រមណីយដ្ឋាន​កោះ​តា​ដា​ទឹកធ្លាក់​ជាទី​ពេញ​និយមខណៈ​កំពុង​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ឱ្យ​ងាយស្រួល​ធ្វើ​ដំណើរ

ខេត្តកំពត ៖ រមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិ​«​កោះ​តា​ដា​ទឹកធ្លាក់​»​ជាទី​ពេញ​និយម​ទៅ​ទៅ​កម្សាន្ត​របស់​អ្នកទេសចរ ។

ពេល​នេះ​គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​ផ្លូវ​ទៅ​កាន់​ជ្រលង​ភ្នំផ្សេង​ៗ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​មា​ក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ជាទី​តាំង​នៃ​តំបន់​ទេសចរណ៍​នោះ។ ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​តែងតែ​នាំ​គ្នា​ទៅ​កម្សាន្ត​កៅ​កោះ​តា​ដា​ទឹកធ្លាក់​ថ្មដា​តា​សច្ចំ និង​ទឹកធ្លាក់​តា​ដា​រូង​ចន្ទ ។

យុវជន​ឈ្មោះ​ខូ​វ ប៊ុ​ន​ឃី​ន អាយុ​២០​ឆ្នាំ រស់នៅ​ក្រុង​កំពង់សោម​ដែល​ទៅ​កម្សាន្ត​នៅរមណីយដ្ឋាន​កោះ​តា​ដា​ទឹកធ្លាក់​កាលពី​ពេល  ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​ទី​នេះ​ខ្ញុំ​មិន​ដែល​មក​ទេ ខ្ញុំ​ពិតជា​សប្បាយ​ណាស់ » ។ ចំណែក​ស៊ូ ប៊ុ​ន​ធឿ​ន ជា​មន្ត្រី​នគរបាល​ខេត្តកំពត បាន​នាំ​គ្រួសារ​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​ទីនោះ​ដែរ ។
អ្នក​ទស្សនា​ទាំងឡាយ​តែងតែ​រីករាយ​ចំពោះ​ការ​ងូតទឹក​លេង​កម្សាន្ត និង​ទស្សនា​ធម្មជាតិ​ដ៏​ប្រណីត​គាប់​ភ្នែក ។

លោក​បណ្ឌិត​ញឹ​ម វណ្ណ​ដា មាន​ប្រសាសន៍​ថា រមណីយដ្ឋាន​ថ្មី​នេះ​លោក​កំពុង​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​ទៅ​កាន់​ទីកន្លែង ផ្សេង​ៗ​ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ​សម្រាប់​អ្នកទេសចរ​។  កន្លែង​ទេសចរណ៍​នេះ​ជា​កន្លែង​ធម្មជាតិ ពិត​ៗ​។ ការ​ចំណាយ​ទុន​ធ្វើ​ផ្លូវ​ទៅ​កាន់​កន្លែង​ថ្មី​បំផុត​ទៅ​ដល់​ជ្រលង​ភ្នំ​ប៉ែក​ខាងកើត​រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ​ដើម្បី​ឱ្យ​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង ។

លោក​សយ ស៊ី​ណូ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​កោះ​តា​ដា​ទឹកធ្លាក់​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ​ច្រើន​ជាង​កាលពី​ឆ្នាំ​មុន ៕