អ្នក​ប្រដាល់​ត្រកូល​ឃី​ម​2​រូប​ត្រៀម​កណ្ដាប់ដៃ​វ៉ៃ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​PNN

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ត្រកូល​ឃី​ម​២​រូប​គឺ​ឃី​ម ឌី​ម៉ា និង​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបាត់ដំបង ត្រូវ​បាន​គេ​រៀបចំ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN នា​ថ្ងៃអាទិត្យ​ទី​១១ កញ្ញា ខាង​មុខ​នេះ ។

ឃី​ម ឌី​ម៉ា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Nungtrakan ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ចំណែក​ឃី​ម បូ​រ៉ា ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Mamai Sith YortChhean ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

សម្រាប់​គូប្រកួត​របស់​ឃី​ម ឌី​ម៉ា ឈ្មោះ​Nungtrakan ម្នាក់​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ទេ ដូច្នេះ​អត់​មាន​អ្នក​ណា​ដឹង​ពី​ប្រវត្ដិ​ប្រកួត​របស់​គេ​ច្បាស់លាស់​ឡើយ គ្រាន់តែ​ឮ​ល្ហិ​ច​ល្ហៀ​ង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ថា គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ ។ ចំណែក ឃី​ម ឌី​ម៉ា ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​ពេញ​ខ្លួន និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​មិន​តិច​នាក់​ទេ​។ ប៉ុន្តែ​លើក​នេះ​គេ​មិន​ហ៊ាន​សន្យា​ទុក​មុន​ថា​អាច​យកឈ្នះ​កីឡាករ​ថៃ​ដែល​គេ​មិនដឹង​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​បែប​នេះ​ទេ ។ ដូច្នេះ​បើ​ចង់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មាន​តែ​រង់ចាំមើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​។

ចំណែក​គូប្រកួត​របស់​ឃី​ម បូ​រ៉ា ឈ្មោះ​Mamai Sith Yort Chhean វិញ​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​គេ​គ្មាន​ស្នៀត​អ្វី​គួរ​ឱ្យ​ខ្លាច​នោះ​ទេ សូ​ម្បី​តែ​ស្នៀត​កែង​និង​ជង្គង់​ក៏​អន់ គ្រាន់បើ​តែ​ស្នៀត​ដៃ​និង​ស្នៀត​ជើង​ទើប​ពិបាក​យកឈ្នះ​លើ​ឃី​ម បូ​រ៉ា ខ្លាំង​ណាស់ ។ ថ្វី​ដ្បិតតែ​មួយ​រយៈ​មកនេះ ឃី​ម បូ​រ៉ា មិនសូវ​លេច​មុខ​នៅ​លើ​សង្វៀន​ភ្នំពេញ​មែន ប៉ុន្តែ​គេ​ឃើញ​វត្ត​មាននៅ​លើ​សង្វៀន​តាម​ជាយ​ដែនកម្ពុជា​-​ថៃ​ញឹកញាប់​គួរសម ដូច្នេះ​គេ​ពិតជា​ស្គាល់​ពី​ល្បិច​ប្រកួត​របស់​កីឡាករ​ថៃ​ច្បាស់​ណាស់ ។ ម្យ៉ាងវិញទៀត ផ្លែ​កែង​និង​ជង្គង់​របស់​គេ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​មាន​ជំនឿ​ចិត្ត​លើ​ឃី​ម បូ​រ៉ា ថា​នឹង​ឈ្នះ​ច្រើន​ជាង​ចាញ់ ។

ដោយឡែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ មាន​កីឡាករ ធន់ មក​រា មក​ពី​ក្លិប​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ ប្រកួត​ជាមួយ​កីឡាករ សិ​ដ្ឋ ច​ន្ទ្រា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាករ​ផា​ន ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ព្រំ វី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ និង​កីឡាករ រ៉ា​ន់ សា​រ៉ាត មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ សំអាត រស់ជាតិ មក​ពី​ក្លិប​កុលបុត្រ​កូន​ខ្មែរ ៕