​មេធាវី ថា​ការបើក​សវនាការ​កាត់ទោស​ឯកឧត្តម​កឹម សុខា នៅ​ថ្ងៃស្អែក គឺជា​ការខុសច្បាប់​ និពន្ធដោយ : ម៉ៅ សុផា       September-08-2016, 3:30 pm         335

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​មេធាវី ថា​ការបើក​សវនាការ​កាត់ទោស​ឯកឧត្តម​កឹម សុខា នៅ​ថ្ងៃស្អែក គឺជា​ការខុសច្បាប់​​ភ្នំពេញ​៖ មេធាវី ចាត់ទុក​ការកាត់ក្តី​លើ​ឯកឧត្តម កឹម សុខា ពីបទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ ស្អែក​នេះ គឺជា​ការខុស​នីតិវិធី​។ ក្រុម​មេធាវី រួមទាំង​ឯកឧត្តម កឹម សុខា នឹងមិន​ចូល​សវនាការ ឡើយ​។

«​តុលាការ​រាជធានី​ភ្នំពេញ មិនអាច​បើកសវនាការ ដើម្បី​សម្រេចសេចក្តី មុន​តុលាការ​កំពូល​នោះទេ​»​។ នេះ​ជាការ​ពន្យល់​របស់លោក សំ សុ​គង់ មេធាវី​១​រូប​ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា ដែល​លើកឡើងថា​តុលាការ​រាជធានី​ភ្នំពេញ គួរតែ​បង្អង់​ការបើក​សវនាការ​ជំនុំជម្រះ​ករណី​ឯកឧត្តម កឹម សុខា ហើយ​រង់ចាំ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល ដែល​ក្រុម​មេធាវី​លោក​បានដាក់​ពាក្យ​ប្ដឹង​សារទុក្ខ​ជាមុនសិន​។​

​ត្រង់ចំណុច​នេះ​លោក សំ សុខ​គង់ បាន​បញ្ជាក់ថា ប្រសិនបើ​តុលាការ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​បើកសវនាការ​នៅ​ថ្ងៃស្អែក ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា មែន​នោះ វា​ជា​រឿង​ដែល​ខុស​នឹង​ច្បាប់ ដូច្នេះ​ឯកឧត្តម កឹម សុខា រួមទាំង​ក្រុម​មេធាវី នឹងមិន​ចូល​សវនាការ​ជំនុំជម្រះ​នោះទេ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៥ កញ្ញា សាលាឧទ្ធរណ៍ បាន​ច្រានចោល​បណ្ដឹង​មេធាវី​ការពារ​ឯកឧត្តម កឹម សុខា ដែល​ប្ដឹង​ជំទាស់​ញា​នោះ នឹង​មិនមាន​នីតិវិធី​ណាមួយ​រាំងស្ទះ​ឡើយ​។ ក្រុម​មេធាវី​ការពារ​លោក កឹម សុខា ក៏​បន្ត​ដាក់​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល ដើម្បី​ជំទាស់​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍​នេះ​។ តែ​តុលាការ​កំពូល មិនទាន់​ផ្តល់ព័ត៌មាន​ដល់​ក្រុម​មេធាវី​ឡើយ  ជុំវិញ​បណ្តឹងសាទុក្ខ​របស់​ពួកគេ​។

​បើតាម​លោក សំ សុខ​គង់ ក្រុម​មេធាវី​ក៏បាន​ដាក់​លិខិត ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ​ផងដែរ ដើម្បី​សុំ​ឲ្យ​ពន្យារពេល​នៃ​ការជំនុំជម្រះ​នេះ​។ ប៉ុន្តែ​តុលាការ​រាជធានី​ភ្នំពេញ នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពោះ​សំណើ​របស់​ក្រុម​មេធាវី​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆ្លើយ​នឹង​អ្នកសារព័ត៌មាន​យ៉ាងខ្លី​ថា «​សវនាការ​នៅ​ថ្ងៃស្អែក នឹង​ដំណើរ​ដូច​ការកំណត់​»​។

​សូមបញ្ជាក់ថា តុលាការ ធ្លាប់​ចេញ​ដីកា​ចំនួន​ពីរដង ដើម្បី​កោះហៅ​ឯកឧត្តម កឹម សុខា ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។ ប៉ុន្តែ ឯកឧត្តម កឹម សុខា បាន​បដិសេធ​នឹង​ការកោះហៅ​របស់​តុលាការ​ទាំងពីរ​លើក​។ មូលហេតុ​នេះហើយ ទើប​ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ ចាត់ទុកថា ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។ រហូតមកដល់​ពេលនេះ ឯកឧត្តម កឹម សុខា បាន​សំងំ​លាក់ខ្លួន​ក្នុង​ទីស្នាក់ការ​គណបក្ស អស់​រយៈពេល​ជិត​៣​ខែ​ហើយ​៕