អាស៊ីអឺរ៉ុប​ បន្ត​ការ​សាងសង់​ទីលាន​ក្រោយ​រអាក់រអួល​មួយ​រយៈ​

​ក្លឹប​បាល់ទាត់​​អាស៊ីអឺរ៉ុប​ កំពុង​បន្តការ​សាង​សង់​ទីលាន​របស់​ខ្លួន​​​​នៅ​ទឹក​​ដី​​អរិយក្សត្រ​​ឡើង​វិញ បន្ទាប់​ពី​រអាក់រអួល​ក្នុងការ​សាង​សង់​មួយ​រយៈ​​ដោយសារ​បញ្ហា​​​​ថវិកា​ ដែល​ទីលាន​​ទាំង​នោះ​មាន​ចំនួន ៤​គឺ​​ទីលាន​បាល់ទាត់ តារាង​បាល់​ទះ ​ទីលាន​​​​ប៉េតង់ និង​​​ទី​លាន​​​រត់​ប្រណាំង។

 

អាស៊ីអឺរ៉ុប​ បន្ត​ការ​សាងសង់​ទីលាន​ក្រោយ​រអាក់រអួល​មួយ​រយៈ​គម្រោង​សាង​សង់​ទីលាន អាស៊ីអឺរ៉ុប

 

​​​លោក​ មែន ពិសិដ្ឋ អ្នក​ចាត់​ទូទៅ​របស់​ក្លឹប​អាស៊ីអឺរ៉ុប​បាន​ឲ្យ​ដឹង​ថា ទីលាន​នេះ​បាន​រអាក់រអួល​ការ​សាងសង់​ជាច្រើន​សប្ដាហ៍​ ប៉ុន្តែ​ឥឡូវ​នេះ​​​បាន​បន្ត​ការ​​សាងសង់​វិញ​ហើយ។ គម្រោង​សាង​សង់​​កន្លែង​លេង​កីឡា​ទាំង៤​នេះ​​ ក្លឹប​ផ្ដោត​សំខាន់​​ទៅ​លើ​ទីលាន​បាល់ទាត់​មុន​គេ​ ដែល​គ្រោង​ឲ្យ​បាន​រួចរាល់​ចុង​ឆ្នាំ​នេះ។

 

​អ្នក​ចាត់​ការ​រូប​នេះ​បន្ថែម​ថា ទីលាន​បាល់ទាត់​ជា​ផ្នែក​មួយ​សំខាន់​ជាង​គេ​ក្នុង​ចំណោម​ទីលាន​ទាំង​អស់​​ ដែល​អាច​ឲ្យ​ក្លឹប​របស់​លោក​មាន​ទីលាន​ហ្វឹកហាត់​ផ្ទាល់​ខ្លួន។ ​ក្លឹប​​​​​គ្រោង​បន្ត​ធ្វើ​កន្លែង​អង្គុយ​ បន្ទាប់​​​ពី​ធ្វើ​ទីលាន​ និង​ដាំ​​ស្មៅ​ធម្មជាតិ​រួចរាល់។ បច្ចុប្បន្ន​​ទីលានបាល់ទាត់​មួយ​នេះ​បាន​លេច​ចេញ​ជា​រូប​រាង​បណ្ដើរ​ៗហើយ។

 

ទីតាំង​ធ្វើ​ទីលាន​​ខាង​លើ​នេះ​បាន​ចាប់​ផ្ដើម​ចាក់​ដី​រៀប​ចំ​សាង​សង់​កំឡុង​​ចុង​ឆ្នាំ​២០១៥។ ​​​ក្លឹប​បាល់ទាត់​អាស៊ីអឺរ៉ុប​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប៥​ផ្សេង​ទៀត​រួម​មាន ណហ្គាវើល បឹង​កេត​អង្គរ ស៊ីម៉ាក់ Cambodian Tiger ​ និង​ប៉ូលិស​ ដែល​កំពុង​រៀប​ចំ​ធ្វើ​ទីលាន​ដូច​គ្នា៕ ​​

 

អាស៊ីអឺរ៉ុប​ បន្ត​ការ​សាងសង់​ទីលាន​ក្រោយ​រអាក់រអួល​មួយ​រយៈ​

 

អាស៊ីអឺរ៉ុប​ បន្ត​ការ​សាងសង់​ទីលាន​ក្រោយ​រអាក់រអួល​មួយ​រយៈ​

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​
រូប​ថត​៖ ផ្ដល់​ឲ្យ​