មុនពេល​បើកសវនាការលោក​ កឹម សុខា​ នាពេលបន្តិចទៀតនេះ ​តើមានអ្វីប្លែក?

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​ខណៈដែលតាមការ​គ្រោងទុក​សាលាដំបូងរាជធានីភ្នំពេញ ​នឹងបើកសវនាការសំណុំរឿងប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ​លោក កឹម សុខា​ នាវេលាម៉ោង​៨និង​៣០​នាទីព្រឹកថ្ងៃទី០៩​ កញ្ញានេះ ​នៅឯខាងមុខសាលាដំបូង​មានកងកម្លំាងសមត្ថកិច្ចចម្រុះ​ជាច្រើននាក់បានត្រៀមការពារ​សន្តិសុខ ​និងសណ្តាប់ធ្នាប់ ។

ចំណែកនៅផ្លូវ៦០ម៉ែត្រនោះវិញ ​កងកម្លំាងសមត្ថកិច្ចជាច្រើននាក់​ក៍ត្រូវបានដាក់ពង្រាយ​​ដើម្បីការពារសន្តិសុខ​និងសណ្តាប់ធ្នាប់​ដូចគ្នានេះ​ ។ រីឯនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ​ស្ថិតនៅសង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យឯណោះវិញ ​សកម្មជននិងអ្នក​គំាទ្រ​គណបក្សសង្រ្គោះជាតិក៍ដូចជា​ លោក កឹម សុខា​ ជាច្រើនរយនាក់ក៍កំពុង​រង់ចំាឃ្លំាមើល ​និងតាមដានក្រែង​មានករណី​ចាប់​ខ្លួនលោក​ កឹម សុខា ។

សេចក្តីរាយការណ៍​នៅប៉ុន្មាននាទីមុននេះក៍បានបន្ថែមទៀតថា​ នៅវេលាម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃសុក្រទន្ទឹម​ពេលនឹងការ​បើក​សវនាការនោះដែរ​ លោក កឹម សុខា​ នឹងថ្លែងសារនយោបាយ​ទៅកាន់សកម្មជននិង​អ្នកគំាទ្រគណបក្សសង្រ្គោះជាតិ ៕