«ស្រកា​មាស» ខ្សែភាពយន្ត​​សម្រិត​​សម្រាំង​​សម្រាប់​​ខួប​​២០​ឆ្នាំ​អង្គការ ប៉េ អេស អឺ

«ស្រកាមាស» ជា​ខ្សែ​ភាពយន្ត​ដែល​និយាយ​ពីខ្សែ​ជីវិត​ពិត​របស់​កុមារ​រើស​សំរាម រួម​ទាំង​ដំណើរ​កម្សាន្ត​ផ្សង​ព្រេង​របស់​ប្តី​ប្រពន្ធ​ជន​ជាតិ​បារាំង គឺ​លោក Christian និង​លោក​ស្រី Marie France des Pallières ដែល​ជា​ស្ថាបនិក​របស់​អង្គការ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (ប៉េ អេស អឺ)។

 

«ស្រកា​មាស» ខ្សែភាពយន្ត​​សម្រិត​​សម្រាំង​​សម្រាប់​​ខួប​​២០​ឆ្នាំ​អង្គការ ប៉េ អេស អឺ

 

ក្រោម​ផ្ទៃមេឃ​ដ៏ធំ​ល្វឹង​ល្វើយ​ក្មេងៗ​ជា​ច្រើន​នាក់​កំពុង​ជីក​កកាយ​គំនរ​សំរាម នៅ​ទីលាន​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ ដែល​មាន​ក្លិន​ស្អុយ​រលួយស្ទើរទ្រាំមិនបាន​ដើម្បី​ចិញ្ចឹម​ជីវិត។​ ទីនោះ​ហើយ​ដែល​ប្តី​ប្រពន្ធ​ទាំងពីរ​រូបនេះ​បាន​សម្រេច​ចិត្ត​រិះ​រក​គ្រប់​មធ្យោបាយ​ ដោយ​មិន​គិត​ពី​ភាព​នឿយ​ហត់ ដើម្បី​ជួយ​កុមារ​ទាំង​នោះ​ឲ្យ​រួច​ផុត​ពី​ទី​ដែល​គួរ​ឲ្យ​សោក​សង្រេង​មួយ​នោះ។

 

«ស្រកា​មាស» ខ្សែភាពយន្ត​​សម្រិត​​សម្រាំង​​សម្រាប់​​ខួប​​២០​ឆ្នាំ​អង្គការ ប៉េ អេស អឺ

 

លោក Xavier de Lauzanne ផលិតករ​ខ្សែ​ភាព​យន្ត «ស្រកាមាស» បាន​ឲ្យ​ដឹង​ថា រឿង​នេះ​ផលិត​ឡើង​ដូច​នឹង​ខ្សែ​ភាព​យន្ត​សម្រាប់​ដាក់​បញ្ចាំង​នៅ​រោង​កុ​ន​ដែរ ​ដោយ​រួម​មាន​ទាំង​វីរភាព សោភ័ណ​ភាព​ បុគ្គលិក​លក្ខណៈ អត្ថន័យ​ អត្ថរស គុណភាព និង​អ្វី​ដែល​ពិសេស​នោះ​​គឺ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ។

 

អ្នក​ដឹកនាំ​ជន​ជាតិ​បារាំង​រូប​នេះ​បញ្ជាក់​ថា «ខ្ញុំ​ចង់​បង្កើត​ខ្សែ​ភាព​យន្ត​មួយ​ដែល​មិន​និយាយ​ទាក់​ទង​ទស្សនៈ​ព្រឹត្តិ​ការណ៍​ ឬ​មនោគមវិជ្ជា​អ្វី​នោះ​ទេ​ តែ​ជា​ភាពយន្ត​​អំពី​ខ្សែ​ជីវិត​ និង​ការ​ពុះពារ​ឧបសគ្គ​ជា​ច្រើន​របស់​បុរស​ស្ត្រី​ពីរ​នាក់​នេះ​ ក្នុង​ការ​បង្កើត​គម្រោង​មនុស្ស​ធម៌​ដ៏​អស្ចារ្យ​នេះ»។

 

​ក្មេង​ៗ​ដែល​មាន​​​ការ​តស៊ូ​​​ និង​មាន​ទំនាក់​ទំនង​ពោ​ពេញ​ដោយ​ភាព​រឹង​មាំ​ និង​​រីករាយ​​ជា​មួយ​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ពួក​គេ​ នេះ​ជា​​អ្វី​ដែល​ផលិតករ Xavier de Lauzanne ចង់​បង្ហាញ​ដល់​អ្នក​ទស្សនា។ ថ្វីត្បិត​សាច់​នេះ​បង្កប់​ដោយ​ភាព​កម្សត់​ក្តី ប៉ុន្តែ​សង្ឃឹមគឺ​ជា​ការ​ផ្ដោត​សំខាន់ក្នុង​ដំណើរ​ការ​ផលិត​រឿង​ទាំង​មូល។

 

​សាច់​រឿង​នឹង​​បញ្ចប់​ជាមួយ​ក្ដី​សង្ឃឹម ដោយរឿងរ៉ាវ​នៃ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ​នេះ​បាន​ជួយ​ដល់​កុមារ​កម្ពុជា​ប្រមាណ​ជាង​១ម៉ឺន​នាក់​ឲ្យ​ទទួល​បា​ន​ចំណី​អាហារ ការ​អប់រំ អាច​កសាង​អនាគត​ដ៏​​ភ្លឺ​ស្វាង​នា​ពេល​អនាគត។


ដើម្បី​អបអរ​ខួប​គម្រប់​២០​ឆ្នាំ​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ខ្សែ​ភាពយន្ត «ស្រកាមាស» និង​ធ្វើ​ពិធី​សម្ពោធ​នៅ​ថ្ងៃទី៩ ខែ​កញ្ញា​នេះ នៅ​សាល​មហោ​ស្រព​ចតុមុខ វេលា​ម៉ោង​៥ល្ងាច ​ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម​មុនី​នាថ​សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល។

 

បន្ទាប់​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត​នេះ​ក៏​នឹង​ចាក់​បញ្ចាំង​ឆាប់ៗ​នេះ​នៅ​តាម​បណ្តា​រោងភាពយន្តទំនើបៗ​នៅ​ប្រទេស​កម្ពុជា ដោយ​ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​យក​ទៅ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​របស់​អង្គការ​ ប៉េ អេស អឺ។

 

កាល​វិភាគ​នៃ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​រឿង «ស្រកា​មាស»៖
Major Cineplex  by cellcard ពីថ្ងៃទី ១៣-១៦ ខែ​កញ្ញា ឆ្នាំ​២០១៦
Platinum Cineplex ពីថ្ងៃទី ១៥-១៨ ខែកញ្ញា ឆ្នាំ២០១៦ និង
Legend Cinema ពីថ្ងៃទី ១៦-១៩ ខែកញ្ញា ឆ្នាំ២០១៦

 

សំបុត្រ​អាច​រក​ទិញ​បាន​នៅ​តាម​រោង​ភាពយន្ត​នីមួយៗ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់ ទូរស័ព្ទលេខ ០៧៧ ៧៧២ ០៧៧ ឬ [email protected]