មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អង់សាន ស៊ូជី នឹងទៅធ្វើទស្សនកិច្ចនៅអាមេរិកសប្តាហ៍ក្រោយ

មេដឹកនាំស៊ីវិលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងសប្ដាហ៍ក្រោយ ខណៈពេលដែលរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោនពិចារណាលើកលែង ឬបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រឆាំងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

វ៉ាស៊ីនតោន — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រកាសនៅក្នុងសុន្ទរកថានៅក្នុងប្រទេសឡាវ កាលពីថ្ងៃអង្គារកន្លងទៅថា ជ័យលាភីរង្វាន់ណូបែល លោកស្រី អង់សាន ស៊ូជី នឹងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៤ និង១៥ ខែកញ្ញា ខាងមុខនេះ។

ការបំពេញទស្សនកិច្ចរបស់ លោកស្រី អង់សាន ស៊ូជី លើកនេះ គឺដើម្បីពង្រឹងតួនាទីរបស់លោកស្រីលើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំរដ្ឋាភិបាលក្រៅផ្លូវការ។ ទោះបីជាលោកស្រីទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងនេះក៏ដោយ ក៏លោកស្រី អង់សាន ស៊ូជី ត្រូវបានហាមឃាត់មិនឲ្យកាន់តំណែងជាប្រធានាធិបតី តាមច្បាប់រដ្ឋធម្មនុញ្ញ ដែលបានបង្កើតឡើងដោយអតីតរបបយោធាទេ។ ជំនួសឲ្យតំណែងប្រធានាធិបតី លោកស្រី បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងដែលបានបង្កើតថ្មីមួយ គឺទីប្រឹក្សារដ្ឋាភិបាល។

គេរំពឹងថា លោកអូបាម៉ា នឹងសម្រចអំពីទំហំនៃការដាក់ទណ្ឌកម្ម បន្ទាប់ពីបានពិភាក្សាជាមួយលោកស្រី អង់សាន ស៊ូជី ស្ដីពីការបន្ធូរបន្ថយការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលលោកស្រីចង់ឲ្យរដ្ឋាភិបាលអាមេរិកជួយ។
ជ័យលាភីរង្វាន់ណូបែល និងជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យរូបនេះ បានជួយបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងអំឡុងឆ្នាំដែលលោកស្រីកាន់តួនាទីជាមេដឹកនាំបក្សប្រឆាំង និងជាប់ឃុំឃាំងនៅក្នុងផ្ទះ។

ឥឡូវនេះលោកស្រី អង់សាន ស៊ូជី មានបំណងបង្ហាញពិភពលោកថា ប្រទេសរបស់លោកស្រីមានសេដ្ឋកិច្ចរីកចម្រើន និងកំពុងផ្លាស់ប្ដូរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ខណៈពេលដែលលោកស្រីចង់រក្សាគំនាបលើរដ្ឋាភិបាលយោធា សម្រាប់ការធ្វើកំណែទម្រង់បន្ថែមទៀត។

អង្គការសិទ្ធិមនុស្សមួយចំនួនដូចជា អង្គការ Human Right Watch ប្រឆាំងទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មដល់ប្រទេសមីយ៉ាន់ម៉ា រហូតមានភស្តុតាងគ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរទៅរកលទ្ធិប្រជាធិបតេយ្យ។

សហរដ្ឋអាមេរិកចង់ពង្រឹងទំនាក់ទំនង ជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយទប់ទល់ជាមួយនឹងកំណើនឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់អាស៊ី។ រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ក៏ចង់ជួយដល់វិស័យជំនួញរបស់ខ្លួន នៅក្នុង «ទីផ្សារចុងក្រោយ» មួយក្នុងពិភពលោក ដែលកំពុងរីកចម្រើនយ៉ាងខ្លាំង នៅក្នុងប្រទេសមួយដែលមានការអភិវឌ្ឍសេដ្ឋកិច្ចតិចតួច៕

ប្រភព៖ VOA


Related Posts