ុន្តែ​ការ​នាំ​ចេញ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​៥,៣%​កាលពី​ខែ​មុន ដែល​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់​នេះ ។
រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ផែនការ​ថវិកា​មួយ មាន​តម្លៃ​១១​ទ្រី​លាន​វ៉ុ​ន (១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​សុក្រ ដោយ​រដ្ឋសភា​ជាង​១​ខែ​បន្ទាប់​ពី​ការ​លើក​ឡើង​ពី​សំណើ​នេះ ។ វា​នៅ​តែ​មិន​ច្បាស់​ថា តើ​វិធានការ​ជំរុញ​សារពើពន្ធ​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​យ៉ាង​ពេញលេញ​លើ​សេដ្ឋកិច្ច ឬ​យ៉ាងណា ។

ទន្ទឹម​នឹង​នេះ ធនាគារ​កូរ៉េ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មិន​កាត់​បន្ថយ​អត្រា​គោលនយោបាយ​របស់​ខ្លួន​ទេ ខណៈ​ដែល​ធនាគារកណ្តាល​របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​បង្កើន​អត្រា​ការ​ប្រាក់​យ៉ាង​ហោច​ណាស់​ម្តង​ក្នុងឆ្នាំនេះ ៕