ពុទ្ធោ ! ជីវិត​មនុស្ស​៥​នាក់​នៅ​ឡាន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​មួយ​រំពេច ឯ​៤​នាក់​ទៀត​រង​របួសធ្ងន់​និង​ស្រាល ខណៈ​បើករថយន្ត​យ៉ាង​លឿន​រួច​បួង​ចង្កូត​ធ្លាក់​ថ្នល់ជាតិ​ចូល​ប្រឡាយ​ក្រឡាប់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​លេខ​១៣៣ ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-6578 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សុក អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​វាក់​នឹង​គោ​យន្ត​កន្ត្រៃ ពេល​នោះ​អ្នកបើកបរ​ទាញ​ចង្កូត​គេច​ជ្រុល​ធ្លាក់​ពី​ថ្នល់ជាតិ​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ជឿន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ឆ្លូង​ខេត្តក្រចេះ ស្លាប់​នៅ​នឹង​កន្លែង ចំណែក​មនុស្ស​៤​នាក់​ទៀត​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរណ៍ ដោយឡែក​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕