ឲ្យ​តម្លៃ​ការ​​លះបង់​​​របស់​​ម្ដាយ ​ធ្វើ​ឲ្យ​កូន​​សម្រេច​គោលដៅ

​និស្សិត​​ទើប​​បញ្ចប់​​ការ​សិក្សា​ម្នាក់​ បាន​​ដាក់​ពាក្យ​​​​ធ្វើ​ជា​​​​នាយក​ក្រុម​ហ៊ុន​​ធំ​មួយ។ ​គាត់​បាន​​​ឆ្លង​​កាត់​​ការ​សម្ភាស​លើក​ទី​មួយ​​បាន​ជោគជ័យ ហើយ​​លោក​ប្រធាន​​​​បាន​​សម្រេច​សម្ភាស​លើក​ចុង​ក្រោយ​មួយ​ទៀត​។

 

ឲ្យ​តម្លៃ​ការ​​លះបង់​​​របស់​​ម្ដាយ ​ធ្វើ​ឲ្យ​កូន​​សម្រេច​គោលដៅ

 

ប្រធាន​​ដដែល​ បាន​​ដឹង​​​ព័ត៌មាន​​របស់​បេក្ខជន​​​តាម​រយៈ​​ប្រវត្តិរូប​សង្ខេប​ (CV) ថា​ គេ​​​ជា​និស្សិត​​រៀន​ចប់ ​និង​​​​​តែង​តែ​ទទួល​បាន​ពិន្ទុ​ល្អ​តាំង​ពី​ថ្នាក់​អនុវិទ្យាល័យ​ រហូត​​​​​មក។

 

ប្រធាន​​៖ ​តើ​​អ្នក​​​មាន​​បាន​​ទទួល​អាហារូបករណ៍​​​នៅ​សាលា​ណា​មួយ​ ឬ​នៅ?
បេក្ខជន​​៖ ​មិន​មាន​ទេ
ប្រធាន៖ ​តើ​​ឪពុក​​របស់​​​អ្នក​​ជា​អ្នក​​រក​ប្រាក់​បង់​សាលា​​ឲ្យ​រៀន​​មែន​ទេ?
បេក្ខជន៖ ឪពុក​របស់​ខ្ញុំ​​លាចាក​លោក​យូរហើយ ​តាំង​ពី​ខ្ញុំ​អាយុ​ ១​​ឆ្នាំ​មក​ម្ល៉េះ​ ហើយ​ម្ដាយខ្ញុំ​​​​ជា​អ្នក​​រក​ប្រាក់​​បង់​ថ្លៃ​សាលា​
ប្រធាន៖ តើ​ម្ដាយ​របស់​អ្នក​​ធ្វើ​​​ប្រកប​មុខ​របរ​អ្វី​ដែរ?
បេក្ខជន៖ ម្ដាយ​របស់​ខ្ញុំ​​​ជា​អ្នក​ស៊ី​ឈ្នូល​​បោក​គក់​
​​

លោក​ប្រធាន​​​បាន​សុំ​មើល​ដៃ​​​បេក្ខជន​​នោះ​ រួច​ឃើញ​ថា​​​ដៃ​ទាំង​ពីរ​​​គឺ​ស្រឡូន​​​រាប​ស្មើ​​ល្អ​​​មែន​ទែន។
ប្រធាន៖ ​​តើ​អ្នក​​ធ្លាប់​​​ជួយ​បោក​គក់​សំលៀក​បំពាក់​ម្ដាយ​ទេ?​​​
បេក្ខជន៖ មិន​ធ្លាប់​ទេ! ម្ដាយ​របស់​ខ្ញុំ​​​តែង​តែ​ចង់​ឲ្យ​​ខ្ញុំ​​​ខិតខំ​រៀន​សូត្រ​​ និង​អាន​សៀវភៅ​​ឲ្យ​បាន​​ច្រើន​ប៉ុណ្ណោះ។ លើស​ពី​នេះ ​​​គាត់​ពូកែ​​បោក​គក់​​លឿន​ជាង​ខ្ញុំ​​​​ឆ្ងាយ​ណាស់។
ប្រធាន៖ ខ្ញុំ​មាន​សំណើ​មួយ។ ពេល​អ្នក​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ​ទៅ​លាង​សម្អាត​​ដៃ​ម្ដាយ​របស់​​អ្នក​​ផ្ទាល់ រួច​​ស្អែកចាំ​​​មក​ជួប​ខ្ញុំ​ម្ដង​ទៀត។​

 

បេក្ខជន​​រូប​នេះ​​មាន​អារម្មណ៍​​​សប្បាយ​​រីករាយ​​​​​ និង​គិត​ថា​​ខ្លួន​មាន​ឱកាស​ជាប់​​ច្រើន​​ ព្រោះ​បាន​ជួបអ្នក​សម្ភាស​​ម្ដង​ទៀត​។ ពេល​គាត់​ត្រឡប់​​​ទៅ​ផ្ទះ​វិញ​ ​គាត់​រីករាយ​​នឹង​​​សុំ​​លាង​សម្អាត​​ដៃ​ទាំង​ពីរ​​​របស់​ម្ដាយ។​ ​ម្ដាយ​​​​បេក្ខជន​ មាន​អារម្មណ៍​​ចម្លែក​បន្តិច​ និង​រីករាយ​​ តែ​មិន​ឲ្យ​​កូន​ដឹង​ចិត្ត​​ឡើយ។

 

​ម្ដាយ​បាន​ហុច​ដៃ​ឲ្យ​កូន​លាង​សម្អាត ​បេក្ខជន​នោះ​បាន​​លាង​​ថើៗ​​​យឺត​ៗ ​ហើយ​ទឹក​ភ្នែក​របស់​កូន​​បាន​​ស្រក់​​លើ​ដៃ​ម្ដាយ​ដោយ​មិន​ដឹង​ខ្លួន។ ​កូន​ ​ដឹង​ថា​​ខ្លួន​​ទើប​ចាប់​កាន់​ដៃ​ម្ដាយ​សម្អាត​ជា​លើក​ដំបូង​នេះ​ប៉ុណ្ណោះ ហើយ​​​ឃើញ​​ដៃ​មាន​ស្នាម​​ជ្រីវជ្រួញ​​ ​ក្រិន និង​ស្នាម​ជាំ​ជា​ច្រើន​កន្លែង​​លើ​ដៃ។ ​ស្នាម​ជាំ​​ខ្លះ​​ធ្វើ​ឲ្យ​គាត់​​​​ឈឺចាប់​ និង​ញ័រ​ដៃ​​ពេល​​​​ត្រូវ​ទឹក។

 

នេះ​ជា​ពេល​ដំបូង​​ដែល​យុវជន​​​​​​ខាង​លើ​ដឹង​កាន់​តែ​ច្បាស់​​ថា​ ដៃ​​​​ទាំង​គូ​របស់​ម្ដាយ​​​នេះ​​ហើយ ​​ដែល​ធ្លាប់​​បោក​គក់​រាល់​ថ្ងៃ ​ដើម្បី​​រក​ប្រាក់​បង់​ថ្លៃ​សាលា​​ឲ្យ​ខ្លួន​រៀន។ ស្នាម​ជាំ​​​​លើ​ដៃ​​ គឺ​ជា​តម្លៃ​​​​​មិន​អាច​កាត់​ថ្លៃ​បាន និង​ជួយ​ឲ្យ​កូន​រូប​នេះ​រៀន​ដល់​ចប់​ ​​ពិន្ទុ​ល្អ​ និង​​មាន​អនាគត។​

 

បន្ទាប់​ពី​​​​លាង​​​​​ដៃ​ម្ដាយ​រួច​រាល់​​កូន​កំព្រា​ឪពុក​រូប​នេះ ​​​បាន​​ជួយ​​បោក​​គក់​​ខោអាវ​​ដែល​នៅ​សល់​ទាំង​​អស់​​។ ​​​ក្នុង​​យប់​ដដែល ​អ្នក​ម្ដាយ​​បាន​​ជជែក​​​​​​​លេង​ជាមួយ​កូន​​​​អស់​​​​រយៈ​ពេល​ជា​យូរ។ នៅ​ព្រឹក​បន្ទាប់​ ​​កូន​​​​នេះ​បាន​​​ទៅ​កាន់​កន្លែង​សម្ភាសន៍​​តាម​ការ​ណាត់។​

លោក​ប្រធាន​​​កត់​សម្គាល់​ឃើញ​ថា​​​​ បេក្ខជន​​​រូប​នេះ​​បាន​​យំ​​​កាល​ពី​ថ្ងៃ​​​​ម្សិលមិញ​​រួច​សួរ​បន្ត​ថា៖
ប្រធាន៖ ​តើ​​​​អាច​ប្រាប់​ខ្ញុំ​បាន​ទេ ​​តើ​អ្នក​បាន​ធ្វើ​អ្វី​​​ និង​រៀន​បាន​​អ្វី​ខ្លះ​​​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​​កាល​ពី​ថ្ងៃ​​ម្សិលមិញ?
បេក្ខជន៖ ខ្ញុំ​បាន​លាង​សម្អាត​ដៃ​​ម្ដាយ​របស់​ខ្ញុំ និង​​ជួយ​បោក​​​​សំលៀកបំពាក់​ ដែល​នៅ​សល់​​​ទាំង​អស់​ទៀត​ផង​។
ប្រធាន៖ សូម​​ប្រាប់​អារម្មណ៍​របស់​អ្នក​?
បេក្ខជន៖ ទី​១. ឥឡូវ​ខ្ញុំ​​ស្គាល់​ថា​​អ្វី​ជា​ការ​​ខិតខំ​ប្រឹងប្រែង។ បើ​ពុំ​មាន​ម្ដាយ​ ​ខ្ញុំ​​​នឹង​​មិន​មាន​ថ្ងៃ​នេះ​ទេ។ ទី​២. ​ការ​ធ្វើការ​ជាមួយ​គ្នា​ ហើយ​​ចេះ​ជួយ​គ្នា ​ទើប​បាន​​សម្រេច​​គោលដៅ។ ទី​៣. ​ខ្ញុំ​​​​បាន​​យល់​ពី​សារសំខាន់​ និង​តម្លៃ​​​នៃ​ទំនាក់​ទំនង​គ្រួសារ​មួយ​។​
ប្រធាន៖​ ចំណុច​ទាំង​នេះ​ ជា​​អ្វី​ដែល​ខ្ញុំ​​កំពុង​ស្វែង​រក​​​ឲ្យ​ធ្វើ​ជា​​នាយក​របស់​ក្រុមហ៊ុន​ខ្ញុំ​។ ​ខ្ញុំ​ចង់​​បាន​​​មនុស្ស​​ណា​​ ដែល​តែង​តែ​ឲ្យ​តម្លៃ​​ការ​​​ខិតខំ​​របស់​អ្នក​ដទៃ ចេះ​ដឹង​សុខទុក្ខ​​​​អ្នក​ដទៃ រហូត​​​ធ្វើ​អ្វី​មួយ​បាន​​សម្រេច និង​​មនុស្ស​ដែល​​មិន​​​​​យក​លុយ​ដាក់​ជា​គោលដៅ​តែ​មួយ​គត់​​ក្នុង​ជីវិត។

ក្រោយ​មក​​យុវជន​​រូប​នេះ​ ​ត្រូវ​បាន​​ជ្រើស​រើស​​ឲ្យ​កាន់​មុខ​តំណែង​​ខាង​លើ ​ដោយ​រូប​គេ​មិន​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​​​អស់សង្ឃឹម​ ជា​មួយ​ការ​ប្ដេជ្ញា​​ចិត្ត​​​ធ្វើ​ការ ហើយ​ទទួល​​ការ​គោរព​ពី​​​​អ្នក​ក្រោម​​​​ឱវាទ​​​​ជា​ច្រើន។ ​ក្រុមហ៊ុន​​នោះ​​ ទទួល​ការ​រីកចម្រើន​​ទៅ​មុខ​​យ៉ាង​លឿន​។

 

តម្លៃ​អប់រំ​រឿង៖ ​ប្រសិន​​បើ​អ្នក​ណា​​ម្នាក់​​​មិន​យល់ និង​មិន​ធ្លាប់​ឆ្លង​កាត់​​​​​ការ​លំបាក ​ត្រូវ​រៀន​សូត្រ​​ជាមួយ​​មនុស្ស​​​​ដែល​ខ្លួន​គោរព​ស្រលាញ់​ និង​ជឿជាក់​។ ​ត្រូវ​​ឲ្យ​តម្លៃ​​ចំពោះ​​​មនុស្ស​ជុំវិញ​ខ្លួន​ ​​ដែល​ខិត​ខំ​លះបង់​ ឬ​​ជួយ​ជ្រោមជ្រែង​​យើង៕

 

 

ចុចអាន៖ រឿង​ខ្លី​តែ​បង្កប់​ន័យ​ជ្រៅ​ពី “ការ​ស្អប់”

ចុចអាន៖ ទឹក​ចិត្ត​ឪពុក​មាន​ចំពោះ​កូន ​បើ​អ្នក​បាន​ដឹង​នឹង​ស្រក់​ទឹក​ភ្នែក

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Moralstories