មុខមេឆ្នោតនៅតែញញឹម ទោះចាប់ខ្លួនក៏ដោយ …

ខេត្តប៉ៃលិន ៖ សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​ធ្វើការ​ឃាត់​ខ្លួ​ន បុរសជា​មេ​ឆ្នោត​ដុះ​ស្លែ​ម្នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​​បន្ត​ទៅ​ស្នងការ​នគរបាល​ខេត្ត បន្ទាប់ពី​ធ្វើឱ្យ​មាន​ករណី​ឈ្លោះទាស់ទែង និង​ហិង្សា​ក្នុង គ្រួសារ​​ ដោយសារតែល្បែងឆ្នោតនេះ ។ តែទោះបីជាមានការចាប់ខ្លួនក៏ដោយយ គេឃើញបុរសរូូបនេះ ហាក់ដូចជាគ្មាន​ការ​បារម្ភ​​អ្វីសោះ ដោយមានទឹកមុខញញឹម​ស្រស់ស្រាយទៀត ។

​ហេតុការណ៍នេះ ​​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០៨ ​កញ្ញា ​២០១៦ ស្ថិត​នៅ​ក្នុងផ្ទះ​ក្បែរផ្សារ​ព្រំ​​ក្រោម ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ មេ​ឆ្នោត​ដុះ​ស្លែខាងលើ ​ឈ្មោះ​ហ៊ី វណ្ណ​ឌី ​អាយុ​៣៥​​ឆ្នាំ មានទីលំនៅ​​​ក្នុងភូមិ​​ ដោយ​​​ធ្វើ​ជា​មេ​ឆ្នោត​ជា​យូរ​មក​​ហើយ ។ ​

​លោក​រី ដា​រ៉ា អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅក៏​បានឱ្យ​ដឹងទៀត​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា បុរស​ម្នាក់​បាន​កត់​កន្ទុយលេខ​ឆ្នោត​ជា​យូរ​មក​ហើយ ទើប​​លោក​ដឹកនាំ​កម្លាំង​ចំនួន​៦​នាក់​ទៅ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។ លោក​បន្ត​ថា បុរស​ខាងលើ ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​​​មក​ហើយ ​ឱ្យ​បញ្ឈប់​​​ព្រោះវា​​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​សង្គម បង្ក​ទៅ​ជា​អំពើ​ហិង្សា​​ច្រើន​ ហើយ​ថែម​ទៀត​ក្លាយទៅជា​ចោរលួច​ប្លន់​ កាប់ សម្លាប់​ថែម​ទៀត​ផង ។ ​

​គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៩ ​កញ្ញា​នេះ ​​មេ​ឆ្នោត​រូបនេះ បាន​បញ្ជូន​បន្តទៅស្នងការ​នគ​របាល​ខេត្ត ដើម្បី​កសាង​​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​​ខេត្ត​ប៉ៃលិន ។

​គួរ​បញ្ជាក់​ថា ល្បែង​កន្ទុយលេខ​ឆ្នោត​ កំពុង​ពេញ​និយម​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​ កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ មាន​មេ​ឆ្នោត​ចំនួន​២​នាក់​នៅ​ក្រុងប៉ៃលិន បាន​ចាញ់ឆ្នោត​ដោយ​ម្នាក់​ចាញ់ឆ្នោត​អស់​៥​ពាន់​ដុល្លារ និង​ម្នាក់​ទៀត​ចាញ់​អស់​ជាង​២​ម៉ឺន​ដុល្លារ រហូត​ដល់​ប្រកាស​លក់​ដី លក់​ផ្ទះ ​សង​ជំពាក់​បំណុល​គេ​ថែម​ទៀត​ផង ។

​ចំណែក​​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​តែ​ចាត់ការ​បំបាត់​ការ​​ល្បែង​កន្ទុយលេខ​ឆ្នោត ក៏​ដូច​ជា​ល្បែង​ផ្សេង​ៗ​ទៀត​​ផង​ដែរ ព្រោះ​អី​គេ​សង្កេត​ឃើញ​មន្ត្រីរាជការ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​លេងល្បែង​ដែរ ។ ​