សវនាការ​របស់​លោក កឹ​ម សុខា នឹង​នៅ​តែ​បន្ត​នៅ​ថ្ងៃស្អែក ខណៈ​លោ​កអេង ឆៃ​អ៊ា​ង ស្នើ​សុំ​ផ្អាក

រាជធានី​ភ្នំពេញ ៖ លោក លី សុ​ផា​ណា មន្ត្រីជាន់ខ្ពស់​នៃ​អយ្យការ​អម​សាលាដំបូង និង​ជា​អ្នកនាំពាក្យ បាន​ប្រាប់​ឲ្យ​ដឹង​ថា សវនាការ​របស់​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​បន្ត​ដដែល នា​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ ស្អែក​នេះ ។

លោក​បាន​បន្ត​ថា លោក អេ​ង ឆៃ​អ៊ា​ង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្មាន​សិទ្ធិ​ស្នើ​សុំ​ឲ្យ​ផ្អាក​សវន​ការ​របស់​លោក កឹ​ម សុខា និង លោក អ៊ុំ សំ​អាន នោះ​ទេ ។ បុគ្គល​ដែល​មាន​សិទ្ធិ គឺ​មាន​តែ​មេធាវី និង​ជនជាប់ចោទ​តែ​ប៉ុណ្ណោះ ដែល​អាច​ស្នើ​បាន ។

លោក លី សុ​ផា​ណា បាន​បញ្ជាក់​បែប​នេះ ក្រោយ​ពេល​លោក អេ​ង ឆៃ​អ៊ា​ង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​មិ​ញ​នេះ បាន​ប្រកាស​អំពាវនាវ​ឲ្យ​តុលាការក្រុង​ភ្នំពេញ​ផ្អាក​សវន​ការ​សំណុំរឿង​លោក អ៊ុំ សំ​អាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រឡប់​ពី ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ងាក​មក​ជជែក​ចរចា​គ្នា​ក្នុង​នាម​ជា​ខ្មែរ​និង​ខ្មែរ និង​ក្នុង​នាម​អ្នកនយោបាយ និង​អ្នកនយោបាយ​វិញ ។

លោក លី សុ​ផា​ណា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សវន​ការ​នៅ​តែ​បន្ត គ្មាន​ផ្អាក​ទេ អ្នក​ដែល​មាន​សិទ្ធិ​សុំ​ផ្អាក​មាន​តែ​មេធាវី និង​ជនជាប់ចោទ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង អ្នក​មិន​ពាក់ព័ន្ធ គឺ​គ្មាន​សិទ្ធិ​ទេ​» ។

គួរ​បញ្ជាក់​ថា លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សំងំ​លាក់ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ចាប់តាំងពី​តុលាការ​ចេញ​វិធានការ​ចំពោះ​បទល្មើស មិន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​តាំងពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦​មក ហើយ​តុលាការក្រុង​ភ្នំពេញ​គ្រោង​នឹង​កាត់ទោស​លោក​នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ ស្អែក​នេះ ។

ចំណែក​សំណុំរឿង​លោក អ៊ុំ សំ​អាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​កញ្ញា បន្ទាប់​ពី​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​៥​កញ្ញា​រួច សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រកាស​សាលក្រម នៃ​សំណុំរឿង​លោក អ៊ុំ សំ​អាន នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ៕