ហេតុ​អ្វី​ព្រះអាទិត្យ​រះ​ចំ​ពីលើ​កំពូល​ប្រាង្គ​កណ្តាល​ប្រាសាទអង្គរវត្ត?

ខេត្តសៀមរាប ៖ សាកល្បង​ពិចារណា​តាម​បែប​បុរាណវិទ្យា និង​តារាសាស្ត្រ តាម​ការ​ព្យាករណ៍​ទុក នៅ​ព្រលឹម​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​ខាង​មុខ​នេះ នា​វេលា​ប្រមាណ​ចាប់​ម៉ោង​៥​ទៅ​៦​ព្រឹក យើង​នឹង​ឃើញ​ព្រះអាទិត្យ​នឹង​រះ​ឡើង​តាម​កំពូល​ប្រាង្គ​កណ្តាល​នៃ​អង្គរវត្ត​។ ហេតុការណ៍​នេះ​តែង​បាន​ទាក់ទាញ ចំណាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន ដែល​ចង់​ឃើញ​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ ហើយ​ចង់​ផ្តិត​យក​រូបភាព​នេះ​ទុកជា​អនុស្សាវរីយ៍​។

ហេតុ​អ្វី​មាន​ព្រឹត្តិការណ៍​បែប​នេះ​កើតឡើង? តើ​ជា​ព្រឹ​ត្ត​ការណ៍​មាន​ពាក់ព័ន្ធ​អ្វី​នឹង​សំណង់​ស្ថាបត្យកម្ម​អង្គរវត្ត? តទៅ​នេះ​គឺជា​ការ​ពិចារណា​ដោយ​ផ្អែក​ទៅ​លើ​ចំណេះ​ផ្នែក​បុរាណវិទ្យា និង​តារាសាស្ត្រ​ដែល​ពន្យល់​ដោយ​លោក អ៊ឹម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ជាដំបូង លោក អ៊ឹម សុខ​រិ​ទ្ធី ពន្យល់​ថា ចំណេះដឹង​ដែល​សិក្សា​អំពី​ព្រះអាទិត្យ​រះ​ឡើង​តាម​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នេះ មិនមែន​ជា​របកគំហើញ​ថ្មី​នោះ​ទេ តែ​ជា​បទ​សិក្សា ដែល​អ្នក​ស្រាវជ្រាវ​ធ្លាប់​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ខ្លះ​ៗ​មក​ហើយ​។

បទ​សិក្សា​នោះ គឺ​ស្វែង​យល់​អំពី​ទំនាក់ទំនង​រវាង​សំណង់​ស្ថាបត្យកម្ម​បុរាណ និង​តារាសាស្ត្រ ដើម្បី​បញ្ជាក់​ថា​វា​មិនមែន​ជា​ហេតុ​ចៃដន្យ ឬ​ជា​អព្ភូតហេតុ​អ្វី​នោះ​ទេ តែ​នេះ​ជា​ការ​ដឹង​ជា​មុន​ផ្នែក​តារាសាស្ត្រ​នៃ​អ្នកប្រាជ្ញ​បុរាណ​ដែល​ដឹកនាំ​កសាង​ប្រាសាទអង្គរវត្ត​។ ដើម្បី​យល់​ពី​រឿង​នេះ លោក អ៊ឹម សុខ​រិ​ទ្ធី ពន្យល់​ថា ជាដំបូង​គេ​ត្រូវ​សិក្សា​ពី​ទម្រង់​នៃ​ចក្រ​វា​ឡ​ទូទៅ ហើយ​ធៀប​នឹង​ស្ថាបត្យកម្ម​នៃ​ប្រាសាទអង្គរវត្ត​។

អ្នកប្រាជ្ញ​បុរាណ បាន​រៀបចំ​អង្គរវត្ត​ស្នង​ឲ្យ​រូបភាព​បង្រួម​របស់​ចក្រ​វា​ទ្ប នៅ​លើ​ផែនដី​តាម​ទម្រង់​រូប​វន្ត ដូច​ជា​ការ​រៀបចំ​ឲ្យ​មាន​មហាសមុទ្រ និង​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ មាន​ទ្វីប​ទាំង​៤​នៅ​ក្នុង​ចក្រ​វា​ទ្ប និង​ភ្នំ​ព្រះ​សុមេរុ​នៅ​ចំ​កណ្តាល ព្រមទាំង​ដំណើរ​វិវត្តន៍​របស់​ចក្រ​វា​ទ្ប​ជាដើម​។ បើ​យើង​យក​ចំណុច​ក្រោយ​នេះ​មក​ពិចារណា តាម​រយៈ​ក្បួន​តារាសាស្ត្រ​របស់​ឥណ្ឌា អំពី​អាយុកាល​របស់​ចក្រ​វា​ឡ ដែល​មាន​បែងចែក​ជា​៤​យុគ​បន្តបន្ទាប់​គ្នា​។ យុគ​គឺជា​វដ្តសង្សារ​នៃ​ចក្រ​វា​ឡ​ទាក់ទង​នឹង​ការ​កើត​វិវត្តន៍ និង​បាត់បង់​ទៅ​វិញ​។

ចន្លោះ​នៃ​យុគ​នីមួយ​ៗ​មាន​អន្តរកាល​មួយ ទើប​កើតជា​យុគ​ថ្មី​មួយទៀត​។ មួយ​វដ្ត​នៃ​ចក្រ​វា​ឡ​មាន​៤​យុគ ដែល​ស្មើនឹង​៤,៣២០,០០០​ឆ្នាំ​មនុស្ស​នៅ​លើ​ផែនដី ស្មើនឹង​១២,០០០​ឆ្នាំ​ទិព្យ​ប្រើ​នៅ​លើ​ឋានសួគ៌ (១​ឆ្នាំ​ទិព្យ​ឬ​សួគ៌​ស្មើនឹង​៣៦០​ឆ្នាំ​មនុស្ស​នៅ​លើ​ផែនដី​)​។ មួយ​វដ្ត​នៃ​យុគ​នេះ​ហៅ​ថា មហាយុគ​១​។ រយៈពេល​២,០០០​មហាយុគ​ស្មើនឹង​កល្ប​១ ហើយ​ស្មើនឹង​១​យប់​១​ថ្ងៃ​របស់​ព្រះព្រហ្ម ដែល​ត្រូវ​ស្មើនឹង​៨,៦៤០,០០០,០០០​ឆ្នាំ​មនុស្ស​។ មហាយុគ​ចែក​ជា​៤​យុគ​តូច​ៗ ដូច​មាន​ខាងក្រោម ៖

១.​ក្រឹត្យ​យុគ (​យុគមាស​) មាន​អាយុកាល​១,៧២៨,០០០​ឆ្នាំ​មនុស្ស ស្មើនឹង​៤,៨០០​ឆ្នាំ​ទិព្យ​។ នា​យុគ​នេះ មនុស្សលោក​មាន​អាយុ​វែង​ៗ និង​មាន​សេចក្តីសុខ​បរិបូរណ៍​។ ២. ត្រេ​ត​យុគ (​យុគប្រាក់​) មាន​អាយុកាល ១,២៩៦,០០០​ឆ្នាំ​មនុស្ស ស្មើនឹង ៣៦០០​ឆ្នាំ​ទិព្យ​។ មនុស្ស​រស់នៅ​ក្នុង​យុគ​នេះ​មាន​អាយុ​វែង​មធ្យម និង​មាន​សេចក្តីសុខ​ច្រើន​។ ៣. ទ្វា​បរ​យុគ (​យុគ​ចំនួន​លេខ​គត់​គូ​) មាន​អាយុកាល​៨៦៤,០០០​ឆ្នាំ​មនុស្ស ស្មើនឹង​២,៤០០​ឆ្នាំ​ទិព្យ​។ មនុស្ស​រស់នៅ​ក្នុង​យុគ​នេះ មាន​អាយុ​វែង​ដែរ និង​មាន​សេចក្តីសុខ​មធ្យម​។

៤.​កលិយុគ (​យុគ​ប្រកបដោយ​ទោស ប្រកបដោយ​ជម្លោះ​) មាន​អាយុកាល​៤៣២,០០០​ឆ្នាំ​មនុស្ស ស្មើនឹង​១,២០០​ឆ្នាំ​ទិព្យ​។ មនុស្ស​រស់នៅ​ក្នុង​យុគ​នេះ មាន​អាយុ​មិន​ច្រើន និង​មាន​សេចក្តីសុខ​តិចតួច​។ យុគ​នេះ​បាន​ចាប់ផ្តើម​ហើយ​តាំងពី​ឆ្នាំ​៣,១០៣​មុន​គ​.​ស​.​។ ទន្ទឹម​នឹង​នេះ តាម​ក្បួន​តារាសាស្ត្រ​ឥណ្ឌា គេ​បែងចែក​ពេលវេលា​ដោយ​គិត​ទៅ​តាម​ដំណើរ​ព្រះ​ច័ន្ទ និង​ព្រះអាទិត្យ ទើប​កើត​មាន​ជា​ចន្ទគតិ និង​សុរិយគតិ​។ ក្នុង​ដំណើរ​មួយ​គោចរ​របស់​ព្រះអាទិត្យ​នេះ មួយ​ឆ្នាំ​ត្រូវ​បែងចែក​ជា​២​ដំណើរ​គឺ​ចំនួន​១៨៩​ថ្ងៃ និង​ចំនួន​១៧៦​ថ្ងៃ​។

ដោយសារ​អង្គរ​វត្តមាន​ទាក់ទង​នឹង​វដ្តសង្សារ​របស់​ចក្រ​វា​ទ្ប នោះ​តួលេខ​នៃ​អាយុកាល​របស់​យុគ​នីមួយ​ៗ ទាក់ទង​ទៅ​នឹង​ទំហំ​ប្រវែង​នៃ​រចនាសម្ព័ន្ធ​សំខាន់​ៗ​របស់​អង្គរវត្ត ដែល​អ្នក​ស្រាវជ្រាវ​បាន​ស្វែងរក​ឃើញ​កន្លង​មក​។ លោក អ៊ឹម សុខ​រិ​ទ្ធី បាន​ពន្យល់​តាម​រយៈ​លទ្ធផល​នៃ​ស្រាវជ្រាវ​នោះ ថា​ខ្នាត​ដែល​ស្ថាបត្យករ និង​វិស្វករ​បុរាណ​ប្រើ គឺ​ហត្ថ​។ ប្រវែង​របស់​ហត្ថ​មិន​ដូច​គ្នា​ទាំងអស់​តាម​ជំនាន់​រាជការ​នីមួយ​ៗ​ទេ​។ ពោល​គឺ សម័យ​អង្គរវត្ត រាជការ​ប្រើ​ខ្នាត​របស់​ហត្ថ​មាន​ប្រវែង​ស្មើ​០,៤៣៦​ម៉ែត្រ​។

តាម​ខ្នាត​នេះ យើង​អាច​ស្វែង​យល់​បាន​អំពី​ប្រវែង​រចនាសម្ព័ន្ធ​សំខាន់​ៗ​របស់​អង្គរវត្ត​ដូច្នេះ​៖ ១.​ចម្ងាយ​ស្ពាន​ហាល​ឆ្លង​ក​សិន្ធុ​នៅ​មុខ​អង្គរ​វត្តមាន​ប្រវែង​៤៣៩,៧៨​ហត្ថ ២.​ចម្ងាយ​រានហាល​ចាប់ពី​គុក​តា​រាជ្យ​ដល់​ថែវ​ទី​២​ប្រវែង​៨៦៧,០៣​ហត្ថ ៣.​ចម្ងាយ​ពី​គុក​តា​រាជ្យ​ដល់​ជណ្តើរ​ទី​១​ឡើង​បា​កា​ន្ត​ប្រវែង​១២៩៦,០៧​ហត្ថ ៤.​ចម្ងាយ​ពីមុខ​នាគ​ដល់​ប្រាង្គ​កណ្តាល​បាកាន​ប្រវែង​១៧៣៤,៤១​ហត្ថ ៥. រចនាសម្ព័ន្ធ​នៅ​ជាន់​បាកាន​ដែល​មាន​ប្រាង្គ​ប្រាំ​សាង​ទ្បើ​ង​កាត់​កែង​គ្នា ដែល​មាន​ប្រវែង​លិច​-​កើត​ចំនួន​១៨៩​ហត្ថ និង​ជើង​ត្បូង​ប្រវែង​១៧៦,៣៧​ហត្ថ​។

បើ​បូក​ចំនួន​ទាំង​ពីរ គឺ​សរុប​បាន​ចំនួន​៣៦៥,៣៧​ហត្ថ​។ បើ​យើង​លើកលែង​ការ​ឃ្លៀងឃ្លាត​ខ្លះ​ដោយ​ចេតនា ដែល​ជា​ទំនៀម​របស់​ជាង​ចេញ និង​ការ​បំពេញ​បង្គ្រប់​ព្រមទាំង​កាត់​ចំនួន​សេសសល់​ចេញ តម្រូវ​ឲ្យ​ចំនួនគត់​មក​វិញ នោះ​យើង​នឹង​អាច​យល់​បាន​អំពី​ទំនាក់ទំនង​នៃ​ប្រវែង​រចនាសម្ព័ន្ធ​សំខាន់​របស់​អង្គរវត្ត ទៅ​នឹង​អាយុកាល​របស់​យុគ​នៃ​វដ្តសង្សា​របស់​ចក្រ​វា​ឡ​។

ទំនាក់ទំនង​នោះ អាច​សង្ខេប​មក​ដូច្នេះ ៖ ទី​១.​ចម្ងាយ​ដំណើរ​លើ​ស្ពាន​ហាល អាច​ប្រមាណ​នឹង​អាយុកាល​របស់​ក​លិ​ក​យុគ ដែល​មាន​រយៈពេល​៤៣២,០០០​ឆ្នាំ  ទី​២.​ចម្ងាយ​ដំណើរ​ពី​គុក​តា​រាជ្យ​ដល់​ថែវ​ទី​២ អាច​ប្រមាណ​នឹង​អាយុកាល​របស់​ទ្វា​បរ​យុគ ដែល​មាន​រយៈពេល​៨៦៤,០០០​ឆ្នាំ ទី​៣.​ចម្ងាយ​ដំណើរ​ពី​គុក​តា​រាជ្យ​ដល់​ជណ្តើរ​ទី​១​ឡើង​បាកាន អាច​ប្រមាណ​នឹង​អាយុកាល​របស់​ត្រេ​ត​យុគ ដែល​មាន​រយៈពេល​១,២៩៦,០០០​ឆ្នាំ  ទី​៤.​ចម្ងាយ​ដំណើរ​ពីមុខ​នាគ​ដល់​ប្រាង្គ​កណ្តាល​បាកាន អាច​ប្រមាណ​នឹង​អាយុកាល​របស់​ក្រឹត្យ​យុគ ដែល​មាន​រយៈពេល​១,៧២៨,០០០​ឆ្នាំ ទី​៥.​រីឯ​ប្រវែង​នៅ​ជាន់​បាកាន​ដែល​មាន​សំណង់​កាត់​កែង​គ្នា សរុប​គឺ​៣៦៥​ហត្ថ ដែល​រោងទង​កាត់​កែង​លិច​-​កើត​មាន​១៨៩​ហត្ថ និង​រោងទង​ជើង​-​ត្បូង​មាន​១៧៦​ហត្ថ នោះ​វា​ត្រូវ​នឹង​ដំណើរ​គោចរ​របស់​ព្រះអាទិត្យ​ក្នុងរយៈពេល​៣៦៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ដែល​វិស័យ​តារាសាស្ត្រ​ចែក​ជា​ពីរ​ដំណើរ​គឺ​១៨៩​ថ្ងៃ និង​១៧៦​ថ្ងៃ​។

តើ​ហេតុ​អ្វី​បាន​ត្រូវ​បែងចែក​ជា​ពីរ​ដំណើរ​គោចរ​ដូច្នេះ? ហើយ​មាន​ពាក់ព័ន្ធ​នឹង​អង្គរវត្?ត លោក អ៊ឹម សុខ​រិ​ទ្ធី​ពន្យល់​តាម​ក្បួន​តារាសាស្ត្រ​ថា ដោយសារ​ក្នុង​មួយ​ឆ្នាំ​ៗ មាន​ខែ​ខ្លះ​ថ្ងៃ​វែង​ជាង​យប់ ហើយ​ខែ​ខ្លះ​ទៀត​យប់​វែង​ជាង​ថ្ងៃ​។ ប៉ុន្តែ​ក្នុង​នោះ​មាន​ខែ​ពីរ ដែល​ពេល​យប់ និង​ថ្ងៃ​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​នោះ​គឺ នៅ​ពេល​ដែល​ព្រះអាទិត្យ​គោចរ​បាន​១៨៩​ថ្ងៃ​ម្តង ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២០​ឬ​២១ ខែមីនា និង​ពេល​ដែល​ព្រះអាទិត្យ​គោចរ​បាន​១៧៦​ថ្ងៃ​ម្តងទៀត ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២១​ឬ​២២ ខែកញ្ញា​។

តាម​ក្បួន​តារាសាស្ត្រ​សម័យ​ទំនើប ហៅ​បាតុភូត​នេះ​ថា Equinox (​មក​ពី​ភាសា​ទ្បា​តាំង aequus មាន​ន័យ​ថា​ស្មើនឹង nox គឺ​រាត្រី​) ដែល​មាន​គេ​ប្រែ​សម្រួល​ជា​ភាសាជាតិ​ថា «​សម​រាត្រី​» យើង​ក៏​អាច​សម្គាល់​បាន​អំពី​បាតុភូត​នេះ​បាន​ដែរ​។ បើ​យើង​ឈរ​បែរមុខ​ទៅ​កើត​ត្រង់ ក្នុង​វេលា​ណា​ដែល​មាន​ព្រះអាទិត្យ​រះ​ទ្បើ​ង​ចំ​ពីមុខ​យើង​ត្រង់ បន្ទាប់​មក​ទៀត​រះ​ទ្បើ​ង​ត្រង់​ចំ​កណ្តាល​ក្បាល​យើង ហើយ​ធ្វើ​ឲ្យ​ស្រមោល និង​តួខ្លួន​ត្រួតស៊ីគ្នា​។

ដោយ​គន់គូរ​តាម​ក្បួន​តារាសាស្ត្រ និង​លោកធាតុ​វិទ្យា​នេះ​ហើយ ដែល​ស្ថាបត្យករ​បុរាណ​កសាង​អង្គរវត្ត ឲ្យ​ឆ្លុះ​ប្រៀប​នឹង​ចក្រ​វា​ឡ​ផង និង​វដ្តសង្សារ​របស់​ចក្រ​វា​ទ្ប​ផង ដោយ​យក​ប្រាង្គ​កណ្តាល​នៃ​អង្គរវត្ត​ជា​គោល​កណ្តាល និង​ជា​ចំណុចសូន្យ​សម្គាល់​គោចរ​របស់​ព្រះអាទិត្យ​។ ក្នុង​រវាង​១៨៩​ថ្ងៃ​និង​បន្ត​១៧៦​ថ្ងៃ ព្រះអាទិត្យ​នឹង​មក​ដល់​ចំណុច​នេះ​ម្តង​។ តាម​តម្រា​នេះ​ហើយ ទើប​ក្នុង​មួយ​ឆ្នាំ​ព្រះអាទិត្យ​តែង​រះ​លូត​ទ្បើ​ង​ត្រង់ តាម​កំពូល​កណ្តាល​នៃ​អង្គរវត្ត​២​ដង​ក្នុង​មួយ​ឆ្នាំ​ជា​ទៀងទាត់​។

ជាក់ស្តែង​នៅ​រាត្រី​នា​ខែកញ្ញា ឆ្នាំ​២០១៦ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែកញ្ញា វេលា​រសៀល​ម៉ោង​២​និង​២១​នាទី​ម៉ោង​សកល ដែល​ត្រូវ​នឹង​វេលា​នៅ​ស្រុក​ខ្មែរ នា​យប់​ម៉ោង​៩​និង​២១​នាទី​។ ប៉ុន្តែ​ព្រឹ​ត្ត​ការណ៍​នៃ​ព្រះអាទិត្យ​រះ​ទ្បើ​ង​តាម និង​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត នឹង​កើត​ទ្បើ​ង​នៅ​ព្រឹក​ព្រលឹម​ស្រាង​ៗ​នា​ថ្ងៃ​បន្ទាប់ ពោល​គឺ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​។ ជា​ការ​សង្ខេប​មក​វិញ ការ​រះ​ឡើង​នៃ​ព្រះអាទិត្យ​តាម និង​ចំ​លើ​កំពូល​កណ្តាល​របស់​អង្គរវត្ត មិនមែន​ជា​រឿង​ចៃដន្យ​ឬ​ជា​អព្ភូតហេតុ​នោះ​ទេ តែ​ជា​ការ​គិតគូរ​តាម​ក្បួន​តារាសាស្ត្រ​យ៉ាង​ត្រឹមត្រូវ​របស់​ស្ថាបត្យករ​ខ្មែរ​នា​សម័យ​អង្គរ​៕