QPR​បង្ខំចិត្ត​លក់​Charlie Austin​ឱ្យ​Southampton​ក្នុង​តម្លៃ​4​លាន​ផោន

ដោយសារ​តែ​កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធ Charlie Austin ជាមួយ QPR នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​២០១៥-២០១៦ ហើយ​កីឡាករ​រូប​នេះ​មិន​ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ផង​នោះ​ធ្វើ​ឱ្យ​ក្លិប​QPR បង្ខំចិត្ត​លក់​ទៅ​ឱ្យ​ក្លិប Southampton ក្នុង​តម្លៃ​៤​លាន​ផោន ដើម្បី​បាន​ចំណូល​ខ្លះ​ជា​ជាង Charlie Austin ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​ខាង​មុខ ។ អតីត​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​បំផុត​លំដាប់​ទី​៤​នៅ Premier League រដូវ​កាល​មុន យល់ព្រម​ចុះ​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​កន្លះ​ជាមួយ​ក្លិប​ដឹកនាំ​ដោយ​លោក Ronald Koeman បន្ទាប់​ពី​ធ្វើតេស្ត​សុខភាព​ដោយ​ជោគជ័យ​។

មុន Charlie Austin មក​ចូលរួម​ជាមួយ​ក្លិប Southampton ក្លិប QPR ដែល​កំពុង​ប្រកួតប្រជែង​នៅ​លី​ក​ទី​២​អង់គ្លេស Championship បាន​បដិសេធ​សំណើ​១២​លាន​ផោន​របស់​ក្លិប Leicester City កាលពី​៦​ខែ​មុន​ដែល​ចង់បាន​កីឡាករ​រូប​នេះ ៕