ដឹង​ថា​ប្ដី​គេ​មិន​នៅផ្ទះ លបចូល​ចាប់រំលោភ នាង​ស្រែក​ឱ្យ​គេ​ជួយ អ្នកស្រុក​ចោម​វាយ​រហូត​ស្លាប់

ដឹង​ថា​ប្ដី​គេ​មិន​នៅផ្ទះ លបចូល​ចាប់រំលោភ នាង​ស្រែក​ឱ្យ​គេ​ជួយ អ្នកស្រុក​ចោម​វាយ​រហូត​ស្លាប់



ខេត្តព្រៃវែង ៖ សព​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​កណ្តាល​វាលស្រែ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ពេញ​ភូមិ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​មើល លុះ​ក្រោយមក​ទើប​បែកធ្លាយ​រឿង​ថា ជន​ដែល​ស្លាប់
នេះ​បាន​ចូល​ទៅ​ចាប់​ប្រពន្ធ​គេ​ប៉ុនប៉ង​រំលោភ ហើយ​ត្រូវ​អ្នកស្រុក​ព្រួត​វាយ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧​ខែកញ្ញា នៅ​ភូមិ​ចំបក់​ជ្រំ ឃុំ​ច្រេស ស្រុក​មេ​សាង ។ សព​យុវជន​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ អ៊ូ ទិ​ត្យ អាយុ​២២​ឆ្នាំ នៅ​លីវ មាន​ទីលំនៅ​ក្នុងភូមិ​គ្រើល ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ។

លោក​វរសេនីយ៍ទោ នៅ ហាច អធិការ​នគរបាល​ស្រុក​មេ​សាង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ចុះ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​បូក​រួម​ជាមួយ​ព័ត៌មាន​ពី​អ្នក​ភូមិ​ផង សមត្ថកិច្ច​បាន​រក​ឃើញ​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៦ ខែកញ្ញា ជន​ឈ្មោះ អ៊ូ ទិ​ត្យ បាន​ចូល​ទៅ​ចាប់​ឱប​ស្ត្រី​ឈ្មោះ សាត យឹ​ម អាយុ​៣២​ឆ្នាំ ប៉ុនប៉ង​រំលោភ​នៅ​ក្នុងផ្ទះ​របស់​ស្ត្រី​នោះ​តែ​ម្តង​ខណៈ​ពេល​ដែល​ប្តី​នាង​មិន​នៅ ។ ប៉ុន្តែ​ភ្លាម​ៗ​នាង​បាន ស្រែកហៅ​ឲ្យ​គេ​ជួយ គាប់​ជួន​ពេល​នោះ​ប្អូនថ្លៃ​ប្រុស​របស់​នាង​ឈ្មោះ សយ កក អាយុ​៣៣​ឆ្នាំ ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ​ល្មម ។

លុះ​ឮ​សំឡេង​បងថ្លៃ​ស្រែក​ឲ្យ​ជួយ​ក៏​រត់​ចូល​ទៅ​ជួយ តែ​ត្រូវ​ឈ្មោះ អ៊ូ ទិ​ត្យ វាយ​មួយ​ឈើ​ជ្រុង​ចំ​ក្បាល បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ទើប​ផ្អើល​ដល់​អ្នកស្រុក​២​ភូមិ​គឺ​ភូមិ​បឹង​និង​ភូមិ​អណ្តូង​ត្រាច នាំ​គ្នា​រាប់​សិប​នាក់​រត់​មក​ជួយ និង​វាយ​ឈ្មោះ អ៊ូ ទិ​ត្យ ឡើង​ទ្រម​ខ្លួន​ទម្រាំ​តែ​រត់គេច​រួច​ចេញ​ទៅ​ក្រៅ​ភូមិ ។ ភ្លាម​ៗ​នោះ អ្នកស្រុក​ក៏​មិន​បាន​ដេញ​តាម​ដែរ គឺ​រវល់​តែ​យកឈ្មោះ សយ កក ដែល​របួសធ្ងន់​ទៅ​មន្ទីរពេទ្យ លុះ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​សព​ឈ្មោះ អ៊ូ ទិ​ត្យ នៅ​ក្នុង​វាលស្រែ ។

សមត្ថកិច្ច​បញ្ជាក់​ថា ជន​ឈ្មោះ អ៊ូ ទិ​ត្យ មានទោស​២​ករណី គឹ​បទ​ប៉ុនប៉ង​រំលោភ​ស្ត្រី​ឈ្មោះ សាត យឹ​ម និង​បង្ក​របួស​ស្នាម​លើ​ឈ្មោះ សយ កក ។ ប៉ុន្តែ​ជន​ដៃដល់​ដែល​វាយ​សម្លាប់​ឈ្មោះ អ៊ូ ទិ​ត្យ ក៏​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ដៃដល់ ៕