មេធាវី ខៀវ សំផន ថា​ការ​យក​សក្ខីកម្ម​សាក្សី​ពី​សំណុំរឿង​ផ្សេង​ជា​ការ​​ប៉ះពាល់​សិទ្ធិ​ជនជាប់ចោទ

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា បន្ត​សវនាការ​ស្ដាប់​ការ​ឆ្លើយឆ្លង​របស់​ភាគី​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ចំពោះ​ឯកសារ​គន្លឹះ​ជា​ភស្តុតាង​ថ្មី ដែល​ភាគី​សហ​ព្រះរាជអាជ្ញា​ដាក់​ជូន​អង្គ​ជំនុំជម្រះ។ ឯកសារ​នេះ ទាក់ទង​នឹង​អង្គហេតុ​រៀបការ​ដោយ​បង្ខំ និង​តួនាទី​របស់​ជនជាប់ចោទ។

មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន បាន​ឆ្លើយ​តប​ទៅ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា ការ​ស្រង់​យក​សក្ខីកម្ម​របស់​សាក្សី​ពី​សំណុំរឿង​ផ្សេង​មក​ដាក់​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ដែល​កំពុង​ធ្វើ​សវនាការ​ពេល​នេះ ជា​ការ​ប៉ះពាល់​សិទ្ធិ​ជនជាប់ចោទ។

មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) លើក​ហេតុផល​ថា ការ​ស្រង់​យក​តែ​សក្ខីកម្ម​របស់​សាក្សី​ពី​អត្ថបទ​អ្នក​និពន្ធ​ប្រវត្តិសាស្ត្រ និង​សំណុំរឿង​ផ្សេង​មក​ធ្វើ​សវនាការ មិន​អាច​ឱ្យ​ភាគី​អ្នកស្រី​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បាន​ទេ៖ «ក្នុង​សៀវភៅ អេលីហ្សាប៊ែត បេកឃើរ (Elizabeth Becker) ដែល​បាន​ដកស្រង់​ជា​ច្រើន​ដង​នោះ គឺ​មាន​ការ​អះអាង​មួយ​ចំនួន​ផ្អែក​តែ​លើ​ការ​សម្ភាស​តែ​ប៉ុណ្ណោះ។ នេះ​ជា​ជម្រើស​របស់​អ្នក​និពន្ធ ហើយ​ជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ទទួល​យក​ព័ត៌មាន​ទាំង​អស់​នេះ។ ក៏​ប៉ុន្តែ​នៅ​ចំពោះ​មុខ​តុលាការ យើង​មិន​អាច​ធ្វើ​ដូច​អ្នក​និពន្ធ​ទាំង​អស់​ហ្នឹង​បាន​ទេ គឺ​យើង​ត្រូវ​តែ​សួរ​ដេញដោល​ផ្ទុញ​គ្នា ហើយ​ត្រូវ​តែ​តតាំង​ភស្តុតាង​ទាំង​អស់ ដើម្បី​ឱ្យ​យើង​ទាញ​សេចក្ដី​សន្និដ្ឋាន​ជា​ទូទៅ​មួយ​បាន»

បន្ថែម​លើ​ឯកសារ​គន្លឹះ​ស្ដីពី​ការ​រៀបការ​ដោយ​បង្ខំ ភាគី​សហ​ព្រះរាជអាជ្ញា​ក៏​បាន​ស្នើ​សុំ​អង្គ​ជំនុំជម្រះ​ឱ្យ​កោះហៅ​ដើម​បណ្ដឹង​មួយ​រូប​ទៀត នៅ​ក្នុង​អង្គហេតុ​ស្ដីពី​តួនាទី​របស់​ជនជាប់ចោទ។ ទន្ទឹម​គ្នា​នេះ ក៏​សុំ​ឱ្យ​អង្គ​ជំនុំជម្រះ​ទទួល​យក​ឯកសារ​មួយ​ទាក់ទង​នឹង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ។

មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោក ពេជ អង្គ គាំទ្រ​សំណើសុំ​នេះ ហើយ​បញ្ជាក់​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង ០០២ វគ្គ ២៖ «ការ​កោះ​អញ្ជើញ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មក​ផ្ដល់​សក្ខីកម្ម​នេះ ខាង​មេធាវី​នាំ​មុខ​បាន​ពិនិត្យ​ឃើញ​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ​មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ជនជាប់ចោទ។ ដូច្នេះ មេធាវី​នាំ​មុខ​មិន​មាន​អ្វី​ដែល​ជំទាស់​ទៅ​នឹង​ការ​ស្នើសុំ​កោះ​អញ្ជើញ​ដើម​បណ្ដឹង​រូប​នេះ ដើម្បី​ឱ្យ​មក​ផ្ដល់​សក្ខីកម្ម​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​នេះ​ទេ»

ដោយ​ឡែក​ភាគី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា ក៏​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើសុំ​របស់​សហ​ព្រះរាជអាជ្ញា​ដែរ។ រី​ឯ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ ចាត់​ទុក​សំណើសុំ​របស់​សហ​ព្រះរាជអាជ្ញា​នេះ​ថា យឺត​ពេល ព្រោះ​ដើម​បណ្ដឹង​រូប​នេះ​មាន​នៅ​ក្នុង​បញ្ជី​សាក្សី និង​ដើម​បណ្ដឹង​យូរ​ហើយ ហើយ​សហ​ព្រះរាជអាជ្ញា​ទើប​តែ​មក​ស្នើសុំ​នៅ​ប៉ុន្មាន​សប្ដាហ៍​មុន​នឹង​ពិភាក្សា​លើ​អង្គហេតុ​តួនាទី​ជន​ជាប់​ចោទ។

អ្នកស្រី អង់តា ហ្គីហ្សេ សុំ​ឱ្យ​ច្រាន​ចោល​សំណើ​នេះ ហើយ​ថ្លែង​ថា ធ្វើ​ឱ្យ​ភាគី​អ្នក​ស្រី​ពិបាក​ត្រៀម​ខ្លួន​ការពារ​កូន​ក្ដី៖ «ការ​ជំនុំជម្រះ​ក្ដី​ហ្នឹង គឺ​ជិត​ចប់​ទៅ​ហើយ ឯកសារ​ចេះ​តែ​បញ្ចូល​មក​បន្តបន្ទាប់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ អ៊ីចឹង​យើង​វា​មាន​ការ​លំបាក​ដែរ ក្នុង​ការ​រៀបចំ​ខ្លួន»

ភាគី​សហ​ព្រះរាជអាជ្ញា លោក វីនសិន ដឺ វ៉ាល់ (Vincent de Wilde) ថ្លែង​បញ្ជាក់​ហេតុផល​ថា ការ​មិន​កោះហៅ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ​មក​ផ្ដល់​សក្ខីកម្ម នឹង​មាន​បញ្ហា ព្រោះ​ដើម​បណ្ដឹង​រូប​នេះ​ជា​អ្នក​ដែល​បាន​និយាយ​អំពី​តួនាទី និង​ឥរិយាបថ​របស់​ជនជាប់ចោទ ខៀវ សំផន៖ «មាន​សន្ទរកថា​របស់ ខៀវ សំផន ដែល​និយាយ​ទៅ​កាន់​អ្នក​ដែល​គេ​ជម្លៀស​ពី​ភូមិភាគ​បូព៌ា​ទៅ​បស្ចិម ពេល​ដែល​គាត់​មក​ដល់​ភ្នំពេញ​នោះ ដើម​បណ្ដឹង​រូប​ហ្នឹង​គាត់​និយាយ​ថា ខៀវ សំផន និយាយ​ដូច​តទៅ​នេះ "ក្នុង​គោល​នយោបាយ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ត្រូវ​ស្មោះត្រង់​ជាមួយ​បក្ស។ ប្រសិន​បើ​នរណា​មួយ​ក្បត់​បក្ស អ្នក​នោះ​គឺ​ត្រូវ​សម្លាប់​ចោល គឺ​ដូច​គ្នា​នឹង​ការ​ទុក​ក៏​មិន​ចំណេញ ដក់​ចេញ​ក៏​មិន​ខាត"។ អ៊ីចឹង​ចំណុច​នេះ វា​សំខាន់​ណាស់ ដោយសារ​តែ​វា​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក ខៀវ សំផន»

សវនាការ​របស់​សាលាដំបូង​នៅ​ថ្ងៃ​ទី​៨ កញ្ញា ក៏​ពិភាក្សា​គ្នា​អំពី​ការ​កោះហៅ​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មីៗ បន្ថែម​ទៀត ទាក់ទង​នឹង​ការ​រៀបការ​ដោយ​បង្ខំ ការ​រំលោភ​សេពសន្ថវៈ។ ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន ថ្លែង​សោកស្ដាយ ដែល​អង្គ​ជំនុំជម្រះ​ចង់​កោះហៅ​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បន្ថែម​ទៀត ទាក់ទង​នឹង​ការ​រៀបការ។ ភាគី​ការពារ​ក្ដី​ចង់​បាន​ពេល​វេលា​បន្ថែម​ទៀត​សម្រាប់​ត្រៀម​ខ្លួន។ អង្គ​ជំនុំជម្រះ​នៅ​មិន​ទាន់​សម្រេច​លើ​បញ្ហា​នេះ​ទេ។

អង្គ​ជំនុំជម្រះ​សាលាដំបូង នឹង​បន្ត​សវនាការ​នេះ នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែ​កញ្ញា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។