ជប៉ុន​ប្រឹងប្រែង​ជួយ​ហ្វីលីពីន​,​វៀតណាម​ដើម្បី​ប្រឆាំង​ចិន​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-08-2016, 8:59 pm         1180

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជប៉ុន​ប្រឹងប្រែង​ជួយ​ហ្វីលីពីន​,​វៀតណាម​ដើម្បី​ប្រឆាំង​ចិន​?​ជប៉ុន​បានប្រកាស​ផ្តល់​នាវា​ល្បាត​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ  ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ល្បាត​សមុទ្រ​ស្រប​ពេលដែល​ប្រទេស​នេះ​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ កន្លងមក​ជប៉ុន​ក៏បានផ្តល់​នាវា​ល្បាត​ប្រើ​រួច​ចំនួន​៦​គ្រឿង​ដែរ​។  នា​កិច្ចប្រជុំ​នៅ​ក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ក៏បានផ្តល់​នាវា​ល្បាត​ធំៗ​ចំនួន ២​គ្រឿង​និង​ជួល​យន្តហោះ​ល្បាត​៥​គ្រឿង​ឲ្យ​ហ្វីលីពីន​ដែលជា​ភាគី​ជម្លោះ​មួយទៀត​ដែរ​។ ជប៉ុន​កំពុង​ចេញមុខ​ចេញ​មាត់​កាន់តែខ្លាំង​ក្នុងការ​គាំទ្រ​ភាគី​ជម្លោះ​ដើម្បី​ប្រឆាំង​ជាមួយ​ចិន ដែល​កំពុង​វាតទី​យក​ដែន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មិន​ក្លាយជា​ប្រធានបទ​ក្តៅ​ឡើយ​នៅក្នុង​ពេលដែល​ឡាវ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ចាប់ពី​ថ្ងៃ ៦​កញ្ញា​នេះ​។ ក្នុង​សេចក្តីថ្លែងការណ៍​ប្រធាន​អាស៊ាន គេ​មិនឃើញ​មាននិយាយ​ពី​សេចក្តីសម្រេច​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដែល​ទាត់ចោល​ការទាមទារ​រ​បស់​ចិន​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។

​ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ មហាអំណាច​ខាងក្រៅ ដែល​មិន​ពាក់ព័ន្ធ​ជម្លោះ​ដូចជា​ជប៉ុន បាន​ឆ្លៀតឱកាស​យក​កិច្ចប្រជុំ​នៅ​ឡាវ​ដើម្បី​ដើម្បី​ប្រកាស​ផ្តល់ជំនួយ​ដល់​ភាគី​ជម្លោះ​ដូចជា​វៀតណាម និង​ហ្វីលីពីន វិញ​។

​នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​ក្រុង​វៀងចន្ទន៍ លោក ស៊ីន​ហ្សូ អា​បេ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​វៀតណាម Nguyen Xuan Phuc  និង​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ផងដែរ​។ ហើយ​មេដឹកនាំ​ទាំងនេះ​បាន​ជជែក​គ្នា​ពី​បញ្ហា​ជាច្រើន​រួមទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​សន្តិសុខ​ដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុងជំនួប​ទ្វេភាគី​នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​វៀងចន្ទន៍​ថា ជប៉ុន​ប្រកាស​ផ្តល់​នាវា​ល្បាត​ដល់​វៀតណាម និង​ហ្វីលីពីន​ផង ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ការពារ​ដែនសមុទ្រ ខណៈដែល​ប្រទេស​ទាំងពីរ​បន្ត​ប្រឈមមុខ​ជាមួយ​ចិន​។ ចំណែក​ជប៉ុន​ប្រឹង​ជួយ​សមាជិក​អាស៊ាន​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​នេះ ក៏​ដោយសារ​ខ្លួនឯង​ក៏​កំពុង​ឈ្លោះ​ជាមួយ​ចិន​រឿង​កោះ​សេន​កា​គូ​នៅ​សមុទ្រ​ចិន​ខាងកើត​ដែរ​។ ក្រៅពីនេះ ជប៉ុន​ក៏​បន្ត​សហការ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ធ្វើ​សកម្មភាព​ល្បាត​និង​ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​ឃ្លាំមើល​និង​កំញើញ​ចិន​ដែល​បន្ត​វាតទី​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ 

​តាមពិតទៅ មូលហេតុ​ដែល​ជប៉ុន​នៅ​មិន​សុខ ក៏ដោយ​សារ រយៈពេល​ចុងក្រោយ​នេះ បញ្ហា​សមុទ្រ​ចិន​ខាងកើត​ចាប់ផ្តើម​ក្តៅ ជាថ្មី​។ គេ​ឃើញ​ជប៉ុន​ព្រមាន​ចិន​ដែរ​កាល​ពីថ្ងៃ​អង្គារ ពាក់ព័ន្ធ​ការបង្កើន​ចំនួន​កងទ័ព​ល្បាត និង​ចំនួន​នាវា​រដ្ឋាភិបាល​ដែល​ធ្វើដំណើរ​នៅក្បែរ​កោះ​សេ​កា​គូ​ឬ​ទៀវ​យូ​នៅ សមុទ្រ​ចិន​ខាងកើត​ដែរ​។ រដ្ឋមន្ត្រីការបរទេស​ជប៉ុន Fumio Kishida បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​ប្រាប់ថា ចិន​កំពុង​ធ្វើ​ហួស​ដែន​កំណត់ ហើយ​វា​ក៏​កំពុង​បំផ្លាញ​ទំនាក់ទំនង​ជាមួយ​ជប៉ុន​ដែរ​។

១.​វៀតណាម​ទទួលបាន​នាវា​ល្បាត​ពី​ជប៉ុន​បន្ថែមទៀត ក្រោយ​ទទួលបាន​៦​គ្រឿង​ហើយ​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នាយករដ្ឋមន្ត្រី​ជប៉ុន បានប្រកាស​ក្នុងពេល​ជួប​ជាមួយ​សម​ភាគី​វៀតណាម​លោក Nguyen Xuan Phuc នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាទី​ក្រុង​វៀងចន្ទន៍ ថ្ងៃ​ពុធ​ទី ៧ កញ្ញា​ថា ជប៉ុន​នឹង​ផ្តល់​នាវា​ល្បាត​ថ្មី​ទៅ​ឲ្យ​វៀតណាម​នៅពេល​ខាងមុខ​។ ហើយ​ការផ្តល់​ឲ្យ​វៀតណាម​នូវ​នាវា​ល្បាត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ពង្រឹងសមត្ថភាព​អនុវត្ត​ច្បាប់​និង​ការពារ​ដែនសមុទ្រ​រប​ស់​ខ្លួន​ផង​។​

​បើតាម​មន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ដែល​អមដំណើរ​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ ជប៉ុន​ធ្លាប់​បានផ្តល់​នាវា​ល្បាត ៦​គ្រឿង​ទៅ​ឲ្យ​វៀតណាម​ម្តង​ដែរ​កន្លែង​មក ប៉ុន្តែ​វា​ទាស់​ត្រង់​ថា​នាវា​នោះ​ជានា​វា​ដែល​ប្រើប្រាស់​រួចហើយ​។ ចំណែក​ពាក់ព័ន្ធ​ចំនួន​នាវា​ល្បាត​ថ្មី និង​ពេលវេលា​នៃ​ការផ្ទេរ​នាវា​មក​ឲ្យ​វៀតណាម​នោះ​មិនត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ឡើយ​។​

​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​វៀតណាម​និង​ជប៉ុន​ប្រសើរឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។  ហើយ​កាលពី​ចុងឆ្នាំ​មុន វៀតណាម និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រវាង​កងទ័ព​ទាំងពីរ​ថែមទៀត​។ កងទ័ព​ស្វ័យការពារ​របស់​ជប៉ុន​ក៏​ធ្លាប់​ចូលមក​ទស្សនកិច្ច​មូល​ដ្ឋា​ន​យោធា​របស់​វៀតណាម​នៅ Cam Ranh ទៀត​។

២.​ជប៉ុន​ផ្តល់​នាវា និង​យន្តហោះ​ឈ្លបយកការណ៍​ដល់​ហ្វី​ពី​លីន​
​ដោយឡែក រដ្ឋាភិបាល​ជប៉ុន​ក៏បានផ្តល់​នាវា​ល្បាត​ធំៗ​ចំនួន​ពីរ​គ្រឿង​និង​ជួល​យន្តហោះ​ឈ្លបយកការណ៍​ចំនួន ៦​គ្រឿង​ផ្សេងទៀត​ឲ្យ​ហ្វីលីពីន ដើម្បី​ពង្រឹងសមត្ថភាព​ល្បាត​ដូច​វៀតណាម​ដែរ​កាល​ពីថ្ងៃ​អង្គារ​។ ទំនាក់ទំនង​ការពារជាតិ​រវាង​ជប៉ុន​និង​ហ្វីលីពីន​មាន​យូរ​មកហើយ ហើយក៏​កាន់​ប្រសើរឡើង​នៅពេលដែល​ដែល​ជប៉ុន​ចាប់ផ្តើម​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​ដើម្បី​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​អាច​បញ្ជូន​ទ័ព​ទៅ​ច្បាំង​នៅក្រៅ​ប្រទេស​ក្នុងករណី​ចាំបាច់ និង​អាច​ចូលរួម​ក្នុង​សកម្មភាព ថែរក្សា​សន្តិភាព​ជាដើម​។​

​កាលពី​ចុងខែ​កុម្ភៈ​ឆ្នាំ ២០១៦ ក្រសួងការពារជាតិ​ហ្វីលីពីន និង​ជប៉ុន​បាន​ឯកភាពគ្នា​បង្កើត​កិច្ចព្រមព្រៀង​មួយ​ដែល​ជប៉ុន​អាច​ផ្តល់ជំនួយ​យោធា​ដល់​ហ្វីលីពីន​បាន​។ តែ​ជប៉ុន​បានប្រកាស​ជាមុន​ថា សកម្មភាព​នេះ​ជាការ​ផ្តល់ជំនួយ​ដល់​ហ្វីលីពីន​ក្នុងការ​ពង្រឹង​ការ​ស្វ័យការពារ​ប៉ុណ្ណោះ ហើយ​វា​មិនមែនជា​ការប្រឆាំង​រដ្ឋ​ណាមួយ​ទេ​។ តែ​គេ​ដឹង​ច្បាស់​ថា ជប៉ុន​កំពុង​ជួយ​ហ្វីលីពីន​ដើម្បី​ប្រឆាំង​ចិន​។

​តាមពិតទៅ ហ្វី​លី​ពី​ជា​រដ្ឋ​ជម្លោះ​មួយ​ដែល​ប្រឈម​ជាមួយ​ចិន​ខ្លាំង​កន្លងមក ហើយ​ប្រឹង​អូសទាញ​មហាអំណាច​និង​ភាគី​ឯទៀត​មក​គាំទ្រ​ខ្លួន​។ ប៉ុន្តែ រដ្ឋបាល​ហ្វីលីពីន​ថ្មី​ហាក់​មិន​ជ្រើស​រើសយក​ការប្រឈមមុខ​ជាមួយ​ចិន​ទេ​។ លោក Duterte ហាក់ដូចជា​ប្រឹង​ធ្វើយ៉ាងណា​រក្សា​ទំនាក់ទំនង​ជាមួយ​ចិន ឲ្យ​ល្អ និង​ជ្រើស​រើសយក​ការចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ជា​លក្ខណៈ​ទ្វេភាគី​វិញ​។ រឿង​ចម្លែក គឺ​លោក Duterte បាន​ប្រាប់ថា លោក​មិន​លើកយក​បញ្ហា​សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ​មក​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ឡាវ​ឡើយ​៕