ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៥០)

ភាគ​ទី​៥០

​ហួង​យុង​សញ្ជឹង​គិត​ក្នុង​ចិត្ត​ថា៖
«​អូ! បងស្រី​នេះ​គាត់​មាន​មនោសញ្ចេតនា ផ្ដិត​ជាប់​ទៅ​លើ​បុរស​នោះ​តាំង​ពី​ពេល​ប្រយុទ្ធ​សាកល្បង​គ្នា នៅ​ឱកាស​ផ្សងព្រេង​រក​គូ​ស្វាមី​នោះ​ម្ល៉េះ​! ជាយ​អាវ​នេះ​ពិត​ជា​ជាយ​អាវ​ដែល​នាង​បាន​តោង​ចាប់​រហែក​ពី​អាវ​របស់​យាង​ខាង​នោះ​ឯង​។ អឺ​! បើ​អ៊ីចឹង​កិច្ច​ផ្ទាល់​របស់​គាត់ ​គឺ​កិច្ច​ដែល​មាន​ទាក់ទង​នឹង​ជាយ​អាវ​នេះ​តែ​ម្ដង។

 

នាង​គិត​ដូច្នោះ​ហើយ ​ក៏​រឹតតែ​បើក​ភ្នែក​លប​សង្កេតមើល​អាកប្បកិរិយា​របស់​មូនា​ន​ឆឺ​ឲ្យ​បាន​ច្បាស់​ទៀត​ ចំ​ពេល​ដែល​នាងក្រមុំ​នេះ​ខ្វេះ​យក​ជាយ​អាវ​ព្រែ​នោះ​ ដាក់​ជិត​មាត់​សើច​ញញឹម​ស្រស់ ប្រហែលជា​នាង​ទើបនឹង​ឃើញ​កាល​យាង​ខាង​ចាប់​បាន​នាង​ ហើយ​ត្រ​កងដៃ​ឱប​នាង​ជាប់​នោះ​ឬ​? នុ៎ះ​! នាង​គ្រវាត់​ជាយ​អាវ​ទៅ​ខាង ទឹក​មុខ​ប្រែ​ជា​មាន​ភាព​ស្រពោន​ភ្លាម​មួយ​រំពេច ប្រហែល​ជា​នាង​នឹកឃើញ​ពេល​ដែល​ឃ្លាត​គ្នា​នោះ​ឬ​? អុ​ញ​! នាងក្រមុំ​លាត​ដៃ​ដាល់​ខ្យល់​ឮ​វឺ​ថែម​ទាំង​ធាក់​មួយ​ជើង​ទៀត គឺ​ជា​អាកប្បកិរិយា​ដែល​នាង​ត្រូវ​សង​ទៅ​នឹង​ការ​មើលងាយ​របស់​យាង​ខាង​មក​លើ​រូប​នាង​កាល​នោះ​ទេ​ដឹង​?

 

​ហួង​យុង​ចេះ​តែ​បកស្រាយ​កាយវិការ​របស់​មូនា​ន​ឆឺ ឃើញ​ហាក់​ដូច​ត្រូវ​ពិត​ណាស់​នាង​យក​ដៃ​គង​លើ​ថ្ងាស​ដើម្បី​បិទ​បាំង​នូវ​ភ្នែក​របស់​នាង ដែល​បើក​ក្រឡង់​ៗ តែ​មាត់​និង​ច្រមុះ​ចេះ​តែ​ស្រមុក​ឃូរៗ មិន​ឈប់​សោះ​នោះ។
​មូនា​ន​ឆឺ​ឈាន​តិចៗ​ទៅ​ជិត​ហួង​យុង​ឲ្យ​បាន​ជិត។ ហួង​យុង​ខំ​បិទ​ភ្នែក​ដកដង្ហើម​ឲ្យ​ស្មើ​ដូច​លង់លក់​យ៉ាង​ស្កប់ស្កល់។ មូនាន​ឆឺ​ពោល​តិចៗ​ថា៖
«​អូន​ខ្ញុំ​ល្អ​ដូច​ទេវតា ផូរផង់​ដូច​បុប្ផា​រីក​ស្គុះស្គាយ ចិត្ត​គំនិត​សោត​ក៏​ថ្លា​ដូច​កញ្ចក់។ អើ! ប្រាកដ​ជា​បង​ឆេង​មាន​បំណង​ល្អ​មែន​ ទើប​បាន​ជា​ភរិយា​មួយ​គូ​ស្រឡាញ់​យ៉ាង​នេះ។»

 

​ពោល​ផុត​ឮ​ស្នូរ​ជើង​យ៉ាង​ថ្នម​ឈាន​ចេញ​ទៅ​ក្រៅ ​រួច​បាត់​ឈឹង​សូន្យ​ក្នុង​វាំងនន​ដ៏​ងងឹត​នៃ​រាត្រី​ស្ងាត់។ ហួង​យុង​ជា​ក្មេង​ចង់​ដឹង​រឿង នាង​ស្ទុះ​ម្នីម្នា​កញ្ឆក់​យក​អាវ​ដណ្ដប់​លើ​ខ្លួន​រួច​ប្រើ​វិធី​សម្រាល​ខ្លួន លោត​ភីង​តាម​ភ្លាម​…
​នុ៎ះ​! ស្រមោល​អ្វីមួយ​ភ្លឹបភ្លែត​លឿន​ស្លេវ​ទៅ​ទិស​ខាងលិច​។ ហួង​យុង​កាន់តែ​បន្តឹង​ជើង​ដេញ​កិត​តាម។ ដោយ​ហេតុ​ហួង​យុង​មាន​សមត្ថភាព​ខ្ពស់​ជាង​មូនា​ន​ឆឺ នាង​តាម​ទាន់​មួយ​រំពេច​ តែ​នាង​បាន​បង្អង់​ល្បឿន​នៅ​ពី​ក្រោយ​មូនាន​ឆឺ​ប្រហែល​១០០​ជំហាន ​ដើម្បី​ងាយ​លាក់​បំបាំង​ខ្លួន​។ ​មូនា​ន​ឆឺ​ចេះ​តែ​តម្រង់​ផ្លូវ​ចូល​ជ្រៅ​ទៅ​ក្នុង​ទីប្រជុំជន ដល់​គេហដ្ឋាន​មួយ​ដ៏​ស្ដុកស្ដម្ភ។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៥០)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ