បច្ចុប្បន្នមានភេរវករជាង៥,០០០នាក់កំពុងរស់នៅអឺរ៉ុប

មានចំនួនជាង៥ពាន់នាក់នៃសកម្មប្រយុទ្ធអ៊ីស្លាម​ ឬ ISIS​ ត្រូវបានសន្និដ្ឋានថាកំពុងមានវត្តមានលើទឹកដីនៃសហគមន៍អឺរ៉ុបសព្វថ្ងៃនេះ​ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយស្ថានីយទូរទស្សន៍​ Press TV ​ដែលបានដកស្រង់ចេញពីកិច្ចពិភាក្សាក្នុងសន្និបាតស្ដីពីគោល​នយោបាយសន្តិសុខអឺរ៉ុប ​ដែលប្រព្រឹត្តទៅក្នុងប្រទេស ​Belgium និង Brussels ​កាលពីថ្ងៃពុធកន្លងទៅនេះ ។​
អ្នកជំនាញបានប្រជុំគ្នា ​និងបានពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយបន្ទាន់ដើម្បីឆ្លើយតបទៅនឹងវត្តមានរបស់ក្រុមភេរវករនៅ​លើទឹកដីអឺរ៉ុបអស់ទាំងនេះ ។ ​ក្រុមអ្នកវិភាគអឺរ៉ុបក៏បានរិះគន់ចំៗដែរទៅនឹងការអនុវត្តគោលនយោបាយអឺរ៉ុបនារយៈពេលកន្លងមកនេះ​ ដែលបានបណ្ដែតបណ្ដោយឱ្យ​ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអាចជ្រៀតជ្រែកចូលមកប្រទេសជាសមាជិកទាំង២៨ក្នុងតំបន់អឺរ៉ុបបានយ៉ាងងាយស្រួលតាមរយៈការ​បន្លំខ្លួនជាជនភៀសខ្លួនស៊ីរី ​នេះក៏ព្រោះតែយើងទាំងអស់គ្នាខ្វះយុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយពត៌មានឱ្យបានទូលំទូលាយ ខ្វះសាមគ្គីភាពក្នុងការអនុវត្តគោលនយោបាយ​ និងក៏ព្រោះ ​តែវិបត្តិនយោបាយផ្ទៃក្នុងនៃប្រទេសជាសមាជិកនារយៈពេលកន្លងមកនេះ ។​
សូមជម្រាបជូនថា​ ដោយសារតែវិបត្តដ៏រ៉ាំរ៉ៃនៃសង្គ្រាមស៊ីវិលដែលគាំទ្រដោយប្រទេសមហាអំណាចមានអាមេរិក​ និងរុស្ស៊ី បានធ្វើឱ្យប្រទេសស៊ីរីធ្លាក់ក្នុងរណ្ដៅនៃសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ​ ប្រជាជនស៊ីរីរាប់សិបម៉ឺននាក់ត្រូវបានស្លាប់បាត់បង់ជីវិត​ រាប់លាននាក់រងរបួស និងភៀស​ខ្លួនទៅកាន់ទ្វីប​អឺរ៉ុបដើម្បីស្វែងរកជីវភាពថ្មីពីភ្លើងមច្ចុរាជក្នុងមាតុភូមិរបស់ខ្លួន ។​ ក្នុងនោះមានជាង២៥០,០០០នាក់កំពុងរងចាំការឆ្លើយតបពីអឺរ៉ុប,​ ជាង៣លាននាក់ទៀតកំពុងជ្រកកោនក្នុងជំរំភៀសខ្លួនលើទឹកដីនៃប្រទេសទួរគី ​លីបង់ និងជ័រឌែន ​នេះបើយោងតាមមន្រ្តីបេសកកម្មអឺរ៉ុប ។ ​នៅអឺរ៉ុប ​ប្រទេសប៊ែលជីម​ និងប៊្រុយស្សែល​ គឺជាដែនដីនៃទីស្នាក់ការធំរបស់ស្ថាប័នសហគមន៍អឺរ៉ុប​ និងអង្គការណាតូ ហើយទីនោះក៏ជាតំបន់នៃការប្រមូលផ្ដុំទៅដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមសញ្ជាតិអឺរ៉ុបផងដែរ ៕

ដោយ៖ ឈូកស
ប្រភព៖ presstv