ទៅ​យក​ម៉ូតូ​ផ្ញើ​ក្នុង​ផ្សារ ស្រាប់តែ​សន្តិសុខ​ផ្សារ​ដូច​ហ្វូងគោ​ដេញ​វ៉ៃ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​អះអាង​ថា​ទៅ​យក​ម៉ូតូ​ផ្ញើ​នៅ​ក្នុង​ផ្សារ ស្រាប់តែ​ត្រូវ​ក្រុម​សន្តិសុខ​ផ្សារ​ឯករាជ្យ​១​នាំ​គ្នា​ដេញ​វ៉ៃ​ដូច​គោ​ហ្វូង​ទាំង​យប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ឯករាជ្យ​១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្តី​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ពួក​គាត់​ទាំង​២​នាក់​បាន​ទៅ​យក​ម៉ូតូ​ដែល​ផ្ញើ​ក្នុង​ផ្សារ​ឯករាជ្យ​១ ក្នុង​នោះ​មិត្តភក្តិ​ម្នាក់​បាន​ដើរ​ចូល​ទៅ​យក និង​ម្នាក់​ទៀត​កំពុង​តែ​ឈរ​និយាយ​ទូរស័ព្ទ ស្រាប់តែ​មាន​សន្តិសុខ​៣​នាក់​ជា​អ្នកយាម​នៅ​ក្នុង​ផ្សារ​ប្រដាប់​ដោយ​ដំបង​បាន​មក​ដេញ​វាយ​ធ្វើ​ឲ្យ​គាត់​ភ័យ​រត់​ជ្រុះ​ទូរស័ព្ទ​១​គ្រឿង ម៉ាក​សាំ​សុង ត្រូវ​ក្រុម​សន្តិសុខ​រើ​យក​ទៅ​បាត់​ទៀត ។ បន្ទាប់​មក​មាន​សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​សួ​នាំ​ករណី​ខាងលើ​ដោយ​ភាគី​រង​គ្រោះ​បាន​និយាយ​ពាក្យ​ដដែល​ៗ​ថា ក្រុម​សន្តិសុខ​ដេញ​វាយ​យក​ទូរស័ព្ទ​រូប​គាត់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ដក​កម្លាំង​ចេញ​ទៅ​វិញ​បាន​បន្តិច​ស្រាប់តែ​ភាគី​ខាង​ក្រុម​សន្តិសុខ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​បិទ​ភ្លើង ហើយ​ដេញ​វាយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ទ្រម​ខ្លួន ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​អស់ហើយ​មិនឃើញ​មាន​យក​ម៉ូតូ​ទៅ​ជាមួយ​ទេ ។

ចំណែក​ខាង​សន្តិសុខ​យាម​នៅ​ផ្សារ​ឯករាជ្យ​១​វិញ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ក្រុម​យុវជន​ទាំង​២​នាក់​នេះ​តែងតែ​មក​អុកឡុក​បង្ក​ភាព​រញ៉េរញ៉ៃ​នៅ​ទីនោះ​ជា​ញឹកញាប់ ហើយ​យុវជន​ទាំង​២​នាក់​នេះ​មិន​បាន​យក​ម៉ូតូ​មក​ផ្ញើ​នៅ​ទី​នេះ​ទេ គឺ​មក​បង្ក​ភាព​ចលាចល​តែ​ម្តង ៕