អ្នក​សង្កេតការណ៍​ថា​មាន​វត្តមាន​មន្ត្រី​នគរបាល​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​រតនគិរី

អ្នក​សង្កេតការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​រតនគិរី អះអាង​ថា មាន​មន្ត្រី​នគរបាល​មួយ​ចំនួន​បាន​ចូល​ទៅ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​មួយ​ចំនួន​ដោយ​គ្មាន​ភារកិច្ច ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ណែនាំ​មិន​ឲ្យ​មាន​កងកម្លាំង​គ្មាន​ភារកិច្ច​ស្លៀក​ពាក់​ឯកសណ្ឋាន​ឋិត​នៅ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បាន​ឡើយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី អំពាវនាវ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា សុំ​ឲ្យ​មន្ត្រី​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ត្រួត​ពិនិត្យ និង​បញ្ឈប់​មិន​ឲ្យ​មាន​មន្ត្រី​នគរបាល​ចូល​ទៅ​ការិយាល័យ​បោះឆ្នោត​​ដោយ​គ្មាន​ភារកិច្ច​ដែល​ជា​ការ​រំលោភ​ទៅ​លើ​គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះឆ្នោត។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​សង្កេតការណ៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃើញ​មន្ត្រី​នគរបាល​ស្លៀក​ពាក់​ឯកសណ្ឋាន​មាន​វត្តមាន​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឃុំ​អូរជុំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​​កញ្ញា និង​ឃើញ​មាន​ករណី​ដូចគ្នា​នៅ​ការិយាល័យ​មួយ​ចំនួន​ទៀត​ក្នុង​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឡើង​ជាង​មួយ​សប្ដាហ៍​កន្លង​ទៅ។

​អនុ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អៀម អឿន ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​រំលោភ​គោលការណ៍​ណែនាំ​របស់ គ.ជ.ប។ លោក​ថា មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្រូវ​ណែនាំ​មន្ត្រី​រៀបចំ​បោះឆ្នោត​តាម​ការិយាល័យ​ឲ្យ​ត្រួតពិនិត្យ និង​ហាមឃាត់​មិន​ឲ្យ​មាន​មន្ត្រី​នគរបាល​ធ្វើ​បែប​នេះ​ត​ទៅ​ទៀត៖ «ប៉ូលិស​ឯកសណ្ឋាន​តែម្ដង អង្គុយ​ជាប់​ជាមួយ​ភ្នាក់ងារ​សង្កេតការណ៍។ ខ្ញុំ​សួរ​បណ្ដាញ​ខ្ញុំ​នៅ​គ្រប់​ឃុំ​គេ​ធ្វើ​អ៊ីចឹង វា​ខុស​នីតិវិធី។ ខ្ញុំ​ប្ដឹង​ផ្ទាល់​មាត់ មិន​ទាន់​ប្ដឹង​លាយលក្ខណ៍អក្សរ​ទេ»

​ឆ្លើយ​តប​ការ​អះអាង​នេះ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី ទទួល​ស្គាល់​ថា គោលការណ៍ គ.ជ.ប មិន​អនុញ្ញាត​ឲ្យ​កងកម្លាំង​ស្លៀកពាក់​ឯកសណ្ឋាន​ចូល​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​គ្មាន​ភារកិច្ច​នោះ​ទេ។ លោក​ថា នឹង​ណែនាំ​ឲ្យ​មន្ត្រី​ការិយាល័យ​​ចុះ​ឈ្មោះ​ពិនិត្យ​កែសម្រួល​ឡើង​វិញ៖ «មាន​ករណី​ហ្នឹង​យើង​សម្របសម្រួល​គ្នា​ទៅ​ចាំ ខ្ញុំ​ឲ្យ​មន្ត្រី​ខ្ញុំ​ចុះ​ទៅ​ធ្វើ​ការងារ​ហ្នឹង»

របាយការណ៍​របស់​អ្នក​សង្កេតការណ៍​ខុមហ្វ្រែល (COMFREL) ប្រចាំ​ខេត្ត​រតនគិរី រយៈពេល​មួយ​សប្ដាហ៍​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ភាព​មិន​ប្រក្រតី​ដែល​អ្នក​សង្កេតការណ៍​រក​ឃើញ​រួម​មាន ប្រធាន​ការិយាល័យ​មិន​បាន​ពិនិត្យ​លិខិត​សំគាល់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​មួយ​ចំនួន។ ការី​កុំព្យូទ័រ មិន​បាន​ណែនាំ​ឲ្យ​អ្នក​ចុះឈ្មោះ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ខ្លួន​នៅ​លើ​អេក្រង់​កុំព្យូទ័រ កុំព្យូទ័រ​គាំង​មិន​ដំណើរ​ការ​ញឹកញាប់ ការិយាល័យ​ចុះ​ឈ្មោះ​ខ្លះ​បិទ​ការិយាល័យ​មុន​ម៉ោង ការី​កុំព្យូទ័រ​មិន​ផ្ដល់​លេខ​កូដ​សម្ងាត់​​ឲ្យ​អ្នក​សង្កេតការណ៍​ជាដើម។

លេខា​អង្គការ​ខុមហ្វ្រែល ប្រចាំ​ខេត្ត​រតនគិរី លោក ជួន ភីនដារ៉ា បញ្ជាក់​ដែរ​ថា អ្នក​សង្កេតការណ៍​ខុមហ្វ្រែល ក៏​សង្កេតឃើញ​ដូច​ការ​អះអាង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទិន​មន្ត្រី​នគរបាល​ឯកសណ្ឋាន​ចូល​ទៅ​ការិយាល័យ​បោះឆ្នោត​ដោយ​គ្មាន​ភារកិច្ច។ លោក​កត់សំគាល់​ដែរ​ថា ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ការិយាល័យ​ឈ្មោះ​បោះ​ឆ្នោត​កន្លង​ទៅ​ឃើញ​កែសម្រួល​បាន​ត្រឹមត្រូវ​វិញ​ហើយ៖ «សុំ​ឲ្យ​ខាង​គណៈកម្មការ​ក៏​ដូច​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាក់ទង​គ្នា​ឲ្យ​ជាប់​លាប់។ សុំ​ឲ្យ​ជួប​​ប្រជុំ​គ្នា​រវាង​អ្នក​សង្កេតការណ៍ អ្នក​សង្កេតការណ៍​គណបក្ស​នយោបាយ និង​អាជ្ញាធរ​ដើម្បី​ផ្ដល់​ព័ត៌មាន​គ្នា»

តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រយៈពេល​មួយ​សប្ដាហ៍​នៅ​ទូទាំង​ខេត្ត​រតនគិរី កើន​ឡើង​ដល់​ជាង ១៩.៥០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។