រចនា៖ Facebook ផ្ដល់​ប្រយោជន៍​ច្រើន​ពី​អាហារូបករណ៍ បើ​ប្រើ​ត្រូវ

ចេះ​ប្រើ​ហ្វេសប៊ុក​ឲ្យ​មាន​ប្រយោជន៍​និង​ត្រឹមត្រូវ​តាម​កាលៈទេសៈ ឱកាស​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស នឹង​មាន​កាន់​តែ​ច្រើន​សម្រាប់​និស្សិត។

 

រចនា៖ Facebook ផ្ដល់​ប្រយោជន៍​ច្រើន​ពី​អាហារូបករណ៍ បើ​ប្រើ​ត្រូវ

ង៉ែត រចនា (រូប​ផ្តល់​ឲ្យ​ដោយ​សាមី​ខ្លួន)

 

ង៉ែត រចនា យុវតី​ជំនាញ IT សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក Social Informatic នៅ​ប្រទេស​ជប៉ុន លើក​ឡើង​ថា ហ្វេសប៊ុក ជា​បណ្ដាញ​ផ្ដល់​ព័ត៌មាន​លឿន​និង​ផ្តល់​ភាព​ងាយ​ស្រួល ដូច្នេះ​និស្សិត​អាច​ទទួល​ព័ត៌មាន​អាហារូបករណ៍​បាន​ទាន់​ពេល​វេលា។ លើស​ពី​នេះ ពួកគេ​ក៏​អាច​បង្កើត​បណ្ដាញ​យ៉ាង​ច្រើន ដើម្បី​សាកសួរ​បទ​ពិសោធន៍​ប្រឡង​អាហារូបករណ៍​ទៅ​បរទេស​ពី​រៀម​ច្បង​មុនៗ តាម​បណ្ដាញ​សង្គម​នេះ។

 

រចនា ថា​ការ​សាកសួរ​និង​សុំ​យោបល់​ពី​គេ​រឿង​អាហារូបករណ៍​តាម​ហ្វេសប៊ុក ក៏​ត្រូវ​មាន​វិធីសាស្ត្រ​ត្រឹមត្រូវ​ដែរ។ នៅ​ពេល​សួរ​នាំ​រៀម​ច្បង​ណា​ម្នាក់​តាម​ហ្វេសប៊ុក ដំបូង​គួរ​ផ្ញើ​សា​ណែនាំ​ខ្លួន​និង​គោល​បំណង​ផ្ទាល់​ទៅ​កាន់​គេ។

 

រចនា៖ Facebook ផ្ដល់​ប្រយោជន៍​ច្រើន​ពី​អាហារូបករណ៍ បើ​ប្រើ​ត្រូវ

 

មុន​នឹង​សួរ​គេ ខ្លួន​ឯង​ត្រូវ​មាន​គោល​បំណង​ច្បាស់​លាស់​ហើយ​ត្រូវ​ប្រាកដ​ថា​ពិត​ជា​ចង់​បាន​អាហារូបករណ៍ នោះ​ទើប​មិន​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង ចំណាយ​ពេល​អត់​ប្រយោជន៍។

 

ទាក់ទង​នឹង​ការ​សួរនាំ និស្សិត​ស្រី​ឆ្នើម​រៀន​ថ្នាក់​អនុបណ្ឌិត​នៅ​ជប៉ុន​រូប​នេះ​ថា “បើ​យើង​ច្បាស់លាស់​និង​ពិត​ជា​តស៊ូ​រឿង​អាហារូបករណ៍​មែន នោះ​នឹង​បាន​ផល​មក​វិញ​តាម​រយៈ​ការ​ផ្ដល់​ដំបូន្មាន​និង​គន្លឹះ​ល្អៗ​ពី​រៀម​ច្បង តែ​បើ​គ្រាន់​តែ​សួរ​ចោល​ទេ អ្នក​ឆ្លើយ​ក៏​ប្រហែល​ឆ្លើយ​ចោល​ដែរ។ រៀម​ច្បង ពួកគាត់​មិន​ដែល​ចិត្ត​អាក្រក់​ទេ ឲ្យ​តែ​យើង​ដាក់​ចិត្ត​ថា​ចង់​អាហារូបករណ៍​មែន នោះ​ពួកគាត់​នឹង​ជួយ​អស់​លទ្ធភាព”។

 

រចនា​ថា អ្នក​ធ្លាប់​ជាប់​អាហារូបករណ៍​មុនៗ អាច​ប្រាប់​បាន​នូវ​អ្វី​គួរ​និង​មិន​គួរ​ធ្វើ គន្លឹះ​ស៊ី​ជម្រៅ និង​របៀបរបប​ត្រៀម​ខ្លួន​និង​ឯកសារ​នានា​សម្រាប់​ប្រកួត​យក​អាហារូបករណ៍ តែ​មិន​មែន​ឲ្យ​ពួកគាត់​មក​ធ្វើ​អ្វី​មួយ ដូចជា​ការ​សរសេរ​សំណេរ​ជួស​សាមី​ខ្លួន​ទេ។ ធ្វើ​បែប​នេះ រចនា​ថា មិន​មែន​ជា​ជោគជ័យ​របស់​បុគ្គល​ខ្លួន​ឯង​ទេ ហើយ​ក៏​គ្មាន​តម្លៃ​ដែរ​ទោះ​បី​ជាប់​អាហារូបករណ៍​ក៏​ដោយ ព្រោះ​វា​មិន​មែន​ជា​សមិទ្ធផល​ផ្ទាល់​ខ្លួន។ សាមី​ខ្លួន​ដែល​ចង់​បាន​អាហារូបករណ៍​ត្រូវ​ប្រឹង​អស់​លទ្ធភាព​តាម​តែ​ខ្លួន​ឯង​អាច​ធ្វើ​ទៅ​បាន។

 

“ការ​ប្រឹង​អស់​លទ្ធភាព​ទោះ​ជាប់​ឬ​ធ្លាក់​អាហារូបករណ៍ ក៏​ជា​បទ​ពិសោធន៍​ល្អ​ទុក​រៀន​សូត្រ​សម្រាប់​ការ​ប្រឡង​លើក​ក្រោយៗ​ទៀត”។ រចនា បញ្ជាក់៕

 

អត្ថបទ៖ ប៉ែត ផាន់និត