តំបន់វិហារអ៊ិស្លាមនៅបឹងកក់ នឹងត្រូវអភិវឌ្ឍឆាប់ៗ

ភ្នំពេញៈ អភិបាលរាជធានីលោក ប៉ា សុជាតិវង្ស បានប្រកាសពីម្សិលមិញនៅក្នុងវេទិកាមួយថាគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ជាពិសេសនៅម្តុំបរិវេណព្រះវិហារអ៊ិស្លាមដែលមានភាពចម្រូងចម្រាសនឹងចាប់ផ្តើមនាពេលឆាប់ៗនេះដោយលោកបានបើកឲ្យសហគមន៍អ៊ិស្លាមជ្រើសរើសអ្នកតំណាងដើម្បីចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍នៅទីនោះខណៈដែលផែនទីអភិវឌ្ឍន៍នៅវិហារនោះត្រូវបានគេសម្រេចរួចជាស្រេចទៅហើយ។

លោក ប៉ា សុជាតិវង្ស បានបង្ហាញគម្រោងដែលមាន ៤ ចំណុចរួមមានប្រព័ន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធផ្លូវ និងភ្លើងសម្រាប់តំបន់បឹងកក់ទាំងមូលដោយអះអាងថាសាលាក្រុងនឹងទទួលខុសត្រូវក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

ការអភិវឌ្ឍតំបន់បឹងកក់បាននាំឲ្យមានការតវ៉ាយ៉ាងក្តៅគគុកជាច្រើនឆ្នាំមកហើយពោលគឺចាប់តាំងពីបឹងនេះ និងផ្ទះប្រជាពលរដ្ឋជាច្រើនត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោក ឡាវ ម៉េងឃីន បូមខ្សាច់កប់ពន្លិចទាំងមិនទាន់មានការព្រមព្រៀងផ្តល់សំណងចាប់តាំងពីឆ្នាំ ២០០៧ មក។ រហូតមកទល់ពេលនេះនៅមានពលរដ្ឋមួយចំនួនមិនទាន់ទទួលបានសំណងទេ។

បើតាមលោក សុជាតិវង្ស សាលារាជធានីនឹងជ្រើសរើសតំណាងសហគមន៍ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍នោះខណៈដែលអ្នកនាំពាក្យសាលារាជធានីលោក មាន ចាន់យ៉ាដា បានបង្ហើបឲ្យដឹងថា សាលាក្រុងបានអនុម័តលើផែនទីសម្រាប់សាងសង់ផ្លូវដ៏ចម្រូងចម្រាសឆ្លងកាត់វិហារនោះរួចហើយ។

លោកថា៖ «វាជាការងាររបស់សាលាក្រុងមានអ្នកជំនាញរបស់យើង។ យើងបានសម្រេចរួចហើយ»។

ទោះយ៉ាងណា លោកបដិសេធបង្ហាញផែនទីនោះទេនៅពេលភ្នំពេញប៉ុស្តិ៍ស្នើសុំមើល។

ផែនទីផ្លូវការសម្រាប់ធ្វើផ្លូវកាត់វិហារអ៊ិស្លាមមិនត្រូវបានបង្ហាញឲ្យសាធារណជនក៏ដូចជាមេដឹកនាំក្នុងសហគមន៍អ៊ិស្លាមបានដឹងទេ។

លោក អាម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបានអះអាងថាលោក ឧស្មាន ហាស្សាន់ ដែលជាគូបដិបក្ខរបស់លោកនៅតុលាការនោះទទួលបានផលប្រយោជន៍អ្វីមួយពីគម្រោងធ្វើផ្លូវនេះ។ ការអះអាងរបស់លោកធ្វើឲ្យលោកចាញ់ក្តី និងត្រូវបង់ប្រាក់ ១០០ លានរៀលទៅលោកឧស្មាន ហាស្សាន់ ពីបទបរិហារកេរ្តិ៍។

ថ្លែងទៅកាន់អ្នកចូលរួមកាលពីម្សិលមិញលោក សុជាតិវង្ស បានបញ្ជាក់អំពីផលប្រយោជន៍ និងការតភ្ជាប់បណ្តាញផ្លូវនានានៅបឹងកក់ហើយលោកបានជំរុញឲ្យសហគមន៍ជ្រើសរើសតំណាងពី ៥ នាក់ទៅ ៧ នាក់ដើម្បីជួបប្រជុំស្វែងរកដំណោះស្រាយព្រមទាំងបានព្រមានថាការយកបញ្ហានេះទៅលាយឡំនឹងរឿងនយោបាយនឹងធ្វើឲ្យការស្វែងរកដំណោះស្រាយមានការយឺតយ៉ាវ។

លោកថ្លែងថា៖ «ពាក្យខ្មែរយើងថាមានផ្លូវមានក្តីសង្ឃឹម។ ចុះបើអត់ផ្លូវវាដូចជាអស់សង្ឃឹមដែរ។ តំបន់ណាមានផ្លូវតម្លៃអចលនទ្រព្យហ្នឹងក៏ល្អ។ ផ្លូវកាន់តែធំតម្លៃអចលនទ្រព្យកាន់តែខ្ពស់»។

លោកបន្ថែមថា៖ «យើងអត់មានជម្រើសទេប្លង់ចុងក្រោយរបស់យើងត្រូវធ្វើអ៊ីចឹងដើម្បីឲ្យចរាចរណ៍កន្លែងនេះ។ បងប្អូនគិតមើលទៅឲ្យតែចរាចរណ៍កន្លែងនេះធ្វើបានគឺមិនដឹងថាស្ថានភាពកន្លែងនេះល្អយ៉ាងណាទេ។ ដើម្បីយើងទាំងអស់គ្នាមិនមែនដើម្បីក្រុមនេះដើម្បីក្រុមនោះទេ»។ លោកបន្ថែមថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងមកទទួលទានអាហារនៅទីនេះពេលចប់បុណ្យលាងបាបរបស់សាសនាអ៊ិស្លាម។

លោកតែងនិយាយថា តំបន់នេះត្រូវតែអភិវឌ្ឍមិនអាចទុកឲ្យនៅដាច់តែឯងដូច្នេះទៀតទេ។ លោកអភិបាលក្រុងថ្លែងថាបើសិនតំបន់នេះត្រូវបានអភិវឌ្ឍវាអាចទាក់ទាញជំនួយបរទេសបានជាច្រើនទៀត។

លោក អះម៉ាត់ យ៉ះយ៉ា ដែលបានចូលរួមក្នុងវេទិកានោះដែរមិនបដិសេធដាច់អហង្ការចំពោះគម្រោងអភិវឌ្ឍន៍នៅតំបន់នេះទេហើយបានស្វាគមន៍ចំពោះការស្នើឲ្យមានការពិភាក្សាជាមួយសាសនិកអ៊ិស្លាម។

ទោះជាយ៉ាងណា លោក អះម៉ាត់ យ៉ះយ៉ា បានជំរុញឲ្យសាលារាជធានីស្តាប់មតិពលរដ្ឋប្រសិនបើចង់ឲ្យពលរដ្ឋបោះឆ្នោតឲ្យម្តងទៀត។ លោកថ្លែងថា៖ «បញ្ហានេះគឺថា តើសាលារាជធានីចង់ស្តាប់មតិពលរដ្ឋឬអត់?សហគមន៍អ៊ិស្លាមមិនចង់ឲ្យមានផ្លូវកាត់វិហារនេះដោយចូលតាមច្រកទ្វារធំនេះទេ។ គេអាចសង់កោងតាមរបងបាន»។

លោក ឧស្មាន ហាស្សាន់ ដែលបានចូលរួមក្នុងវេទិកានេះដែរមិននិយាយជាមួយអ្នកសារព័ត៌មានទេហើយបានឡើងជិះឡានទំនើបរបស់លោកចេញពីទីនោះបន្ទាប់ពីបញ្ចប់វេទិកា។

ក្នុងវេទិកានោះក៏មានអតីតអ្នកតវ៉ានៅតំបន់បឹងកក់ចូលរួមផងដែរ។ អ្នកដែលទទួលបានកម្មសិទ្ធិដីនៅទីនោះរួចហើយបានគាំទ្រគម្រោងរបស់លោកអភិបាលរាជធានីប៉ុន្តែកូនស្រីរបស់អ្នកស្រី ង៉ែត ឃុន ហៅ យាយម៉ាំមី ដែលជាអ្នកតវ៉ាជាយូរមកហើយនោះបានចាប់ក្បាលមេក្រូនៅពេលបញ្ចប់វេទិកាហើយនិយាយថាម្តាយរបស់អ្នកស្រីត្រូវបានសន្តិសុខរារាំងមិនឲ្យចូលរួមក្នុងវេទិកានេះទេ។

ទោះយ៉ាងណាអភិបាលរាជធានី និងមន្ត្រីជាច្រើនទៀតបានធ្វើព្រងើយចំពោះការលើកឡើងនេះ និងបានចាកចេញពីវេទិកានោះ។

មានការយល់ឃើញផ្សេងៗគ្នាទាក់ទងនឹងការកសាងផ្លូវកាត់តាមវិហារអ៊ិស្លាមនេះ។

បុរសខ្មែរអ៊ិស្លាមម្នាក់ឈ្មោះ យូក កៅ អាយុ ៧០ ឆ្នាំដែលរស់នៅក្នុងបរិវេណវិហារនេះនិយាយថាគេមិនគួរធ្វើផ្លូវកាត់វិហារនេះទេដោយសារតែវិហារមិនមែនជាកន្លែងសម្រាប់កម្សាន្តទេ។ «វិហារជាកន្លែងសម្រាប់គោរពមិនមែនសម្រាប់រាំសប្បាយទេ។ វាគួរតែជាកន្លែងស្ងប់ស្ងាត់។ អ្នកដែលគាំទ្រឲ្យមានគម្រោងធ្វើផ្លូវកាត់នេះដោយសារតែចង់បានលុយ»។

ប៉ុន្តែនិស្សិតខ្មែរអ៊ិស្លាមដែលរស់នៅក្នុងអន្តេវាសិកដ្ឋានក្នុងបរិវេណវិហារនេះដែលសុំមិនបញ្ចេញឈ្មោះនិយាយថា គាត់មិនជំទាស់នឹងគម្រោងធ្វើផ្លូវនេះទេដរាបណាផ្ទៃដីដែលយកធ្វើផ្លូវត្រូវបានសងមកវិញនៅខាងក្រោយវិហារដើម្បីធ្វើឲ្យវិហារមានគម្លាតពីរបង។

គេនៅរង់ចាំមើលថា តើបញ្ហាដ៏ចម្រូងចម្រាសនៅវិហារនេះនឹងវិវត្តទៅជាយ៉ាងណាទៀតខណៈមេដឹកនាំជាន់ខ្ពស់អ៊ិស្លាមទាំងពីរគឺលោក អះម៉ាត់ យះយ៉ា និងលោក ឧស្មាន ហាស្សាន់ មានអ្នកគាំទ្ររៀងៗខ្លួនហើយបណ្តឹងបរិហារកេរ្តិ៍ ១០០ លានរៀលកំពុងបន្តទៅសាលាឧទ្ធរណ៍៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts