ក្រុម​កីឡាករ​ក្លិប Mainz 05 ទៅ​សម្រាក​លំហែកាយ​នៅ​ស្វ៊ី​ស​បោះ​តង់​នៅ​លើ​ភ្នំ​គ្របដណ្ដប់​ដោយ​ព្រិល

លោក Martin Schmidt គ្រូបង្វឹក​ក្លិប Mainz 05​បាន​ដឹកនាំ​កីឡាករ​ក្នុង​ក្រុម​អំឡុង​ពេល​សម្រាក​វិស្សមកាល​នា​រដូវរងា ទៅ​បោះ​តង់​នៅ​លើ​ភ្នំ​ដែល​គ្របដណ្ដប់​ដោយ​ព្រិល​នៅ​រដ្ឋ​វ៉ា​ឡ ប្រទេស​ស្វ៊ី​ស​ជា​ស្រុក​កំណើត​របស់​ខ្លួន ។

ចាត់ទុកជា​រឿង​ចម្លែក​មួយ​ក្នុង​រយៈពេល​ឈប់​សម្រាក​រដូវរងា​នេះ ដែល​លោក Martin Schmidt គួរតែ​នាំ​កីឡាករ​ទៅ​លំហែ​នៅ​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្ដៅ ប៉ុន្តែ​លោក​បែរជា​ទៅ​រក​កន្លែង​រងា​លើស​ដើម ដោយសារ​នៅ​ប្រទេស​ស្វ៊ី​ស ទីតាំង​មួយ​ចំនួន​ស្ថិត​នៅ​ខ្ពស់​ជាង​នីវ៉ូទឹក​សមុទ្រ​២.៧០០​ម៉ែត្រ​និង​មាន ព្រិល​ធ្លាក់​ខ្លាំង​ទៀត​ផង ។

បច្ចុប្បន្ន Mainz 05 ស្ថិត​នៅ​លំដាប់​ទី​៨ នៃ​តារាង Bundesliga អា​ល្លឺ​ម៉​ង់​មាន​២៤​ពិន្ទុ ពី​ការ​ប្រកួត​១៧​លើក និង​គ្រោង​ទៅ​សួរសុខទុក្ខ​ក្លិប Ingolstadt 04 នៅ​ថ្ងៃ​ទី​២៣ មក​រា ខាង​មុខ ៕