យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​ស្ទាក់​យន្តហោះ​ចារកម្ម​អា​មេ​រិ​ក​ឃ្លាត​គ្នា​ត្រឹម​3​ម៉ែត្រ

ក្រុង​វ៉ា​ស៊ី​ន​តោន​និយាយ​ថា មាន​ឧប្បត្តិហេតុ​មួយ​កាលពី​ថ្ងៃ​ទី​៧ កញ្ញា នៅ​លើ​សមុទ្រ​ខ្មៅ​ដោយ​យន្តហោះ​ចារកម្ម​អា​មេ​រិ​ក​១​គ្រឿង ត្រូវ​ស្ទាក់​ប្រកបដោយ​គ្រោះថ្នាក់​ដោយ​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​មួយ​គ្រឿង ។

ចំណែក​រុ​ស្ស៊ី​វិញ​អះអាង​ថា សកម្មភាព​របស់​យន្តហោះ​ខ្លួន​ធ្វើ​ដោយ​អនុវត្ត​តាម​យ៉ាង​ត្រឹមត្រូវ​នូវ​ច្បាប់​អន្តរជាតិ ព្រោះ​មាន​យន្តហោះ​ចារកម្ម​អា​មេ​រិ​ក​ជា​ច្រើន ពេល​មាន​សមយុទ្ធ​យោធា​របស់​កងទ័ព​រុ​ស្ស៊ី ។

អ្នក​ទទួលខុសត្រូវ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​កមួយ​រួប​គូសបញ្ជាក់​ប្រាប់ AFP ថា ក្នុង​ពេល​ស្ទាក់​ដែល​មាន​រយៈពេល​ប្រមាណ​ជា​១៩​នាទី យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​ហោះ​ឆាប​ក្បែរ​យន្តហោះ​អា​មេ​រិ​ក​ឃ្លាត​ពី​គ្នា​ត្រឹម​៣​ម៉ែត្រ ដែល​ចាត់​ទុក​ថា គ្រោះថ្នាក់​និង​គ្មាន​វិជ្ជាជីវៈ ។

មុន​នេះ​បន្តិច​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ដែល​ដកស្រង់​សម្តី​អ្នក​ទទួលខុសត្រូវ​២​នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​រាយការណ៍​ថា អ្នក​បើក​យន្តហោះ​ចារកម្ម​អា​មេ​រិ​ក​នោះ​ដែល​តែង​ហោះ​ល្បាត​ដោយ​ទៀងទាត់​ពីលើ​សមុទ្រ​ខ្មៅ​និយាយ​ថា បណ្តា​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​ស្ថិត​នៅ​ទីនោះ​រយៈពេល​១២​ម៉ោង ហើយ​មានការ​ហោះ​ឆាប​ជា​ច្រើន ។ ក្នុង​ចំណោម​ការ​ហោះ​ឆាប​ទាំងនោះ​មានការ​ហោះ​ឆាប​មួយ​ដែល​ខ្លួន​ចាត់​ទុក​ថា​គ្រោះថ្នាក់​ខ្លាំង ។

យោង​តាម​សហរដ្ឋអាមេរិក​ថា ឧប្បត្តិហេតុ​នោះ​កើត​មាន​រវាង​យន្តហោះ​ប្រដេញ​ធុន  SOUKHOI SU-27 មួយ​គ្រឿង និង​យន្តហោះ​ចារកម្ម​ប៊ូ​អុ​ី​ង P8 មួយ​គ្រឿង​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​និយាយ​ថា បាន​បញ្ជូន​បណ្តា​យន្តហោះ​ប្រដេញ​របស់​ខ្លួន​ទៅ​រក​បណ្តា​យន្តហោះ​អា​មេ​រិ​ក​ដែល​ជា​ច្រើន​លើក​សាកល្បង​ហោះ​ចូល​ក្បែរ​ព្រំដែន​រុ​ស្ស៊ី​ពីលើ​សមុទ្រ​ខ្មៅ ៕