តើ​វា​ជា​កំហុស របស់​នរណា​?

តើ​វា​ជា​កំហុស របស់​នរណា​?

​ក្រោយ​ពី​យើងខ្ញុំ​បាន​បង្ហោះ រូបភាព​ខាងលើនេះ​រួចមក ហើយ​ដាក់​ជា​សំណួរ​សួរថា តើ​ជា​កំហុស​របស់​នរណា ទើបបាន​ជា​បណ្តាលឲ្យ​មាន​រឿង គួរ​ឲ្យ​សោកសង្រេ​កបែប​នេះ​កើតឡើង​? ជាមួយគ្នា​នោះ​ដែរ ខ្ញុំ​ក៏​បាន​ដាក់​ជា​ជម្រើស​រហូត ៤ ជម្រើស​នោះ​គឺ ម្តាយ ឪពុក គ្រូពេទ្យ និង​ទារក​ខ្លួនឯង​។

ក្នុង​រូប​នេះ​បង្ហាញ​អំពី​រូបភាព ក្រោយ​ពី​រំលូតកូន​រួច ហើយ​ទារក​ដ៏​អា​ភ័ព​មួយ​នេះ ទំនងជា​មាន​អាយុ​ត្រឹមតែ ៣ ទៅ ៤ ខែ​ប៉ុណ្ណោះឯង ឬ​អាច​តិច​ជាង​នេះ​ទៀត​ផង​។ ប៉ុន្តែ ក៏មាន Comments ជាច្រើន​បាន​និយាយ​អំពី​ការមិនសប្បាយចិត្ត ហេតុអ្វី​បានជា​ត្រូវ​យក​កូន​ចេញ​អញ្ចឹង ព្រោះថា​គ្នា​មិនដឹង​អី​ផង ហេតុអ្វី​បាន​ជា​សម្លាប់​គ្នា​បែប​នេះ​។

​ពិតណាស់ រូប​នេះ​បើ​និយាយ​ទៅ កំហុស​ភាគច្រើន គឺ​កើតឡើង​ដោយសារ​តែ​ម្តាយ និង​ឪពុក​របស់​ក្មេង​នេះ​ផ្ទាល់​តែម្តង​។ ចំពោះ​ហេតុផល​អាច​ដោយសារតែ ៖
•​    ​មិនដឹង​ថា​ខ្លួនឯង​មានកូន​
•​    ​មិន​មាន​ការយល់ដឹង​គ្រប់គ្រាន់​
•​    ​ប្រព្រឹត្តិ​ខុស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​មុន​រៀបការ​
•​    ​ភ្លើតភ្លើន​នឹង​ការអូសទាញ របស់​សង្គម​ខុស​ប្រក្រតី​
•​    ​គ្មាន​ជម្រើស ក្រៅ​ពី​ការ​យក​ចេញ ដោយសារតែ​មិន​ទាន់​រៀបការ​។​

ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ សម្រេច​យក​កូន​ចេញ​ទាំង​បែបនេះ​តែម្តងទៅ​។ រឿង​នេះ​អាច​ដោយសារតែ​ឪពុកម្តាយ មានការ​ភ្លើតភ្លើន​មួយពេល ដោយសារតែ​មិន​អាច​ទប់​អារម្មណ៍​ខ្លួនឯងបាន ហើយក៏​មិន​ទាន់​មាន​អ្វី​អាច​ទទួលខុសត្រូវ​លើ​ការចិញ្ចឹម​កូន​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ដែរ​។​

​មួយ​វិញ​ទៀត​បើ​យើង​និយាយ​ចំពោះ​គ្រូពេទ្យ​វិញ ខ្ញុំ​មិនមែន​និយាយ​កាន់ជើង​គ្រូពេទ្យ​ក្នុង​នាម​ជា​គ្រូពេទ្យ​ដូចគ្នា​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​ពិត​ត្រង់​ថា គ្រូពេទ្យ​គឺ​អត់​ដឹង​អ្វី​ឡើយ​។ គ្រូពេទ្យ​គ្រាន់តែ​ជា​បុគ្គល​ម្នាក់​ដែល​អាច​ត្រឹមតែ​ផ្តល់​ប្រឹក្សា និង​ព្យាបាល​ជូន​អ្នកជំងឺ​ប៉ុណ្ណោះ​។ ជាក់ស្តែង​បើសិនជា​គ្រូពេទ្យ​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​មួយ ឬ​ឆ្មប​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​មួយ ហើយ​ស្រាប់តែ​មាន​អ្នកជំងឺ​ម្នាក់​ដែល​មាន​ផ្ទៃពោះ​ត្រឹម ២ ទៅ​៣​ខែ សុំ​ឲ្យ​ពួកគាត់​ជួយ តើ​គ្រូពេទ្យ​អាច​ធ្វើ​អ្វី​បាន​ខ្លះទៅ​? ត្រង់​ចំណុច​នេះ ពួក​គាត់​អាច​នឹង​សួរ​ព័ត៌មាន​បន្ថែម និង​ផ្តល់​ប្រឹក្សា​យោបល់​ដល់​អ្នកជំងឺ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើសិនជា​គាត់​សុំ​ឲ្យ​យក​កូន​ចេញ អញ្ជឹង​សួរ​វិញ​ថា ក្នុងនាម​ជា​គ្រូពេទ្យ​ម្នាក់​ដែល​មាន​ជំនាញ ឬ​ឆ្មប​ជំនាញ​ដែរ តើ​អ្នក​សុខចិត្ត​ឲ្យ​គាត់​ទៅ​រក​អ្នកផ្សេង​ជួយ​គាត់​ដោយសារ​ហេតុផល​ធ្វើបែបនេះ​មាន​បាប ឬ​សុខចិត្ត​ជួយ​គាត់​ដោយសារ​តែ​វា​អំពើ​ល្អ​ក្នុងនាម​ជួយ​មនុស្ស​? ត្រង់​ចំណុច​នេះ មិត្ត​អ្នកអាន​អាច​វិនិច្ឆ័យ​បាន​ដោយ​ខ្លួនឯង​ខ្លះ​ហើយ​

ម្យ៉ាងវិញទៀត ការ​យក​កូន​ចេញ​បែបនេះ​អាច​នឹង​ត្រូវ​ធ្វើជា​ចាំបាច់​បំផុត​បើសិនជា​រកឃើញ​ថា​កូន​នៅក្នុង​ផ្ទៃ​នោះ​មាន​ជំងឺ​ដែល​មិន​អាច​រស់​បាន ឬ​ខូច​អវៈយវៈ​ណាមួយ​ដែល​មិន​អាច​រស់​បាន​។ បែបនេះ សួរ​ទៀតថា ពេទ្យ​ជួយ​យក​កូន​ចេញ​អញ្ជឹង តើ​ពេទ្យ​ជា​អ្នក​ខុស​ដែរ​ទេ​? មាន​ប្រជាជន​ភាគច្រើន​យល់ថា ពេទ្យ​ដែល​ប្រកប​របរ​យក​កូន​ចេញ​បែបនេះ​គឺ​សាង​បាបកម្ម​ច្រើន​មែន ផ្ទុយទៅវិញ​ការធ្វើ​បែប​នេះ​គឺជា​ការសង្គ្រោះ​ជីវិត​ទៅ​វិញ ព្រោះ​វា​បើសិន​ជា​ម្តាយ​ដែល​ពរ​ពោះ​កូន​ដឹងថា​កូន​មាន​ជំងឺ​មិន​អាច​រស់​បាន ឬ​រស់​មិន​ដូច​គេ គេ​អាច​សម្រេច​ចិត្ត​ភ្លាមៗ​បែបនេះ​គឺ​មាន​ផល​ល្អ​ច្រើន ជាង​ទុក​កូន​ឲ្យ​ធំ​ហើយ​ទើប​សម្រេចចិត្ត​ជា​ក្រោយ ហើយ​រឿង​នេះ​ក៏​ល្អ​សម្រាប់​ម្តាយ​អាច​មាន​ផ្ទៃពោះ​ម្តងទៀត​បាន​ដែរ​។

ដូច្នេះ​សរុបសេចក្តី​មក ក្រោយពី​បាន​អាន​អំពី​ការបកស្រាយ​របស់​ខ្ញុំ​រួចហើយ បងប្អូន​អាន​ទាំង​អស់​ប្រហែលជា​អាច​ផ្លាស់ប្តូរ​ផ្នត់គំនិត​ទៅលើ​រូបភាព​នេះ​បាន ហើយក៏​មិន​ត្រូវ​បន្ទោស​តែ​លើ​ម្តាយ ឪពុក ឬ​គ្រូពេទ្យ​ដែរ ប៉ុន្តែ​រឿង​នេះ​ក៏​អាច​បណ្តាលមកពី​ទារក​ខ្លួនឯង​ដែរ​។ ជា​ដំបូន្មាន​ពី​ក្រុម​គ្រូពេទ្យ​របស់ www.health.com.kh ខ្ញុំ​សូម​ណែនាំ​ដល់​យុវវ័យ​គ្រប់រូប​ទាំងប្រុស​ទាំងស្រី ធ្វើយ៉ាងណា​ត្រូវតែ​មាន​ការការពារ​ខ្លួន​ឲ្យ​ខាន​តែ​បាន​បើសិនជា​ដឹងខ្លួន​ថា​មិនទាន់​ត្រៀម​ខ្លួន​ក្នុង​ការ​មាន​ផ្ទៃពោះ​នោះទេ​។ យើង​អាច​ការពារ​ខ្លួន​តាមរយៈ​ការប្រើ​ស្រោមអនាម័យ ការប្រើ​ថ្នាំ​ពន្យា​កំណើត​ជាដើម​។

លើសពីនេះទៅទៀត បើសិនជា​ជ្រុលខ្លួន​មួយពេល​ដោយ​មិន​មាន​ការប្រើ​វិធី​ពន្យា​កំណើត​អ្វី​សោះ​នោះ យើង​អាច​ជ្រើសរើស​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​មុន ៧២​ម៉ោង​ក៏​បាន​ដែរ​។ យ៉ាងណាមិញ បើសិនជា​បងប្អូន​ចង់​យល់ដឹង​កាន់តែច្បាស់​អំពី​រឿង​នេះ​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​គ្រូពេទ្យ​នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​៕

​រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។