ទឹកចិត្តម្តាយ! ស្រី្តម្នាក់សុខចិត្តតែងខ្លួន​​ ធ្វើជាឪពុកទៅចូលរួម ពិធីមួយនៅសាលា ដើម្បីកូន…!

អាមេរិក៖ ឈ្មោះថាជាស្រ្តីមេម៉ាយចិញ្ចឹមកូនតែម្នាក់ឯង គឺមិនមែនជារឿង ងាយស្រួលទេសម្រាប់មនុស្សស្រីគ្រប់រូប។ នេះគឺព្រោះតែអ្នកដែលជាម្តាយ ត្រូវមានទំនួលខុសត្រូវខ្ពស់ទៅលើរឿងគ្រប់បែបយ៉ាងនៅក្នុងគ្រួសារ ទាំងរបៀបចិញ្ចឹមថែទាំកូន ការផ្គត់ផ្គង់ចំណូលក្នុងផ្ទះ ការអប់រំប្រៀនប្រដៅកូន ជាដើម។ ដូច្នេះវាគឺជាបន្ទុកការងារនៅក្នុងជីវិតមួយដ៏ធ្ងន់ ស្មុគស្មាញ ពិបាករែកពន់ និងគួរឱ្យវេទនាខ្លាំងណាស់។

ប៉ុន្តែសម្រាប់ស្រ្តីម្នាក់នេះវិញ ដែលនាងមានឈ្មោះថា Yevette Vasquez រស់នៅក្នុងរដ្ឋTexas សហរដ្ឋអាមេរិក នាងគឺជាអ្នកម្តាយមួយរូបដ៏អស្ចារ្យ និងគួរឱ្យគោរពកោតស្ញប់ស្ញែងជាទីបំផុត ព្រោះខណៈពេលដែលនាងបាន បើកឡានជូនកូនប្រុសសំណព្វចិត្តរបស់ខ្លួនមកសាលារៀន ក៏មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង។

ពេលនាងបើកឡានមកដល់មុខសាលា ក៏បានសម្គាល់ឃើញថា មានរថយន្តជាច្រើនចតបន្តកន្ទុយគ្នាក្នុងបរិវេណសាលាខុសពីធម្មតា។ នាងក៏បានសួរទៅកូនប្រុសថា៖ «មានអ្វីកើតឡើងនៅថ្ងៃនេះកូនសំឡាញ់ ម៉េចបានជាមានឡានច្រើនម្ល៉េះ?» រំភេចនោះកូនប្រុសក៏បានឆ្លើយតបទាំង ទឹកមុខស្រងូតស្រងាត់ថា៖ «នេះគឺជាថ្ងៃជួបជុំបរិភោគនំដូណាត់ជាមួយឪពុក នៅសាលារៀន»។

គ្រានតែឮចម្លើយនេះភ្លាមនាង Yevette Vasquez កើតចិត្តអាណិត កូនខ្លោចផ្សារក្រៃលែង រួចក៏បានបត់ក្បាលរថយន្តត្រឡប់មកផ្ទះវិញយ៉ាងលឿន ហើយបន្ទាប់មកក៏ចុះទៅប្តូរសម្លៀកបំពាក់ថ្មី តែងខ្លួនធ្វើជាឪពុកជូនកូនមក សាលារៀនម្តងទៀត ដើម្បីចូលរួមក្នុងពិធី «ជួបជុំបរិភោគនំដូណាត់ជាមួយឪពុក» ជាមួយកូនប្រុសរបស់នាងដោយសេចក្តីសោមន្សសរីករាយជាទីបំផុត។

នៅក្នុងកម្មវិធីនាង Yevette Vasquez មិនបានខ្វាយខ្វល់នោះទេថា នរណាគេនិយាយអ្វី គេគិតអ្វី ឬមើលមកនាងក្នុងក្រសែភ្នែកបែបណាក៏ដោយ ក៏នាងមិនខ្វល់ដែរ សំខាន់គឺនាងបានធ្វើឱ្យកូនខ្លួនឯងសប្បាយចិត្ត មានក្តីសុខ ទោះត្រូវដើរតួនាទី ជាឪពុកផង ម្តាយផងយ៉ាងណាក៏នាងមិនត្អូញត្អែរមួយម៉ាត់ដែរ។

ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ កូនប្រុសរបស់នាងពិតជាសប្បាយចិត្តណាស់ ដោយខ្លួនក៏មានឪពុកដូចជាគេឯងដែរ ពេលនេះកូនប្រុសនាងលែងខ្មាសគេ ទៀតហើយ ព្រោះមានឪពុកទៅបរិភោគនំដូណាត់ជាមួយគ្នា។ នាង Yevette Vasquez និយាយទៀតថា «ខ្ញុំដឹង ថាការដែលកូនខ្ញុំបានឃើញក្មេងឯទៀត នៅជាមួយឪពុកគេ គឺគេឈឺចាប់ និងពិតជាគួរឱ្យអាណិតខ្លាំងណាស់ ប៉ុន្តែឱ្យធ្វើដូចម្តេច? នេះហើយគឺជាជីវិតខ្ញុំ! តែពេលនេះយ៉ាងហោចណាស់ ក៏ខ្ញុំបានធ្វើនូវរឿង ដែលអាចឱ្យកូនប្រុសខ្ញុំញញឹមឡើង បានរាប់មិនអស់ទោះជាគេគ្មានឪពុកក៏ដោយ»។

ដឹងហើយលួចស្រស់ទឹកភ្នែកមិនដឹងខ្លួន...! នេះជាជីវិតស្រ្តីម្នាក់ដែលព្រមធ្វើគ្រប់យ៉ាងដើម្បីកូន នាងពិតជាមានបេះដូងពោរពេញ ទៅដោយក្តីស្រឡាញ់ ការលះបង់ និងការតស៊ូជំនះ ឧបសគ្គគ្រប់បែបយ៉ាង ក្នុងបុព្វហេតុតែម្យ៉ាងគឺ «ដើម្បីកូន»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទឹកចិត្តម្តាយ! ស្រី្តម្នាក់សុខចិត្តតែងខ្លួន​​ ធ្វើជាឪពុកទៅចូលរួម ពិធីមួយនៅសាលា ដើម្បីកូន...!

ទឹកចិត្តម្តាយ! ស្រី្តម្នាក់សុខចិត្តតែងខ្លួន​​ ធ្វើជាឪពុកទៅចូលរួម ពិធីមួយនៅសាលា ដើម្បីកូន...!

ទឹកចិត្តម្តាយ! ស្រី្តម្នាក់សុខចិត្តតែងខ្លួន​​ ធ្វើជាឪពុកទៅចូលរួម ពិធីមួយនៅសាលា ដើម្បីកូន...!

ទឹកចិត្តម្តាយ! ស្រី្តម្នាក់សុខចិត្តតែងខ្លួន​​ ធ្វើជាឪពុកទៅចូលរួម ពិធីមួយនៅសាលា ដើម្បីកូន...!

ទឹកចិត្តម្តាយ! ស្រី្តម្នាក់សុខចិត្តតែងខ្លួន​​ ធ្វើជាឪពុកទៅចូលរួម ពិធីមួយនៅសាលា ដើម្បីកូន...!