ឪពុក-ម្តាយគួរតែ​ប្រយ័ត្នកូនតូច កុំ​ឱ្យ​សល់តែវិប្បដិសារី

ខេត្តបាត់ដំបង​ ៖ ក្មេងប្រុស​អាយុ​៣​ឆ្នាំ​​ម្នាក់​បាន​លង់ទឹក​​ស្លាប់ ខណៈ​​ចុះ​ទៅ​លេង​ទឹកស្ទឹង​សង្កែ​​ជាមួយ​ក្មេង​ៗ​​ក្នុងភូមិ​ដទៃ​ទៀត កាលពី​វេលា​ម៉ោង​០៨ និង៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​០៧​ កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​កំពង់​ចែង ឃុំ​បាយដំរាំ ស្រុក​បាណ​ន់​ ខេត្ត​បាត់ដំបង ។

​ប្រភពឱ្យ​ដឹងថា ក្មេង​​ប្រុសដែលស្លាប់​​ឈ្មោះ​ចាន់ សុភ​ក្ដិ អាយុ​៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។ ក្មេង​ប្រុស​នោះ​បាន​លង់ទឹក​ស្ទឹង​ស្លាប់​ភ្លាម​ៗ ពេល​កំពុង​លេង​ទឹកជា​មួយ​ក្មេង​ៗ​នៅ​ក្នុងភូមិ​ប៉ុន្មាន​នាក់​ទៀត ដែល​អាណាព្យាបាល​បណ្ដែតបណ្ដោយ មិន​បាន​យកចិត្ត​ដាក់ ​។

អ្នក​ភូមិ​និយាយ​ដែរ​​ថា កន្លែង​ដែល​កើតហេតុ​នោះ ជា​កំពង់​ ដែល​អ្នក​ភូមិ​តែង​ចុះ​ងូតទឹក​រាល់ថ្ងៃ ហើយ​កុមា​រា​ដែល​ជួប​គ្រោះថ្នាក់​នោះ​ ក៏​តែង​ចុះ​ហែល​លេង​​ជាមួយ​ឪពុក​ម្ដាយ​ដែរ ​។ នៅ​ទីនោះ​​មាន​កន្លែង​ខ្លះ​ជ្រៅ និង​កន្លែង​ខ្លះ​រាក់​ ដែល​ក្មេង​ៗ​អាច​ហែល​លេង​បាន​ ។ អ្នក​ភូមិ​បញ្ជាក់​​ថា ពេល​ចុះ​លេង​ទឹក​នោះ ក៏​មាន​មនុស្ស​ចាស់​ដែរ តែ​វា​ជា​ការ​ធ្វេសប្រហែស ទើប​បានជា​មាន​ក្មេង​លង់ទឹក​ស្លាប់​បែប​នេះ​ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពេល​កើតហេតុ អាណាព្យាបាល និង​អ្នក​ភូមិ បាន​ព្យាយាម​ជួយ​សង្គ្រោះ​ក្មេង​រង​គ្រោះ គ្រប់​វិធី​ដែរ តែ​ហូ​ស​ពេល​ទៅ​ហើយ ព្រោះ​ក្មេង​ប្រុស​បាត់​ខ្លួន​មួយសន្ទុះ​ ទើប​ដឹង​និង​មានការ​ភ្ញាក់ផ្អើល​ ។ សមត្ថកិច្ច​​បានដាក់​បន្ទោស​​​ ករណី​​ខាងលើ​នេះ គឺ​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​អាណាព្យាបាល ដែល​បណ្ដោយ​ឱ្យ​​កូន​តូច​ៗ​របស់​ខ្លួ​ន​ចុះ​លេង​​ទឹកស្ទឹង ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ ។

ដូច្នេះ ​អាណាព្យាបាល​ទាំងឡាយ ដែល​រស់នៅ​ក្បែរ​មាត់​ស្ទឹង គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​របស់​ខ្លួនហើយ​ ដែល​តែង​ចុះ​លេង​ទឹកស្ទឹង ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​ទៀត​ ។