លោក អូ​បា​ម៉ា ប្រកាស​បើក​កម្មវិធី​ភាពជា​អ្នកដឹកនាំ​ស្ត្រី​អាស៊ីអាគ្នេយ៍​នៅ US-ASEAN Summit និពន្ធដោយ : ថ្មីៗ       September-08-2016, 10:39 pm         163

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា ប្រកាស​បើក​កម្មវិធី​ភាពជា​អ្នកដឹកនាំ​ស្ត្រី​អាស៊ីអាគ្នេយ៍​នៅ US-ASEAN Summit​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​បើក​«​កម្មវិធីសិក្សា​ភាពជា​អ្នកដឹកនាំ​ស្ត្រី​អាមេរិក​-​អាស៊ាន​»​ជា​ផ្លូវការ ដោយ​កម្មវិធី​នេះ​មាន​គោលដៅ​សំខាន់​លើកស្ទួយ​ស្ត្រី និង​ជួយ​បង្កើន​សមត្ថ​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​វ័យក្មេង​នៅ​តំបន់​អាស៊ាន​។

​សេចក្តីប្រកាស​ព័ត៌មាន​សេត​វិមាន​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ទី ៨​កញ្ញា​នេះ បាន​បញ្ជាក់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​បើក​កម្មវិធីសិក្សា​ភាពជា​អ្នកដឹកនាំ​ស្ត្រី​អាមេរិក​-​អាស៊ាន​ជា​ផ្លូវការ នៅក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​អាស៊ាន​នា កិច្ចប្រជុំ​កំពូល​អាមេរិក​អាស៊ាន​នាទី​ក្រុង​វៀងចន្ទន៍​។ 

​កម្មវិធី​ស្ត្រី​នេះ​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍​ដែរ ហើយ​វា​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​រដ្ឋបាល​អាមេរិក ដើម្បី​ជួយ​លើកស្ទួយ​និង​បង្កើត​ឱកាស​សម្រាប់​ស្ត្រី​វ័យក្មេង​នៅក្នុង​តំបន់​អាស៊ាន​ដែរ​។

​កម្មវិធី​ថ្មី​ដែល​ផ្តោតលើ​ការពង្រឹង​សមត្ថភាព​ស្ត្រី​នេះ​នឹង​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​វ័យក្មេង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម​សិក្ខាសាលា​ដើម្បី​កសាង​សមត្ថ​ភាពជា​អ្នកដឹកនាំ​រយៈពេល​មួយ​សប្តាហ៍​នៅ​សហរដ្ឋអាមេរិក​។ ដូច្នេះ​កម្មវិធី​នេះ​នឹង​ប្រមូលផ្តុំ​រាល់​ស្ត្រ័​វ័យក្មេង​និង​អ្នក​បង្ហាត់បង្ហាញ​ដែលមាន​អាយុ​ចាប់ពី​២៥ ដល់​៣៥​ឆ្នាំ មកពី​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​។​

​ក្រៅពី បង្កើត​កម្មវិធី​ភាពជា​អ្នកដឹកនាំ​ស្ត្រី​វ័យក្មេង​អាស៊ាន សហរដ្ឋអាមេរិក​ក៏​ចូលរួម​គាំទ្រ​គណកម្មការ​អាស៊ាន​ដែល​ទទួលបន្ទុក​លើកស្ទួយ និង​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារ​ដើម្បី​ឈានទៅ​បំពាក់បំប៉ន​សមត្ថភាព​មន្ត្រី​រដ្ឋាភិបាល និង​អ្នកអនុវត្ត​ច្បាប់​លើ​វិស័យ​ពាក់ព័ន្ធ​ដើម្បី​ប្រឆាំង​ការជួញដូរ​មនុស្ស​ជាដើម​។

​យោងតាម​សេចក្តីថ្លែងការណ៍​ដដែល​នេះ សហរដ្ឋអាមេរិក​កំពុងផ្តល់​ពានរង្វាន់​អាស៊ាន​អាមេរិក​ផ្នែក​វិទ្យាសាស្ត្រ​សម្រាប់​ស្ត្រី ក្រោម​ការសហការ​ជាមួយ​ជាមួយ​គណកម្មាធិកា​រអា​ស៊ាន​ស្តីពី​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ផងដែរ​។

​សូមបញ្ជាក់ សហរដ្ឋអាមេរិក ប្រឹងប្រែង​ជួយ​គាំទ្រ​បណ្តា​ប្រទេស​អាស៊ាន​ឲ្យ​លើកកម្ពស់​សិទ្ធិ​និង​សមត្ថភាព​របស់​ស្ត្រី​ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​កម្លាំង​ការងារ​និង​ចូលរួម​សកម្ម​ក្នុងសង្គម​។ ព្រោះ​របាយការណ៍​ស្រាវជ្រាវ​ជាច្រើន​បង្ហាញថា កាលណា​បើ​ស្ត្រី​ច្រើន​ទទួលបាន​ការអប់រំ និង​ចូលរួម​ក្នុង​កម្លាំង​ការងារ សេដ្ឋកិច្ច​នឹង​រីកលូតលាស់​រហ័ស អត្រា​នៃ​ការស្លាប់​របស់​ទារក​ក៏​ធ្លាក់ចុះ ហើយ​សហគមន៍​ក៏​អភិវឌ្ឍ​និង​មាន​វិបុលភាព​ដែរ​៕