ត្បូង​១​គ្រាប់​ធំលក់​បានជិត៨​ម៉ឺន​ដុល្លារ​ ​ផ្អើល​នាំ​គ្នា​ទៅ​ជីកដី​រែង​រក​រ៉ែ​នៅ​ស្រុក​សាលា​ក្រៅ

ត្បូង​១​គ្រាប់​ធំលក់​បានជិត៨​ម៉ឺន​ដុល្លារ​ ​ផ្អើល​នាំ​គ្នា​ទៅ​ជីកដី​រែង​រក​រ៉ែ​នៅ​ស្រុក​សាលា​ក្រៅ



ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី​ជា​ច្រើន បាន​យក​ចបកាប់ ចបជីក និង​ដែក​ស្បែង​នាំ​គ្នា​ទៅ​អង្គុយ​ជីក​យក​ដី​ច្រក​ដាក់​ការុង ដោយ​អ្នកខ្លះ​ដឹក​តាម​ម៉ូតូ និង​ខ្លះ​ទៀត​ដឹក​តាម​រថយន្ត​យក​ទៅ​រែង​ក្នុង​អូរ​ដើម្បី​រក​រ៉ែ​ត្បូង​ដ៏​មាន​តម្លៃ នៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខណៈ​អ្នកខ្លះ​មានសំណាង​រែង​បាន​គ្រាប់​ត្បូង​ធំ​យក​ទៅ​លក់​ឱ្យ​ឈ្មួញ បាន​ប្រាក់​ចាប់ពី​៣​ពាន់​ដុល្លារ​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ។ ដោយសារ​តែ​ឮ​ពី​ការ​រកបាន​ត្បូង​មាន​តម្លៃ​បែប​នេះ​ហើយ ទើប​មនុស្ស​ម្នា​មានការ​ភ្ញាក់ផ្អើល​ទៅ​ជីកដី​យក​ទៅ​រែង​រក​ត្បូង ។

បើ​តាម​សម្តី​បុរស​ម្នាក់​ឈ្មោះ ឈ​ន គា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ និង​ឈ្មោះ ថេ​ន ជួប ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​ការ​ដាំពោត និង​ដំឡូង​មី​ក្រៀម​ស្វិត​ពេញ​ចម្ការ ព្រោះ​គ្មាន​ភ្លៀង​គ្រប់គ្រាន់ បន្ទាប់​ពី​លេចឮ​ថា ប្រជាពលរដ្ឋ​ដើរ​រើស​បាន​ត្បូង​នៅ​តាម​ដីចម្ការ​ក្បែរ​នោះ ទើប​ពួក​គាត់​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ដី​ជា​ម្ចាស់​កម្មសិទ្ធិ ដើម្បី​ជីករែង​យក​ត្បូង​ដែល​មាន​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ដោយ​ក្នុង​១​ម៉ែត្រការ៉េ​តម្លៃ​២០​ដុល្លារ ទោះបី​ជីក​បាន​ឬ​មិន​បាន​ក៏​ត្រូវ​បង់ប្រាក់​ដែរ ។

ប្រភព​បន្ត​ទៀត​ថា កាលពី​បី​បួន​ថ្ងៃមុន អ្នកខ្លះ​ជីក​បាន​គ្រាប់​ត្បូង​ធំ​ត្រូវប៉ាន់​លក់​បាន​ប្រាក់​៣​ពាន់​ដុល្លារ និង​ខ្លះ​ទៀត​រហូត​ដល់​៦​ទៅ​៧​ម៉ឺន​ដុល្លារ​ឯណោះ ទើប​ល្បី​ត​ៗ​គ្នា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​នាំ​គ្នា​មក​ទិញ​ដីជី​ករែង​រក​ត្បូង​តែ​ម្តង ។

ពួក​គាត់​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ អ្នកខ្លះ​ទទួល​បាន​កម្ទេច​តូច​ៗ ខ្លះ​បាន​ធំ ផ្អែក​ទៅ​លើ​សំណាង ។
ចំណែក​ម្ចាស់​ដី​ឈ្មោះ ប៉ា​ល់ ភួ​ន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ បានឱ្យ​ដឹង​ថា ដោយសារ​តែ​គាត់​ជំពាក់​លុយ​បំណុល​ធនាគារ​គ្មាន​អ្វី​សង​គេ លុះ​មាន​ប្រជាពលរដ្ឋ​មក​សុំ​ទិញ​ដីជី​ករែង​រក​ត្បូង ក៏​អនុញ្ញាត​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ដំបូង​គាត់​ម៉ៅ​ដី​ឱ្យ​គេ​ជីក​ថោក​ៗ លុះ​ឃើញ​មានការ​រកបាន​ត្បូង​មាន​តម្លៃ​ច្រើន ទើប​លក់​ដី​ឱ្យ​គេ​ក្នុង​១​ម៉ែត្រការ៉េ​តម្លៃ​២០​ដុល្លារ កន្លែង​ខ្លះ​ទៀត​គេ​ចង់បាន​ដី​ធំ គាត់​ក៏​បញ្ចុះតម្លៃ​តាម​នោះ​ដែរ ។ ម្ចាស់​ដី​បញ្ជាក់​ទៀត​ថា តាំងពី​ប្រជាពលរដ្ឋ​ចុះ​ទៅ​ជីកដី​រែង​រក​ត្បូង គេ​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ដែរ តែ​មិន​បាន​ធ្វើការ​ហាមឃាត់ ឬ​បញ្ឈប់​សកម្មភាព​របស់​ពួក​គេ​ឡើយ ព្រោះ​ការ​ជីកដី​រែង​រក​ត្បូង​នេះ ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូចតាច​ប៉ុណ្ណោះ មិន​បាន​ដាក់​ម៉ាស៊ីន​រែង​យក​រ៉ែ​ត្បូង​ធំដុំ​អ្វី​នោះ​ទេ ។

ចំណែក​ឈ្មួញ​ទិញ​ត្បូង​ម្នាក់​ហៅ​កុងស៊ី សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ត្បូង​នៅ​កន្លែង​ដី​ខាងលើ បើសិនជា​ប៉ះ​ចំ​ល្អ មិន​មានការ​ប្រេះស្រាំ​ឬ​បែក គឺ​អាច​លក់​បាន​ថ្លៃ​ចាប់ពី​រាប់​ពាន់​ដុល្លារ​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​។ ប្រភព​បន្ត​ទៀត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​មាន​មន្ត្រី​នគរបាល​ម្នាក់​នាំ​ប្រពន្ធ​កូន​ជីក​ប៉ះ​ចំ​១​គ្រាប់​ធំ លក់​បាន​ប្រហែល​៧​ទៅ​៨​ម៉ឺន​ដុល្លារ​ឯណោះ ។ ចំណែក​លោក គង់ ណ​ន ជា​អធិការរង​ស្រុក​សាលា​ក្រៅ ក៏​ជីក​បាន​១​គ្រាប់​ធំ​ដែរ​តែ​ដោយសារ​បែក​ប្រេះស្រាំ​ច្រើន​ពេក ទើប​លក់​បាន​តែ​ជាង​៣​ពាន់​ដុល្លារ បើសិនជា​ល្អ​វិញ​នោះ ប្រហែលជា​លក់​បាន​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ដែរ​ហើយ​។ ម្យ៉ាងវិញទៀត ត្បូង​មាន​តម្លៃ​ទាំងនោះ​មិន​ទាន់​អស់​នៅឡើយ​ទេ បើ​ប្រជាពលរដ្ឋ​ប្រឹងប្រែង​ជីក​កកាយ​រុករក​បន្តិចទៀត​អាច​នឹង​ប៉ះ​ជាក់​ជា​មិន​ខាន ។

សូម​បញ្ជាក់​ថា បើសិនជា​ប្រជាពលរដ្ឋ​នៅ​តែជីក​ប៉ះ​ចំ​ដូចនេះ​ជា​ច្រើន​ថ្ងៃ​បន្ត​ទៀត មិនយូរ​ប៉ុន្មាន
ទេ នឹង​មាន​ឈ្មួញ​រត់​ច្បាប់ ហើយ​ទិញ​ដី​នៅ​ចំណុចនោះ​យក​គ្រឿងចក្រ​ទៅ​ជីក​គាស់​កាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មិន​ខាន ៕