ចេញពី​សប្បាយ​ក្លាយជា​ទុក្ខ ! ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ខណៈ​ចេញពី​ក្លិប​ជិះ​ម៉ូតូ​សសៀរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​យី​ឌុ​ប​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៤០​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​៤៣២ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ សាយ វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​ភូមិ​វាល​ធំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត ឈ្មោះ ដែន អាយុ​២០​ឆ្នាំ រង​បួស​ធ្ងន់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​បាន​ចេញពី​ក្លិប ប្ល៊ូ​ឡាញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ-9485 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ ២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​(​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​) ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​បញ្ឆិត​ឡើង​ទៅ​ស្តាំ​របស់​ខ្លួន​វិញ ស្រប​ពេល​នោះ​ស្រាប់តែ​រថយន្ត​ប្រភេទ​យី​ឌុ​ប ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-2324 ជិះ​គ្នា​៥​នាក់​ទាំង​អ្នក​បើក ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ ទិស​ដៅ​ពី​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​អង្គុយ​នៅ​ខាងក្រោយ​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​ពីលើ​បណ្តាល​ឲ្យ​បែក​ប្លោក​នោម និង​រយះ​ភ្លៅ​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម ចំណែក​អ្នកបើកបរ​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ហុង​ហាក់ ។

ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​ទេ បាន​បន្ថែម​ល្បឿន​បើក​រត់​រហូត​ដល់​ផ្លូវ​ចូល​បុរី​ខាំ​កូ​ស៊ី​ធី សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​បុក​បា​រ៉ា​ស និង​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់​ទៀត ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​រថយន្ត​បាន ចំណែក​អ្នកបើកបរ​បាន​រត់​គេ​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​ឲ្យ​ទៅ​បង​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ៕