ពួក​ឧក្រិដ្ឋជន​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​របស់​ប៉ូលិស​ម៉ិចស៊ិក​ស្លាប់​5​នាក់

រដ្ឋាភិបាល​ម៉ិចស៊ិក​អះអាង​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ថា ប៉ូលិស​៤​នាក់ និង​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ម្នាក់​បាន​ស្លាប់​ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​ប៉ូលិស​ដែល​រង​ការ​បាញ់ប្រហារ​របស់​ពួក​ឧក្រិដ្ឋជន ។

វា​ជា​ការ​វាយប្រហារ​ប្រភេទ​នេះ​លើក​ទី​២​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ហើយ​រដ្ឋាភិបាល​ឱ្យ​កងកម្លាំង​សន្តិសុខ​ដេញ​តាម​ពួក​ឧក្រិដ្ឋជន ។ ការ​វាយប្រហារ​លើ​ឧទ្ធម្ភាគចក្រ​នេះ​កើត​មាន​ក្នុង​តំបន់ TIERRA CALIENTE រដ្ឋ MICHOACAN ជា​តំបន់​មាន​សកម្មភាព​រត់ពន្ធ​គ្រឿងញៀន​ខ្លាំង ។ ក្នុង​តុល្យការ​លើក​មុន អាជ្ញាធរ​រៀបរាប់​ពី​មនុស្ស​ស្លាប់​សរុប​៤​នាក់ ដោយ​គូសបញ្ជាក់​ថា ប៉ូលិស​ម្នាក់​នៅ​រស់រាន​មានជីវិត ក៏​ប៉ុន្តែ​ក្រសួង​សាធារណៈរដ្ឋ MICHOACAN អះអាង​នា​ថ្ងៃ​ទី​៧ កញ្ញា ពី​ការ​ស្លាប់​របស់​ប៉ូលិស​ទី​៤​ម្នាក់​ទៀត ។

លោក RENATO SALES ប្រមុខ​ប៉ូលិស​ម៉ិចស៊ិក​អះអាង​នា​ថ្ងៃ​ទី​៧ កញ្ញា តាម​វិទ្យុ RADIO FORMULA ថា ឧទ្ធម្ភាគចក្រ​នេះ​ពិតជា​ត្រូវ​បាញ់​ធ្លាក់ ។ អាជ្ញាធរ​សហព័ន្ធ​ធ្វើការ​ជាមួយ​អាជ្ញាធរ​រដ្ឋ MICHOACAN ដើម្បី​តាម​រក​ពួក​អ្នកធ្វើការ​វាយប្រហារ​ភេរវកម្ម​នេះ ។

យោង​តាម​លទ្ធផល​ដំបូង​នៃ​ការ​ស៊ើបអង្កេត​ថា ក្រុម​ឧក្រិដ្ឋ​មួយ​ដែល​ធ្វើ​សកម្មភាព​ក្នុង​តំបន់​នោះ​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​។ ក្រុម​នេះ​ប្រហែលជា​ប្រើ​កាំភ្លើង​ធុន BARRETT កាលី​ប​៥០​បាញ់​ឧទ្ធម្ភាគចក្រ ។

អាជ្ញាធរ​បាន​ឡោម​ព័ទ្ធ​តំបន់​មានការ​វាយប្រហារ ហើយ​បញ្ជូនទាហាន​១៥០​នាក់ និង​ប៉ូលិស​៥០​នាក់​ទៅ​កាន់​ទីនោះ ។ អភិបាល​រដ្ឋ MICHOACAN លោក SILVANO AUREOLES អះអាង​កាលពី​ថ្ងៃ​ទី​៦ កញ្ញា ថា ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កើត​មាន​ពេល​ដែល​កងកម្លាំង​សន្តិសុខ​ធ្វើ​ប្រតិបត្តិការ​មួយ​រារាំង​ការ​ចាប់ពង្រត់​កសិករ​ម្នាក់​នៃ​ទីក្រុង LA HUACANA៕