អ្នកគ្រប់គ្រង​ផលិតកម្ម​ភាពយន្ត Long Production ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

រាជធានី​ភ្នំពេញ ៖  អ្នកគ្រប់គ្រង​ផលិតកម្ម​ភាពយន្ត Long Production ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង បទ​រំលោភ​លើ​ទំនុប​ចិត្ត ទឹកប្រាក់​ចំនួន ៣៩០០០​ដុល្លារ​អា​មេ​រិ​ក ។

អ្នកគ្រប់គ្រង​ផលិតកម្ម​រូប​នេះ​មានឈ្មោះ ពេជ្រ ច័ន្ទ​បូ​រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​អនុវត្ត​ដីកា នៃ​នាយកដ្ឋាន​គ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន យោង​ទៅ​លើ​បណ្តឹង​របស់​ឈ្មោះ ស៊ឹ​ម ស៊ូ​ឡង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ថៅកែ​ផលិតកម្ម Long Production ភាពយន្ត ។ សំណុំរឿង​នេះ​ស្ថិត​នៅ​ដៃ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដើមចម​គឺ​ឈ្មោះ ស៊ឹ​ម ស៊ូ​ឡង ជា​ថៅកែ​ផលិតកម្ម​បាន​ឲ្យ​ឈ្មោះ​ពេជ្រ ច័ន្ទ​បូ​រី ធ្វើ​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម ។ ថ្ងៃមួយ​ថៅកែ​ផលិតកម្ម​បាន​ឲ្យ​ឈ្មោះ ពេជ្រ ច័ន្ទ​បូ​រី ទៅ​ទិញ​សម្ភារៈ​បំពាក់​ស្ទូ​ឌី​យោ​ដើម្បី​ថត​ខ្សែភាពយន្ត ។ ឈ្មោះ ពេជ្រ ច័ន្ទ​បូ​រី បាន​ទៅ​ទិញ​សម្ភារៈ​បំពាក់​ស្ទូ​ឌី​យោ​តាម​ដែល​អ្វី​ថៅកែ​ប្រើ ។ លុះ​ពេល​ដែល​ទៅ​ទិញ​យក​មក​បំពាក់​បាន​ហើយ ថ្ងៃមួយ​ថៅកែ​ផលិតកម្ម​បាន​ត្រួតពិនិត្យ​សម្ភារៈ​បរិក្ខា​ទាំង​អស់នោះ ទើប​ដឹង​ថា ជា​សម្ភារ​: និង​ឧ​បរិក្ខា​ប្រភេទ​លេខ​២ ។ ពេល​ថៅកែ​ផលិតកម្ម​ត្រួតពិនិត្យ​សម្ភារៈ​បរិក្ខា​នោះ​ហើយ​ឃើញ​ថា​ខុស​ពី​អ្វី​ដែល​ខ្លួន​បានក​ម្ម៉​ង បាន​ហៅ​ឈ្មោះ ពេជ្រ ច័ន្ទ​បូ​រី សួរ​រួច​ហើយ​ឲ្យ​ឈ្មោះ ពេជ្រ ច័ន្ទ​បូ​រី យក​សម្ភារៈ និង​ឧបករណ៍​ទាំងនោះ​ទៅ​ដូរ​យក​លេខ​១​វិញ ។

មន្ត្រី​នគរបាល​បាន​បន្ត​ទៀត​ថា ឈ្មោះ ពេជ្រ ច័ន្ទ​បូ​រី ក៏​ដោះ​សម្ភារៈ និង​ឧបករណ៍​ទាំង​អស់នោះ​យក​ទៅ​មែន តែ​មិន​បាន​យក​ទៅ​ដូរ​ទេ គឺ​យក​ទៅ​ល់ក​បាត់​តែ​ម្តង ។ លុះ​ពេល​ដល់​ថ្ងៃ​ផលិតកម្ម​ត្រូវ​ថត​រឿង ស្រាប់តែ​ស្ទូ​ឌី​យោ មិន​ទាន់​ត្រូវ​បាន​បំពាក់​គ្រឿង​ឧបករណ៍​ឡើង​វិញ​នៅឡើយ​ទេ ។ ដូច្នេះ​បានជា​ថៅកែ​ផលិតកម្ម​ហៅ​ឈ្មោះ ពេជ្រ ច័ន្ទ​បូ​រី មក​សួរ ហើយ​ឈ្មោះ ពេជ្រ ច័ន្ទ​បុរី ចេះ​តែ​ឆ្លើយ​ដោះសារ និង​ព្យាយាម​គេចខ្លួន​រហូត​ទាក់ទង​មិន​បាន ទើប​ជា​ម្ចាស់​ផលិតកម្ម​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឲ្យ​ចាត់ការ​លើ​អ្នកគ្រប់គ្រង​រូប​នេះ ។

មន្ត្រី​នគរបាល​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​អនុវត្ត​ដីកា​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​បាន​កាលពី​ថ្ងៃ​ទី​០៧ កញ្ញា ឆ្នាំ​២០១៦ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៨​កញ្ញា​នេះ ៕