ក្រុមសមាជិកសភា​CNRP ​ស្នើឲ្យបឈ្ឍប់ការបើក​សវនាការ​​លោក កឹម សុខា

រាជធានីភ្នំពេញ ៖ ​មួយថ្ងៃមុនពេល ​សាលាដំបូងរាជធានីភ្នំពេញដែលតាមគម្រោងនឹង​បើកសវនាការលើសំណុំរឿងរបស់ប្រធាន​ស្តីទី​គណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា ​ក្រុមសមាជិកសភារបស់គណបក្សសង្រ្គោះជាតិ ​(CNRP) បានចេញសេចក្តីថ្លែង​ការណ៍​ស្នើ​ឲ្យ​​បញ្ឈប់ការបើកសវនាការក្នុងសំណុំរឿងលោក ​កឹម សុខា​ ក៍ដូចជាលោកតំណាងរាស្រ្ត អ៊ុំ សំអាន ​ដោយសំអាងថា ការបើក​សវនាការនាពេលកន្លងមក ក៍ដូចជានៅថ្ងៃស្ងែកនេះ ​​ជាទង្វើខុសច្បាប់​ដែលបំពាននីតិវិធីច្បាប់ ​និងរំលោភលើគោល​ការណ៍រដ្ឋធម្មនុញ្ញស្តីពី​អភ័យឯកសិទ្ឋិសភា​​យ៉ាងធ្ងន់ធ្ងរ ។

សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភា​គណបក្សសង្រ្គោះជាតិ​ នៅថ្ងៃទី០៨ កញ្ញា ២០១៦ ​ក៍បានថ្កោលទោសនិងថាអ្នកកាន់​អំណាចកំពុង​ប្រើស្ថាប័នតុលាការ​ជាឧបករណ៍​នយោបាយនោះថែមទៀត ។

អ្នកនំាពាក្យសាលាដំបូងរាជធានីភ្នំពេញលោក ​លី សុ​ផា​ណា ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សវនាការ​របស់​លោក ​កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​នឹង​នៅ​តែ​បន្ត​ដដែលនា​ថ្ងៃ​ទី​០៩​ កញ្ញាស្អែក​នេះ​ គ្មាន​ផ្អាក​ទេ ​អ្នក​ដែល​មាន​សិទ្ធិ​សុំ​ផ្អាក​​មាន​តែ​មេធាវី និង​ជនជាប់ចោទ​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង ​អ្នក​មិន​ពាក់ព័ន្ធគឺ​គ្មាន​សិទ្ធិ​ទេ​៕