ក្រុម​ការពារ​ជាតិ ត្រូវ​ឈ្នះ​ដាច់​ខាត ដើម្បី​បន្ត​ក្ដី​សង្ឃឹម​​ពាន​លីគ​កំពូល​កម្ពុជា​

ក្រុម​ក្រសួង​ការពារ​ជាតិ ​នឹង​ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​ល្ងាច​ម៉ោង​៦​ល្ងាច​នេះ ​នា​ពហុ​កីឡដ្ឋាន​ជាតិ ​ដែល​ជា​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ក្នុង​លីគ​កំពូល​កម្ពុជា។ ខណៈ​ដែល​ការ​ប្រកួត​មួយ​នេះ ​ក្រុម​របស់​លោក ទេព ឡុងរចនា ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ​ដើម្បី​បន្ត​ក្ដី​សង្ឃឹម​លើក​ពាន ​ក្រែង​ក្លឹប​បឹង​កេត​អង្គរ​ភ្លាត់​ស្មើ​ឬ​ចាញ់​ប្រកួត​ចុង​ក្រោយ។

 

ក្រុម​ការពារ​ជាតិ ត្រូវ​ឈ្នះ​ដាច់​ខាត ដើម្បី​បន្ត​ក្ដី​សង្ឃឹម​​ពាន​លីគ​កំពូល​កម្ពុជា​ក្លឹបក្រសួងការពារជាតិ

 

​អាស៊ី​អឺរ៉ុប ​ប៉ុន្មាន​ប្រកួត​មក​ហើយ ​មិន​ដែល​មាន​ប្រវត្តិ​បាន​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ​នោះ​ទេ​ ខណៈ​ដែល​ការ​ប៉ះ​គ្នា​ចុង​ក្រោយ​របស់​ពួកគេ គឺ​ទ័ព​ឈ្នះ ៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ។ មួយ​វិញ​ទៀត ​នេះ​ជា​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​ហើយ​ក្នុង​លីគ​កំពូល​កម្ពុជា ដោយ​បច្ចុប្បន្ន​ទ័ព​នៅ​លេខ​២ ​ខណៈ​ដែល​អាស៊ី​អឺរ៉ុប ស្ថិត​នៅ​បាត​តារាង​ឯ​ណោះ។

 

ក្រុម​របស់​លោក ទេព ឡុងរចនា ​ប្រសិន​បើ​ឈ្នះ​ការ​ប្រកួត​ខាង​លើ​នេះ នឹង​ឡើង​ទៅ​លេខ​មួយ​ក្នុង​តារាង​បណ្ដោះអាសន្ន ​ដោយ​រង់ចាំ​អ៊ុត​មើល​ក្រុម​បឹង​កេត​អង្គរ​ប៉ះ​ជាមួយ​ក្រុម​ប៉ូលិស​នៅ​ថ្ងៃ​សៅរ៍​បន្ដ​ទៀត។ ប្រសិន​បើ​ទ័ព​ឈ្នះ ​ហើយ​បឹង​កេត​អង្គរ​ភ្លាត់​ស្មើ​ឬ​ចាញ់​ប៉ូលិស ​នោះ​ក្រុម​ទ័ព​នឹង​បាន​លើក​ពាន​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​នេះ​ហើយ។

 

ក្រុម​ការពារ​ជាតិ ត្រូវ​ឈ្នះ​ដាច់​ខាត ដើម្បី​បន្ត​ក្ដី​សង្ឃឹម​​ពាន​លីគ​កំពូល​កម្ពុជា​អាស៊ីអឺរ៉ុប

 

ផ្ទុយ​ទៅ​វិញ ​បើ​សិន​ជា​ទ័ព​ចាញ់​ឬ​ស្មើ​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​ល្ងាច​នេះ​ នោះ​ឱកាស​លើក​ពាន​លីគ​កំពូល​កម្ពុជា ក៏​អស់​ត្រឹម​នេះ​ដែរ ដោយ​បឹង​កេត​មិន​ចាំ​បាច់​បារម្ភ​រឿង​ប្រកួត​ជាមួយ​ក្រុម​ប៉ូលិស​នោះ​ទេ។

 

ដូច្នេះ ​មាន​តែ​រង់ចាំ​ទស្សនា​ការ​ប្រកួត​ចុង​សប្ដាហ៍​នេះ​ទាំង​អស់​គ្នា ដើម្បី​ដឹង​ថា​តើ​ក្រុម​ណា​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា?

 

អត្ថបទ៖ មុន្នី រម្យ