រុស្ស៊ីបាញ់មីស៊ីល S-300 និង S-400 “សងសឹក” អ៊ុយក្រែនដែលប្រកាសចាប់ខ្លួនរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

​ក្នុង​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​ទ្រង់ទ្រាយ​ធំ​របស់​រុ​ស្ស៊ី​មានឈ្មោះ​ថា​ "KAVKAZ​ 2016"​ នៅ​តំបន់​ Astrakhan​ ដោយ​មាន​កម្លាំង​ទាហាន​ចូលរួម​ចំនួន​១២.៥០០​នាក់​នោះ​ គឺ​កងកម្លាំង​យោធា​រុ​ស្ស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ នឹង​មានការ​បាញ់​មី​ស៊ី​ល​ប្រយុទ្ធ​ប្រឆាំង​យន្តហោះ​ធុន​ S-300​ និង​ S-400​ និង​វត្តមាន​យន្តហោះ​ចម្បាំង​វាយលុក​ធុន​ SU-27​ ចូលរួម​ផង​ដែរ​ ដើម្បី​រុករក​កំណត់​គោលដៅ​ប្រតិបត្តិការ​លើ​ដែនអាកាស​ទប់ទល់​នឹង​សត្រូវ​ ព្រមទាំង​នាវាចម្បាំង​ប្រចាំ​នៅ​តំបន់​ភាគ​ខាងត្បូង​រុ​ស្ស៊ី​ និង​តំបន់​ Crimea​ ថែម​ទៀត​ ខណៈ​ក្រុម​អ្នកជំនាញ​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បាន​វាយតម្លៃ​ថា​ សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​រុ​ស្ស៊ី​នេះ​ គឺជា​ការ​ "​សងសឹក​"​ ទៅ​នឹង​អ៊ុយ​ក្រែ​ន​ដែល​ប្រកាស​ចាប់ខ្លួន​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី​ និង​មន្ត្រីជាន់ខ្ពស់​រុ​ស្ស៊ី​ចំនួន​១៧​នាក់​ផ្សេង​ទៀត​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប្រឆាំង​ និង​បំផ្លាញ​សន្តិសុខ​អ៊ុយ​ក្រែ​ន​នា​ពេល​កន្លង​មក​ ។​

រុស្ស៊ីបាញ់មីស៊ីល S-300 និង S-400 “សងសឹក” អ៊ុយក្រែនដែលប្រកាសចាប់ខ្លួនរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​មាន​ទ្រង់ទ្រាយ​ធំ​ឈ្មោះ​ "KAVKAZ​ 2016"​ នេះ​ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​នា​ចុងខែ​សីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ លោក​ Sergey​ Shoigu​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុ​ស្ស៊ី​ និង​មន្ត្រីជាន់ខ្ពស់​រុ​ស្ស៊ី​ចំនួន​១៧​នាក់​ផ្សេង​ទៀត​ ដូច​ជា​លោក​ Sergey​ Glazyev​ ទីប្រឹក្សា​ទទួល​បន្ទុក​សន្តិសុខ​របស់​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ ព្រមទាំង​ឧបការី​ប្រធានាធិបតី​រុ​ស្ស៊ី​ ទទួល​បន្ទុក​តំបន់​ Crimea​ ផង​ ត្រូវ​បាន​តុលាការយោធា​ទីក្រុង​ Kiev​ ប្រទេស​អ៊ុយ​ក្រែ​ន​ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ប្រឆាំង​ និង​បំផ្លាញ​សន្តិសុខ​ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន​ ក្រោយ​ពេល​រុ​ស្ស៊ី​សម្រេច​យក​តំបន់​ Crimea​ ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ និង​គាំទ្រ​ឲ្យ​មានការ​ផ្តាច់ខ្លួន​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ថែម​ទៀត​ កាលពី​ខែមីនា​ ឆ្នាំ​២០១៤​ ។​

រុស្ស៊ីបាញ់មីស៊ីល S-300 និង S-400 “សងសឹក” អ៊ុយក្រែនដែលប្រកាសចាប់ខ្លួនរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

​មី​ស៊ី​ល​ធុន​ S-400​ ដែល​អង្គការ​ NATO​ ហៅ​ថា​ "​ SA-21​ Growler​ "​ ជា​ប្រភេទ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​អាច​បាញ់​បាន​រយៈ​ចម្ងាយ​ក្នុង​រង្វង់​ប្រតិបត្តិការ​ដល់​៤០០​គីឡូម៉ែត្រ​ ។​

​លោក​ Petro​ Poroshenko​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ ធ្លាប់​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ខ្លាច​បាត់បង់​ទឹកដី​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​មហាអំណាច​រុ​ស្ស៊ី​ បន្ទាប់​ពី​រុ​ស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​យោធា​ជា​បន្ទាន់​មួយ​ តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា​ ដល់​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ។​

រុស្ស៊ីបាញ់មីស៊ីល S-300 និង S-400 “សងសឹក” អ៊ុយក្រែនដែលប្រកាសចាប់ខ្លួនរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

​ចាប់ពី​ខែសីហា​ មក​ដល់​ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ មហាអំណាច​រុ​ស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​ ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ នៅ​ជាប់​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​បាល់​ទិ​ក​ ជា​សមាជិក​អង្គការ​ NATO​ សម្ព័ន្ធមិត្ត​របស់​មហាអំណាច​អា​មេ​រិ​ក​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​រឹងរឹតតែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​បូរណភាព​ទឹកដី​របស់​ខ្លួន​ ៕​

Related