ឱមនុស្សអើយមនុស្ស ក៏​ដាច់ធម៌មេត្តាម្ល៉េះ?

រាជធានី​ភ្នំពេញ ៖ បុរស​​​ជា​ជនអនាថា​ម្នាក់​ ដើរ​រើស​អេ​ត​ចាយ​ដើម្បី​ចិញ្ចឹមក្រពះ អស់កម្លាំងពេក​​បាន​​ដេក​​លើ​ផ្លូវ​បេតុង​ ស្រាប់តែ​ត្រូវ​​​រថ​យន្ត​មួយ​គ្រឿង ​បំណង​ជិះ​​ចូល​ផ្ទះ​របស់​គេ​​នៅ​ម្ដុំ​នោះ​​បើក​កិន​ជើង​ បណ្ដាល​ឱ្យ​បាក់​ប្រអប់ជើង​ខាងស្ដាំ​ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី០​៨ ​កញ្ញា ២០១៦ ​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ​ ​​បុរស​ម្នាក់​ជា​អ្នក​រើស​អេ​ត​ចាយ ដែល​គ្មាន​ទីលំនៅ​ស្នាក់​នៅ​ពិតប្រាកដ​ ហើយ​បាន​មក​ដេក​តាម​​ផ្លូវ​បេតុង ​ក្រោយចំណុចកើតហេតុ​ខាងលើ​ ​ដោយ​សារ​តែ​ម្ដុំ​កន្លែង​កើតហេតុ​នោះ​ ងងឹត​សូន្យឈឹង​​មើល​គ្នា​មិនឃើញ​សោះ​ ទើប​ធ្វើ​ឱ្យ​បុរស​ខាងលើ​នោះ​ ដេក​តាម​ផ្លូវ​មើល​អត់​ឃើញ ​។

ស្រាប់តែមាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​.ស បើក​ដោយ​នារី​ម្នាក់​មិន​ស្គាល់ឈ្មោះ​ ​បំណង​បត់​ចូល​ផ្ទះ​នៅ​ម្តុំ​កន្លែង​កើតហេតុ​នោះ​ ​ដោយមើល​មិនឃើញ​បុរស​ខាងលើ បណ្តាលឱ្យរថយន្ត​​​កិន​ចំ​ប្រអប់ជើង​ខាងស្ដាំ​ ហើយ​បើក​ថ​យន្ត​ចូល​ក្នុង​ផ្ទះ​បាត់​ស្រមោល ទុក​តែ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​ គេ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ ​ដើម្បី​ជួយ​អន្តរាគមន៍​ ។ ​​បើ​តាម​ការ​ប្រាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះសួន ដា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាអ្នក​​រើស​អេ​ត​ចាត ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​​ភូមិ​អង្គ​ត្នោត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ជន​រង​គ្រោះ​ខាងលើ​ ត្រូវ​​សមត្ថកិច្ច​ជួយ​ទាក់ទង​ទៅ​កាន់​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​រដ្ឋ​​ មក​ជួយ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ​តែ​មិន​មាន​ឃើញ​រថយន្ត​មួយ​គ្រឿង ​ណា​ចេញ​មក​ដឹក​អ្នកជំ​ងឺ​ខាងលើ​សោះឡើយ ។

គួរ​កត់សម្គាល់​ថា ឱ្យ​តែ​ជន​រង​គ្រោះ​ គឺជា​ជនអនាថា​ គឺ​មិន​ដែល​ឃើញ​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​​​ណា​ ចេញ​មក​យក​ឱ្យទាន់​ពេល វេលាទេ ជួនកាល​គ្មាន​រថយន្ត​មក​ដឹក​ទាល់តែ​សោះតែ​ម្តង ។ ជាក់ស្តែង​ ករណី​ខាងលើ​នេះ​ គឺ​គ្មាន​ខាង​រថយន្ត​សង្គ្រោះ​បន្ទាន់​​ណា​មក​យក​នោះ​ទេ​ ហើយ​ជនរងគ្រោះ​ ​បាន​ត្រឹមតែ​ដេក​ឈឺ​ជើង​នៅ​និង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ៕