តុលាការ​ក្រុង​ភ្នំពេញ​នាំ​ខ្លួន​អ្នកស្រី ទេព វន្នី មក​សាកសួរ​បន្ថែម​ករណី​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សាកសួរ​តំណាង​សកម្មជន​បឹងកក់ អ្នកស្រី ទេព វន្នី បន្ថែម​ទៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា ករណី​ហិង្សា​ក្បែរ​នាយករដ្ឋមន្ត្រី កាល​ពី​ឆ្នាំ​២០១៣។

រហូត​ដល់​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់ ថ្ងៃ​ដដែល​នេះ ចៅក្រម​បាន​បញ្ចប់​ការ​សាកសួរ​អ្នកស្រី ទេព វន្នី ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ​ហើយ។

ករណី​នេះ អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​នៅ​ក្បែរ​វិមានឯករាជ្យ ម្ដុំ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ជាមួយ​អ្នកស្រី បូវ សោភា កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា នៅ​ពេល​ដឹកនាំ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ក្នុង​សហគមន៍​បឹងកក់។ ខណៈ​អ្នកស្រី បូវ សោភា ត្រូវ​បាន​ដោះលែង នៅ​តែ​អ្នកស្រី ទេព វន្នី ដែល​តុលាការ​ចោទ​ប្រកាន់​មួយ​ករណី​បន្ថែម​ទៀត ដែល​ជា​សំណុំ​រឿង​កាល​ពី​ឆ្នាំ​២០១៣។

តវ៉ា​ដោះលែង អ្នកស្រី ទេព វន្នី ២០១៦ ៨៥៥
សកម្មជន​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​កាន់​បដា​តវ៉ា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Rann Samnang

ចំណែក​នៅ​ខាង​មុខ​របង​នៃ​តុលាការ​ក្រុង មាន​សកម្មជន​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​២០​នាក់ នាំ​គ្នា​កាន់​បដា​ស្រែក​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។