ទោះ​មាន​រឿង​អ្វី​ ក៏​យើង​នៅ​តែ​ជា​បង​ប្អូន​នឹង​គ្នា​​

វា​ជា​រឿង​មួយ​ដែល​បាន​កើត​ឡើង​ដោយ​សារ​តែ​ភាព​រពឹស​នៃ​កុមារភាព​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​អាច​បំភ្លេច​វា​បាន​អស់​មួយ​ជីវិត​។

បង​ប្អូន​យើង​មាន​បួន​នាក់​​រស់​នៅ​ថ្ងៃ​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ​​ក្នុង​ក្រុង​ភ្នំពេញ​ កាល​នោះ​ខ្ញុំ​ដូច​ជា​អាយុ​១០​ឆ្នាំ​នៅ​ឡើយ។

 

ថ្ងៃ​មួយ​ ពេល​ប៉ា​ម៉ាក់​មិន​នៅ​ផ្ទះ​ ខ្ញុំ​ឈ្លោះ​គ្នា​ជាមួយ​បង​ៗ​យ៉ាង​ខ្លាំង​ តែ​មិន​ដឹង​ថា​ឈ្លោះ​គ្នា​ដោយ​សារ​រឿង​អី​ទេ ដូច​ជា​រឿង​ដណ្ដើម​តេឡេ​ទូរទស្សន៍​ក៏​មិន​ដឹង​។ ពេល​នោះ​បង​ប្រុស​បង​ស្រី​ខ្ញុំ​​បាន​ហៅ​ខ្ញុំ​ថា​ អាខ្ញី! ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់​ ហើយ​គិត​តែ​ពី​យំ រហូត​ដល់​បង​ប្រុស​ធំ​ចូល​មក​លួង។

គ្រប់​គ្នា​ប្រហែល​ជា​ឆ្ងល់​ ថា​ហេតុអ្វី​គ្រាន់​តែ​បង​ៗ​ហៅ​ «អាខ្ញី» សោះ​ ខ្ញុំ​យំ​ដែរ?

ការ​ពិត​វា​មាន​អនុស្សាវរីយ៍​មួយ​នៅ​ជាប់​ជាមួយ​នឹង​ឈ្មោះ​នេះ!

កាល​ខ្ញុំ​​​អាយុ​ប្រហែល​ពីរ​ឆ្នាំ (តាម​សម្ដី​ម៉ាក់​ប្រាប់) ខ្ញុំ​បាន​លូក​ដៃ​ចាប់​ភ្លើង​ក្នុង​ចង្កៀង​ប្រេង​កាត​ ហើយ​ធ្វើ​ឱ្យ​ម្រាម​ដៃ​កណ្ដាល​របស់​ខ្ញុំ​ដាច់​មួយ​កំណាត់​រហូត​មក​ដល់​សព្វ​ថ្ងៃ។

 

គ្រប់​គ្នា​ក្នុង​ភូមិ​នាំ​គ្នា​ហៅ​ខ្ញុំ​ថា «អាខ្ញីព្រោះ​គេ​យល់​ថា​ម្រាម​ដៃ​អង្កត់​របស់​ខ្ញុំ​ ដូច​មើម​ខ្ញី! ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ជាមួយ​នឹង​ឈ្មោះ​ហៅ​ក្រៅ​នេះ​ខ្លាំង​ណាស់! ហេតុ​អ្វី​ក៏​ខ្ញុំ​រពឹស​ ដល់​ថ្នាក់​នេះ? ហើយ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ស្ថិត​ក្នុង​សភាព​មួយ​ដ៏​គួរ​ឱ្យ​ធុញ​ទ្រាន់​ទៀត?

 

ទោះ​មាន​រឿង​អ្វី​ ក៏​យើង​នៅ​តែ​ជា​បង​ប្អូន​នឹង​គ្នា​​

(រូបតំណាង)

 

អ្វី​ដែល​សំខាន់​ បើ​ជា​អ្នក​ផ្សេង​ហៅ​ខ្ញុំ​មិន​សូវ​ខឹង​ទេ តែ​ហេតុអ្វី​ក៏​ជា​បង​ប្រុស​ស្រី​ខ្ញុំ​ទៅ​វិញ? ព្រោះ​ពួក​គាត់​គឺ​ជា​អ្នក​ដែល​ដឹង​រឿង​រ៉ាវ​របស់​ខ្ញុំ ហើយ​​គួរ​តែ​យល់​ថា​ ពាក្យ​សម្ដី​នោះ​វា​ប៉ះ​ពាល់​ដល់​អារម្មណ៍​ខ្ញុំ​ប៉ុនណា!

 

តាំង​ពី​ពេល​នោះ​មក​ បងៗ​​ខ្ញុំ​ចាប់​ផ្ដើម​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី​ជាមួយ​ខ្ញុំ។ តែ​ចំពោះ​អ្នក​ផ្សេង​ដែល​មិន​ដឹង​រឿង​​ គេ​គិត​ថា​ខ្ញុំ​ឈ្លើយ​ទៅ​វិញ។ មាន​ពេល​មួយ​ មាន​អ៊ំ​ម្នាក់​មក​លេង​ផ្ទះ​ខ្ញុំ​ ខ្ញុំ​លើក​ដៃ​ជម្រាប​សួរ​គាត់​! គាត់​មើល​មក​ខ្ញុំ​ដោយ​និយាយ​ថា​ ហេតុអ្វី​ក៏​ខ្ញុំ​មិន​ព្រម​សំពះ​គាត់​ឱ្យ​បាន​សមគួរ​ទៅ? ពេល​នោះ​ខ្ញុំ​មិន​បាន​តប​អី​ទេ ខ្ញុំ​គិត​តែ​យំ​​ប៉ុណ្ណោះ។

 

ឯ​កាល​នៅ​រៀន​បឋម​វិញ​ ខួរ​ក្បាល​ខ្ញុំ​ចាប់​ផ្ដើម​ចុះ​អន់​ខ្សោយ​ ចាំ​អ្វី​មិន​សូវ​បាន​ មិន​សូវ​រហ័សរហួន ហើយ​ត្រូវ​បាន​អ្នក​គ្រូ​វ៉ៃ​ជា​ញឹក​ញាប់​។ ថ្ងៃ​មួយ​ពេល​អ្នក​គ្រូ​ឱ្យ​លា​ដៃ​វ៉ៃ​ គាត់​បាន​ឃើញ​ម្រាម​ដៃ​អង្កត់​នោះ​ ហើយ​គាត់​សួរ​មក​ខ្ញុំ​ថា​«ដៃ​កើត​អីខ្ញុំ​ធ្វើ​អ្វី​មិន​បាន​ក្រៅ​ពី​យំ​នោះ​ទេ ព្រោះ​ការ​បាត់​បង់​ម្រាម​ដៃ​វា​លង​ខ្ញុំ​តាំង​ពី​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ។

 

មក​ទល់​ពេល​នេះ​ ខ្ញុំ​នៅ​តែ​មាន​សម្ពាធ​តិច​តួច​បើ​សិន​អ្នក​ណា​ហៅ​ខ្ញុំ​បែប​នោះ ​តែ​ចំពោះ​បង​ប្រុស​ស្រី​របស់​ខ្ញុំ​ គាត់​លែង​ហ៊ាន​ហៅ​ខ្ញុំ​ដូច​កាល​នៅ​តូច​ទៀត​ហើយ ហើយ​បង​ប្អូន​យើង​ មាន​តែ​គោរព​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក៕

 

ស្រឡាញ់​គេ​ស្ទើរ​លេប​ ចុង​ក្រោយ​គេ​ប្រាប់​ហេតុ​ផល​ក្អួត​ឈាម

អត្ថបទ៖ ប្រិយមិត្ត​ Sabay

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា