ម៉ាក សែនសូនីតា​ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន ពេល​សម្ដែង​ក្នុង​រឿង «ចន្រ្ទា»

(ភ្នំពេញ)៖ តារាសម្ដែងល្បី ប្រចាំក្នុង​ប្រទេសកម្ពុជា កញ្ញា ម៉ាក សែនសូនីតា បានថ្លែងឲ្យដឹងថា ក្នុងពេលដែលនាងចូលរួម​ សម្ដែង​​រឿង «ចន្ទ្រា» ដែលជាស្នាដៃទី២ របស់ផលិតកម្ម Angkor Picture នាងបានប្រឈមមុខ​នឹងគ្រោះជាច្រើន ព្រោះឈុតឆាកនីមួយៗ គឺពិបាកសម្ដែងខ្លាំង ហើយត្រូវសម្ដែង​ច្រើនដង និងស្ទើរតែផុតដង្ហើម​ម្ដងៗ ក៏មាន ជាពិសេសឈុតសម្ដែង ​ក្នុងទឹក។

ថ្លែងនៅក្នុងសន្និសីទ​បើកសម្ពោធ បញ្ចាំងរឿង «ចន្រ្ទា» នាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ តារាសម្ដែងមានទីផ្សារខ្ពស់ និងមានសម្រស់គួរជាទីទាក់ទាញ កញ្ញា ម៉ាក សែនសូនីតា បានបញ្ជាក់ថា ឈុតឆាកដែលនាងត្រូវសម្ដែង ក្នុងរឿង «ចន្រ្ទា» គឺមានលក្ខណៈពិបាកៗច្រើន ជាពិសេសគឺត្រង់ឈុត ក្នុងទឹក និងនៅក្បែរជ្រោះជ្រៅ ជាដើម។ អ្វីដែលនាងចាំមិនភ្លេចនោះ គឺត្រង់ឈុតនាង ត្រូវគេចង់ដាក់ក្នុងទឹក ហើយនាងមិនចេះបើកភ្នែកក្នុងទឹកនោះទេ ទើបត្រូវសម្ដែងច្រើនដង ទម្រាំតែទទួលយកបាន។

ម៉ាក សែនសូនីតា និយាយថា «ពេលហ្នឹងគេចងខ្ញុំ​កុំឲ្យរើ ហើយទម្លាក់ចូលក្នុងទឹក ប៉ុន្តែខ្ញុំស្ទើរតែផុតដង្ហើម ទើបខំប្រឹងរើឡើងរលាត់ដៃ ..!។ អូយបង.!ឈុតនេះពិបាកទ្រាំ​មែនទែន ហើយអ្នកដឹកនាំសម្ដែង តម្រូវឲ្យខ្ញុំបើកភ្នែកក្នុងទឹក តែខ្ញុំមិនចេះបើក ទើបត្រូវថត​ច្រើនដង..ខ្ញុំត្រូវអត់ដកដង្ហើម ស្ទើរផុតម្ដងៗ..!»។

យ៉ាងណាមិញ ទោះបីជាមានឈុតឆាកលំបាកៗច្រើន ហើយត្រូវឆ្លងកាត់ព្រៃ​ជ្រោះ ទាំងយប់ទាំងថ្ងៃ ប្រឈមនឹងគ្រោះថ្នាក់ក្ដី ក៏តារាសម្ដែង ម៉ាក សែនសូនីតា ហៅ តូតា បង្ហាញពីអារម្មណ៍រីករាយ និងសប្បាយចិត្ត​ ព្រោះនាងមិនស្មានថា រឿង«ចន្រ្ទា» ត្រូវទទួលបានជោគជ័យខ្លាំង ស្ទើរមិននឹកស្មានដល់​ ពេលយកទៅដាក់បញ្ចាំង​​​នៅក្នុងប្រទេសថៃ។ នាងប្រាប់ថា ខ្សែភាពយន្តនេះ ជារឿងលើកទី១សម្រាប់វត្តមានរបស់នាងសម្ដែង ហើយត្រូវបានយកទៅបញ្ចាំង នៅក្រៅប្រទេស។

បើតាមការសន្និដ្ឋានរបស់ ម៉ាក សែនសូនីតា បានបញ្ជាក់ថា រឿង«ចន្រ្ទា» មានលក្ខណៈបច្ចេកទេស​តាមស្ដង់ដារ របស់ភាពយន្តបរទេស ទាំងសាច់រឿង ប្លង់ថត ការកាត់ត សំឡេង និងចំណុចពិសេសៗជាច្រើនទៀត ដែលអាចឲ្យអន្តរជាតិ​ទទួលយកបាន ហើយនាងពិតជារំភើបណាស់ ដែលភាពយន្តខ្មែរ ត្រូវបានអន្តរជាតិ ចាប់អារម្មណ៍បែបនេះ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ខ្សែ​ភាពយន្ត​ខ្មែរនឹងចាក់បញ្ចាំងនៅ​ប្រទេសថៃ ។ គួររំលឹកផងដែរថា តារា​សម្តែង​ជើង​ចាស់​ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ​បាន​ចេញដំណើរ​ពី​កម្ពុជា​ ទៅ​កាន់​ប្រទេស​ថៃ​ជាមួយនឹង​ផលិត​ករ និង​សិល្បករ​មួយ​ចំនួន ​ដើម្បី​ចេញ​ទៅ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ខ្មែរ ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ​ ។ អ្វី​ដែល​ភ្ញាក់ផ្អើល​ និង​​​កោតសរសើរ​ គឺ​នា​ង​បាន​បង្ហាញ​នូវ​សម្លៀក​បំពាក់​​ ដែល​ច្នៃពី​ក្រមា​ខ្មែរ​ ឡើង​លើ​ឆាក​ក្នុង​បទ​សម្ភាសន៍​ ជាមួយនឹង​ស្ថានីយ​ទូរ​ទស្សន៍​​ប៉ុស្តិ៍​ លេខ​៧​របស់​ថៃ ​។

តារា​​សម្តែង​អ្នក​នាងច​ន ច័ន្ទ​ល​ក្ខិ​ណា, កញ្ញា​តូ​តា, លោកញ៉ែ​ម សុគន្ធ, លោក​យ៉ែ​ម សំ​អូន, នាយ​ក្រូច ​និង​តារា​សម្តែង​មួយ​ចំនួន​ទៀត​ បាន​ចាក​ចេញពី​កម្ពុជា​ ជាមួយនឹង​ផលិតករ​នៃ​ផលិតកម្ម Angkor Picture កាលពី​ថ្ងៃ​ទី​៤ កញ្ញា កន្លងទៅ​នេះ​ ដើម្បី​​ផ្សព្វផ្សាយ និង​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ខ្មែរ​គឺ​រឿង​ «​ច​ន្ទ្រា» នៅ​ព្រះរាជាណាចក្រ​ថៃ​ ។

វត្តមាន​បង្ហាញ​ក្នុង​បទ​សម្ភាសន៍​ពិសេស តារា​សម្តែង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ​បាន​គ្រង​សម្លៀក​បំពាក់​ជា​រ៉ូ​ប ​ដែល​ច្នៃ​ដោយ​ផាមួង និង​ក្រមា​​ខ្មែរ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​នៃ​ការ​ច្នៃ​សម្លៀក​បំពាក់​របស់​ខ្មែរ​ផង​ដែរ​ ។

សំលៀក​បំពាក់​ស្រ​ដៀង​គ្នា​នេះ ​ត្រូវ​បាន​គេ​ឃើញ​តារា​សម្តែងកញ្ញាមាន សូ​នី​តា ​តែ​ស្លៀកពាក់​ជា​ញឹក ក្នុង​គោល​បំណង​​លើកកម្ពស់​តម្លៃ​ក្រមា ដ៏​ដូច​ជា​សំលៀក​បំពាក់​ខ្មែរ ពិសេស​បាន​ផ្តល់​ឱកាស​ការងារ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ប្រកប​របរ​ត្បាញ​ហូ​ង ផាមួង និង​ក្រមា​ខ្មែរ​ផង​ដែរ​ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload