រញ្ជួយ​ដី​នៅ​កូរ៉េ​ខាង​ជើង​ព្រឹក​នេះ សង្ស័យ​មក​ពី​ការ​ធ្វើ​តេស្ត​គ្រាប់​បែក​នុយក្លេអ៊ែរ

កូរ៉េ​ខាង​ជើង ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ធ្វើ​តេស្ត​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ លើក​ទី​៥ របស់​ខ្លួន បន្ទាប់​ពី​ការ​រញ្ជួយ​ដី កម្រិត ៥,៣ វ៉ិចទ័រ ត្រូវ​បាន​រក​ឃើញ នៅ​ក្បែរ​កន្លែង​ធ្វើ​តេស្ត​របស់​ប្រទេស​នេះ។

 

រញ្ជួយ​ដី​នៅ​កូរ៉េ​ខាង​ជើង​ព្រឹក​នេះ សង្ស័យ​មក​ពី​ការ​ធ្វើ​តេស្ត​គ្រាប់​បែក​នុយក្លេអ៊ែរ

 

ទីភ្នាក់ងារ​សារព័ត៌មាន Yunhap របស់​កូរ៉េ​ខាងត្បូង បាន​និយាយ​ថា វា​គឺ​ជា «ការ​រញ្ជួយ​ដី​សិប្បនិម្មិត»។ ទីភ្នាក់ងារ​ដដែល​នេះ​បាន​ដក​ស្រង់​ប្រភព​ពី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ដែល​មិន​បញ្ចេញ​ឈ្មោះ​ថា «ការ​រញ្ជួយ​ដី​នេះ​គឺ​ទំនង​កើត​ឡើង​ដោយ​សារ ការ​ធ្វើ​តេស្តនុយ​ក្លេអ៊ែរ»។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី កូរ៉េ​ខាង​ជើង នៅ​ឡើយ​ទេ ថា​ពិត​ជា​មាន​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ មែន ឬ​ក៏​អត់។

 

បើ​ទោះ​ជា​គ្មាន​ការ​បញ្ជាក់ ប៉ុន្តែ​រូបភាព​ដែល​ថត​ចេញ​ពី​ផ្កាយរណប និង​ការ​ស៊ើបការណ៍​សម្ងាត់ បាន​បង្ហាញ​ថា ពិត​ជា​មាន​សកម្មភាព​កើត​ឡើង នៅ​ឯ​កន្លែង​ធ្វើ​តេស្ត «Punggye-ri» ពិត​មែន ហើយ​ចង្អុល​បង្ហាញ​ថា ការ​ធ្វើ​តេស្ត​សាកល្បង​នុយក្លេអ៊ែរ លើក​ទី​៥ ពិត​ជា​មាន​មែន។ ជា​មួយ​គ្នា​នេះ​ដែរ ទីភ្នាក់ងារ​រដ្ឋាភិបាល US Geological Survey ដែល​តាម​ដាន​សកម្មភាព​រញ្ជួយដី​នៅ​ទូទាំង​ពិភពលោក បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ការ​រញ្ជួយដី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​ធ្វើ​តេស្ត​ខាង​លើ និង​បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្ទុះ​មួយ។ យ៉ាង​ណា​ក៏​ដោយ ទីភ្នាក់ងារ​រដ្ឋាភិបាល​មួយ​នេះ មិន​អាច​កំណត់​ប្រភេទ​នៃ​ការ​ផ្ទុះ ថា​ជា​នុយក្លេអ៊ែរ ឬ​អ្វី​ផ្សេង​បាន​ឡើយ។

 

គួរ​បញ្ជាក់​ថា កូរ៉េ​ខាងជើង ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ដាក់​ទណ្ឌកម្ម និង​ហាម​ឃាត់ មិន​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ឬ​មីស៊ីល​ឡើយ។ ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កូរ៉េ​ខាងជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បង​មីស៊ីល ជា​បន្ត​បន្ទាប់ ហើយ​ថែម​ទាំង​គំរាម​កំហែង​ថា​នឹង​ប្រើ​នុយក្លេអ៊ែរ​វាយ​ប្រហារ ទៅ​លើ​សត្រូវ​របស់​ខ្លួន​ទៀត​ផង។

 

គួរ​ឲ្យ​ដឹង​ដែរ​ថា ថ្ងៃ​សុក្រ គឺ​ជា​ទិវា​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាងជើង ដែល​អបអរ​ការ​ចាប់​ផ្តើម​នៃ​របប​ដឹកនាំ​នៃ​ប្រទេស​មួយ​នេះ។ កូរ៉េ​ខាងជើង តែង​តែ​យក​ព្រឹត្តិការណ៍​បែប​នេះ ឬ​ស្រដៀង​គ្នា ដើម្បី​បង្ហាញ​ពី​កម្លាំង​យោធា​របស់​ខ្លួន។

 

គួរ​រំលឹក​ថា ការ​ធ្វើ​តេស្តនុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ចុង​ក្រោយ គឺ​បាន​កើត​ឡើង​នៅ​ក្នុង​ខែ​មករា ហើយ​ត្រូវ​បាន​គេ​អះអាង​ថា ជា​គ្រាប់​បែក​អ៊ីដ្រូសែន ប៉ុន្តែ​ការ​អះអាង​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឡើយ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC